ផ្ទាំងគំនូររូបភាពស្រុីឌី 3D នៅសារមន្ទីរអាតប៊ុក មានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍

ខេត្តសៀមរាប: ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ បានចាប់អារម្មណ៍យ៉ាងខ្លាំង នូវផ្ទាំងរូបភាពជាគំនូរស្រុីឌី នៅពេលចូលទស្សនាក្នុងសារមន្ទីរអាតប៊ុក”Art Box” ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយក្នុងមួយថ្ងៃមានអ្នកទៅទស្សនាប្រមាណពី២០០ ទៅ៣០០នាក់ ។

កញ្ញា ម៉ី ធីតា ប្រធានទំនាក់ទំនងទីផ្សារ របស់សារមន្ទីរស្រុីឌីអាតប៊ុក ខេត្ដសៀមរាប កញ្ញាបានអោយដឹងនៅថ្ងៃទី១៦ មករានេះថា សារមន្ទីរនេះមានរូបផ្ទាំងគំនូរស្រុីឌី ដោយគូរជារូបភាពបង្ហាញពីវប្បធម៌ និងអរិយធម៌ នៅបណ្ដាប្រទេសអាស៊ី និងអ៊ីរ៉ុបប្រមាណ១៥០ផ្ទាំង នៅក្នុងប្រទេសប្រមាណជាង៤០ ។ កាញ្ជាបានបន្ដថា រូបគំនូរស្រ៊ីឌីនេះ  មានលក្ខណៈធំដំបូងគេ ហើយជារូបភាពមានទេសភាពពិតៗ ដូចបានទៅទស្សនាផ្ទាល់នៅតាមបណ្ដាប្រទេសនិមួយៗដូច្នេះដែរ ។ ជាមួយគ្នានោះដែររូបគំនូរស្រុីឌី ដ៏អស្ចារ្យនេះបានគូរដោយវិចិត្រករ មកពីប្រទេសកូរ៉េ ហើយមានដាក់តាំងនៅក្នុងសារមន្ទីរអាតប៊ុក នៅពេលពួកគេបានទស្សនាហាក់មានអារម្មណ៍ស្រមើស្រម៉ៃដូចបានទៅដល់ប្រទេសនោះអញ្ចឹងដែរ។​ កញ្ញា បានបន្ដទៀតថា នៅក្នុងសារមន្ទីរនោះទៀតសោតក៏មានបង្ហាញជារូបដ៏អស្ចារ្យ នៃប្រាសាទអង្គរវត្ដ និងកំផែងប្រទេសចិនផងដែរ ដើម្បីអោយមានការទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាបថែមទៀត ។

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិពីររូបបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ក្រោយពេលដែលបានទស្សនារូបភាពបង្ហាញពីអត្ដសញ្ញាណប្រទេសជាង៤០ នៅអាស៊ី និងអឺរ៉ុប ក្នុងសារមន្ទីរនោះរូចមក ។ ភ្ញៀវទេសចរណ៍ពីររូបនោះ ពួកគាត់បានអោយដឹងស្រដៀងគ្នាថា រូបភាពទាំងនេះមានភាពទាក់ទាញ និងមានអារម្មណ៌ដូចបានទៅដល់ប្រទេសទាំងនោះដែរ ។ ពួកគាត់បានបន្ថែមថា នៅពេលបានទស្សនាម្តងហើយនឹងចង់ទស្សនាម្ដងទៀត ព្រោះជារូបភាពមានភាពរស់រវើក ពីព្រោះបង្ហាញក្ដីស្រក្ដីស្រមៃពិតៗ ។ ជាងនោះទៅទៀតភ្ញៀវទេសចរណ៍អាចថតរូបជាមួយផ្ទាំងគំនូរដ៏ល្អឥខ្ចោះនោះបានយ៉ាងរស់រវើកថែមទៀតផង។ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ចង់អោយពលរដ្ឋខ្មែរទៅទស្សនារូបភាពស្រុីឌីនៅសារមន្ទីរនោះ ព្រោះវាបានបង្ហាញពីភាពអស្ចារ្យ នៃវប្បធម៌ និងអារិយធម៌ពិតៗនៅលើពិភពលោក ។

បើតាមអ្នកគ្រប់គ្រងសារមន្ទីរអាតប៊ុក បានអោយដឹងថា សារមន្ទីរគំនូរស្រ៊ីឌីអាតប៊ុកនេះ បង្កើតឡើងរយ:ពេល២ឆ្នាំមកហើយ នៅលើផ្ទៃដីប្រមាណ១ហិកតា ។ការបង្កើតសារមន្ទីរនេះ ក្នុងគោលបំណងចង់ឱ្យ​មានភ្ញៀវទេសចរណ៍អន្ដរជាតិមកទស្សនារមណីយដ្ឋានអង្គរ ខេត្ដសៀមរាប ព្រោះរូបគំនូរស្រុីឌីនេះ ក៏បង្ហាញពីវប្បធម៌ខ្មែរ នៅប្រាសាទអង្គរវត្ដផងដែរ ។ គិតមកដល់ពេលនេះសារមន្ទីរនេះមានអ្នកចូលទស្សនាក្នុងមួយថ្ងៃៗប្រមាណពី ២០០ទៅ៣០០នាក់ ៕

អត្ថបទ៖ គឿន វេត