ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ចំណូល​ថ្មី​ទី​៥ របស់​អង្គ​រថា​យ​ហ្គឺ​រ តាំងចិត្ត​ខ្ពស់​ក្រោយ​ចុះកិច្ចសន្យា​រយៈពេល​វែង

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​បង្ហាញ​សមាជិក​ក្រុម​ថ្មីៗ​របស់ខ្លួន​ម្នាក់​ទៀតហើយ​ដែលជា​បេក្ខភាព​ទី​៥ នោះ​គឺ​កីឡាករ​វ័យ​១៧​ឆ្នាំ ចាន់ ហួង មកពី​ខេត្តបន្ទាយមានជ័យ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​នៅពេល​ឆាប់ៗ​នេះ​។

កីឡាករ​កម្ពស់​១,៦៤ រូប​នេះ​បាន​ដុះ​ចេញពី​ក្រុម U13 ខេត្តបន្ទាយមានជ័យ នៅ​ឆ្នាំ​២០១៥-២០១៦ ខណៈ​នៅ​២០១៦-២០១៧ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​បាទី ខេត្តតាកែវ​។ នៅ​ឆ្នាំ​២០១៧-២០១៨ កីឡាករ​រូបនេះ​បាន​ជាប់​ឈ្មោះ​នៅក្នុង​ក្រុម​ជម្រើស​ខេត្តបន្ទាយមានជ័យ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប មួយ​នេះ​បាន​បញ្ជាក់​ថា ​ក្លិប​បាន​ចុះ​កិច្ចសន្យា​រយៈពេល​វែង​មួយ​ជាមួយ​រូបគេ​។ កីឡាករ​រូប​នេះ​ទទួលស្គាល់​ថា រូបគេ​នៅ​ក្មេង ប៉ុន្តែ​គេ​បាន​សន្យា​ប្រាប់​អ្នកគាំទ្រ​ថា​នឹង​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ជ្រោមជ្រែង​ក្រុម​។

ខ្សែបម្រើ​កណ្ដាល ចាន់ ហួង ជា​សមាជិក​ថ្មី​ទី​៥​ហើយ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខ​បន្ទាប់​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​ជើង​៣​នាក់​កាល​ពី​ពេល​ថ្មីៗ ដូចជា ឡុង ភា​រ៉ាត់​, ឈឿន ពិសិដ្ឋ​, យី ប៊ុនហេង និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Timothy Okereke​។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ​ក្លិប​បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​បន្ថែម​ជាមួយ​កីឡាករ​ចាស់​៣​នាក់​ផ្សេងទៀត​រួមមាន​កីឡាករ តាំង ពិសី កីឡាករ​Joichiro Sugiyama កីឡាករ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ និង​អ្នកចាំទី​ហែម ស៊ី​ម៉ៃ បន្ត​កុងត្រា​រយៈពេល ០១​រដូវ​កាល​បន្ថែមទៀត​។

ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​២ទល់០៕