បុរស​ម្នាក់ស្លាប់​បន្ទាប់​ពី​លេប​ថ្នាំមួយ​ប្រភេទ​ដែលជឿថាអាច​ការពារពី​វីរុស Covid-19

បុរស​មក​ពីរដ្ឋ Arizona ម្នាក់​ បាន​ស្លាប់​ ហើយ​ភរិយា​របស់​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​ពួកគេ​បាន​លេប​ថ្នាំ chloroquine ​phosphate ដែល​ជា​ផលិតផល​សំអាត​អាង​ចិញ្ចឹម​ត្រី​ ស្រដៀង​នឹង​ថ្នាំ​ដែល​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក Trump ចាត់​ទុក​ជា​ការ​ព្យាបាល​ដែល​អាច​កើត​មាន​ចំពោះ​ការ​ឆ្លង​មេរោគ។

យោង​តាម​មន្ទីរពេទ្យសុខភាព Banner នៅ​ទីក្រុង Phoenix បានបញ្ជាក់ថា ប្ដី​ប្រពន្ធ​នេះ​មាន​អាយុ ៦០ ឆ្នាំ​ បានជួប​ប្រទះ​នូវ​ការ​ថប់ដង្ហើម​ភ្លាមៗ ​បន្ទាប់​ពី​លេប​ថ្នាំ​​ ដែល​ត្រូវ​បាន​ប្រើ​នៅ​អាង​ចិញ្ចឹម​ត្រី​ដើម្បី​សម្អាត​ធុង​ត្រី។

គួរ​បញ្ជាក់​ថា Chloroquine phosphate  មាន​គ្រឿងផ្សំ​សកម្ម​ដូចគ្នា​នឹង​ថ្នាំ​នៃ​ជំងឺគ្រុនចាញ់​ ដែល​លោក​ប្រធានាធិបតី Trump បាន​ផ្សព្វផ្សាយ​ថា ​វា​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង Covid-19។

កាល​ពី​ថ្ងៃសៅរ៍ ២១ មីនា​លោក Trump បាន​សរសេរ​រៀបរាប់​អំពី​ការ​បញ្ចូល​គ្នា​នៃ​ hydroxychloroquine ​និង​ azithromycin​ដោយ​និយាយ​ថា ​វា​ពិតជា “ ឱកាស​ពិត​ប្រាកដ​ក្នុង​ការ​ក្លាយ​ជា​អ្នក​ផ្លាស់ប្ដូរ​ហ្គេម ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ” ។

វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក​ជំនាញ​ជំងឺ​ឆ្លង​កំពូល​របស់​ប្រទេស​នេះ​បាន​និយាយ​ថា​ ការ​ព្យាបាល​ត្រូវ​តែ​បាន​សាកល្បង​ ដើម្បី​ធានា​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វា។

ប្រព័ន្ធ​សុខាភិបាលនៃមន្ទីរពេទ្យសុខភាព Banner បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា “ ថ្នាំ Chloroquine ដែល​ជា​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ ​មិន​គួរ​ទទួល​ទាន​ដើម្បី​ព្យាបាល​ឬ​ការពារ​វីរុស​នេះ​ទេ” ។

គួរ​រំលឹក​ថា​វីរុស Covid-19 បាន​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ខែ​ធ្នូ​ នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ ហើយ​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក។ បច្ចុប្បន្ន​នេះ​មិន​មាន​ការ​ចាក់​វ៉ាក់សាំង ​ឬ​ការ​ព្យាបាល​ណា​ដែល​ត្រូវ​បាន​អនុម័ត​សម្រាប់​ជំងឺ​នេះ​ទេ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​លើ​ការ​ព្យាបាល​ដែល​មាន​ស្រាប់ ​និង​ធ្វើការ​លើ​ការ​ពិសោធន៍។ ​នៅ​ពេលនេះ​ អ្នក​ជំងឺ​ភាគច្រើន​អាច​ធ្វើ​បាន​ គឺ​ត្រឹមទទួល​ការ​ថែទាំ​តែ​ប៉ុណ្ណោះ។

លោក​បណ្ឌិត Daniel Brooks ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ដីពី​ថ្នាំ​ពុល​និង​គ្រឿងញៀន ​មាន​ប្រសាសន៍​ថា ” ដោយ​សារ​ភាព​មិន​ប្រាកដប្រជា​ជុំវិញ Covid-19 យើង​យល់​ថា​ប្រជាជន​កំពុង​ព្យាយាម​រក​វិធី​ថ្មី​ៗ​ដើម្បី​ការពារ​ ឬ​ព្យាបាល​វីរុស​នេះ ​ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​ដោយ​ខ្លួនឯង​ មិន​មែន​ជា​វិធី​ដើម្បី​ធ្វើ​ដូច្នេះ​ទេ” ។  វេជ្ជបណ្ឌិត Brooks ក៏បាន​ទទូច​ដល់​សហគមន៍​វេជ្ជសាស្ត្រ ​កុំ​ឲ្យ​ចេញ​វេជ្ជបញ្ជា​ថ្នាំ Chloroquine ចំពោះ​អ្នក​ជំងឺ​ដែល​មិន​ចូល​មន្ទីរពេទ្យ ៕

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព៖thestar