BREAKING NEWS
Search

តារា​សិល្បៈ​មួយ​ក្រុម​ នាំ​យក​អំណោយ​សប្បុរសជន​ ចែក​ជូន​ដល់​សមាគម​កុមារ​កំព្រា​ស្នាមញញឹម ​នៃ​ក្ដី​សង្ឃឹម​របស់​កុមារ

ភ្នំពេញ ​៖​ សមាគម​ក្មេង​កំព្រា​ស្នាមញញឹម​នៃ​ក្ដី​សង្ឃឹម​របស់​កុមារ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងស្រុក​កណ្ដាលស្ទឹង​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០២០ ​បាន​ទទួល​អំណោយ​​ពី​ក្រុម​តារា​សិល្បៈ​មកពី​គ្រួសារ​តារា​កម្ពុជា និង​សប្បុរសជន ដែល​កៀរគរ​ដោយ​ក្រុម​សិល្បៈ​មួយ​នេះ។

អំណោយ​ទាំងនោះ​រួមមាន​ភេសជ្ជៈ​តែ​បៃតង​ជិត​៣០​កេស ទឹក​សុទ្ធ​ជាច្រើន​កេស មី​សរុប​ជាង​១០​កេស ត្រីខ​សរុប​ជាង​២​កេស​ធំ អង្ករ​៦​បេ ទឹកត្រី​ទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំ​ចំណី និង​ថវិកា​សរុប​ជិត​៣​លាន​រៀល​។ ក្នុង​នោះ​សប្បុរសជន​ដែល​ចូលរួម​ដោយ​ផ្ទាល់ ក៏បាន​ប្រកាស​ផ្ដល់​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត អំពូល​សូឡា​បំភ្លឺ​ផ្លូវ​ចូល​សម្រាប់​ក្មេងៗ និង​ប្រកាស​ផ្ដល់​ក្នុង​មួយ​ខែ​១៥០០​ដុល្លារ ដើម្បី​បំពេញ​កង្វះខាត​ផ្នែក​ម្ហូបអាហារ​របស់​សមាគម​ផង​ដែរ​។

​ជា​មួយ​គ្នា​នេះ​អ្នកស្រី ប៉ូ ស្រូ​គង់ ប្រធាន​សមាគម​ស្នាមញញឹម​នៃ​ក្ដី​សង្ឃឹម​របស់​កុមារ​កម្ពុជា បាន​បង្ហាញ​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ដោយ​អ្នកស្រី​ប្រាប់​ថា​នេះ​ជា​អំណោយ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​សមាគម​ខ្លួន​ទទួល​បាន​តាមរយៈ​គ្រួសារ​តារា​កម្ពុជា​។ អ្នកស្រី​ថា​ក្មេងៗ​ដែល​សុទ្ធ​សឹង​តែ​ឪពុកម្ដាយ​ស្លាប់​ចោល និង​បោះបង់ចោល​សរុប​ជាង​៤០​នាក់ នៅ​មាន​កង្វះខាត​ច្រើន​ណាស់ ជាពិសេស​លើ​តម្រូវការ​ក្នុង​ការ​សិក្សា ស្បែកជើង មធ្យោបាយ​ទៅ​សាលា ថ្លៃ​ព្យាបាល​នៅ​ពេល​សមាជិក​ណាមួយ​ឈឺ ថវិកា​ផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ និង កន្លែង​ស្នាក់នៅ​របស់​ក្មេងៗ​ជា​ដើម​ៗ​។

​អ្នកស្រី​បន្ត​ថា ​ខ្លួន​សុខចិត្ត​ធ្វើ​នំ​លក់​ឲ្យ​រោងចក្រ ដើម្បី​ជីវភាព​ក្មេងៗ ដោយ​មិន​សុខចិត្ត​បិទ​សមាគម​ហើយ​អោយ​ក្មេងៗ​តែលតោល​ត្រលប់​ទៅ​ស្រុក​វិញ​ឡើយ​។ អ្នកស្រី​សប្បាយចិត្ត​ដែល​គ្រួសារ​តារា​កម្ពុជា យល់ព្រម​ទទួល​សំណើ​របស់​ខ្លួន ហើយ​កៀរគរ​បាន​សប្បុរសជន​ផ្ដល់​ជា​ជំនួយ​យ៉ាង​ច្រើន​ដែល​អ្នកស្រី​មិន​នឹកស្មាន​នោះ​។

​លោក ទួន ប៉ូ​លី អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​តែ​បៃតង​ថេ​ន​សៃ បាន​ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ពិត​ជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ខ្លាំង ដែល​បាន​រួម​ចំណែក​នូវ​ថវិកា​១​លាន​រៀល ភេសជ្ជៈ​ថេ​ន​សៃ​២៥​កេស មី​៦​កេស ត្រីខ​មួយ​កេស​ធំ និង​ទឹកត្រី​ទឹកស៊ីអ៊ីវ ជាច្រើន​យួរ​ជាមួយ​គ្រួសារ​តារា​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​សមាគម​នេះ​។

​ដោយឡែក​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ថ្លែង​ថា អំណោយ​ដែល​បាន​ប្រគល់​ជូន​នេះ​មាន​ចំនួន​៣​ផ្នែក មួយ​ផ្នែក​ជា​ការ​ចូលរួម​របស់​ក្រុមហ៊ុន​តែ​បៃតង​ថេ​ន​សៃ មួយ​ផ្នែក​ជា​ការ​កៀរគរ និង​ការ​បរិច្ចាគ​ផ្ទាល់​ពី​តារា​សិល្បៈ​របស់​គ្រួសារ​តារា​កម្ពុជា និង មួយ​ផ្នែក​ទៀត គឺជា​ការ​ផ្ដល់​ដោយ​លោក​ឧកញ៉ា​បណ្ឌិត គាង សេង ប្រធាន​ក្រុមហ៊ុន​គាង​សេង ដែល​ជួយ​ជា​ផ្ទាំង​សូឡា​បំភ្លឺ​ផ្លូវ ថវិកា​១​លាន​រៀល និង​សន្យា​រក​ជំនួយ​ជូន​ក្នុង​មួយ​ខែ​១៥០០​ដុល្លារ ផ្គត់ផ្គង់​ថ្លៃ​ម្ហូប និង​តម្រូវការ ទើប​ធ្វើ​ឲ្យ​ជំនួយ​ដែល​យក​ទៅ​ប្រគល់​ជូន​នោះ​មាន​ចំនួន​ច្រើន​៕

 

អត្ថបទ៖ ចាន់​រ៉ា​