វីរុសកូរ៉ូណាប៉ះទង្គិចដល់រោងចក្រអាស៊ីជាច្រើន ហើយប្រាក់ចំណូលក៏ធ្លាក់ចុះខ្លាំង​មិនធ្លាប់មាន
BREAKING NEWS
Search

វីរុសកូរ៉ូណាប៉ះទង្គិចដល់រោងចក្រអាស៊ីជាច្រើន ហើយប្រាក់ចំណូលក៏ធ្លាក់ចុះខ្លាំង​មិនធ្លាប់មាន

ការស្ទង់មតិអាជីវកម្មបានបង្ហាញកាលពីថ្ងៃច័ន្ទថា សកម្មភាពរោងចក្រនៅអាស៊ីត្រូវបានបំផ្លាញ និងប៉ះទង្គិចខ្លាំងនៅក្នុងខែមេសា ហើយចក្ខុវិស័យក៏មានសភាពអន់ថយថែមទៀត នៅពេលដែលការរឹតត្បិតរបស់រដ្ឋាភិបាលលើចលនាដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩បានបង្កការកកស្ទះផលិតកម្មពិភពលោក និងកាត់បន្ថយតម្រូវការ។

បណ្ដុំសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMIs) ពីក្រុមហ៊ុនIHS Markit បានធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីខែមីនាមក ដោយមានមួយចំនួនធ្លាក់ដល់កម្រិតទាបបំផុត និង មួយចំនួនផ្សេងទៀតបានធ្លាក់ទៅដល់កម្រិតដែលគេបានឃើញចុងក្រោយក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩ ។

សន្ទស្សន៍ PMI សម្រាប់ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីនិងជាប្រទេសផលិត Powerhouse របស់ពិភពលោកបានធ្លាក់ចុះដល់ ៤១,៦ កាលពីខែមេសា ដែលជាកម្រិតដ៏ទាបបំផុតចាប់តាំងពីខែមករា ឆ្នាំ២០០៩មក។ ចំណែកសន្ទស្សន៍ PMI របស់ជប៉ុនដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនក៏បានធ្លាក់ចុះក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះដែរ។

លោក Alex Holmes សេដ្ឋវិទូអាស៊ីប្រចាំក្រុមហ៊ុន Capital Economics បានសរសេរក្នុងកំណត់សម្គាល់មួយថា “ដំណឹងអាក្រក់គឺថាឧស្សាហកម្មដែលត្រូវបានប៉ះពាល់នៅតាមកន្លែងជាច្រើនទំនងជាមិនអាចរំលងផុតពីអ្វីដែលអាក្រក់បានឡើយ” ។

“តម្រូវការសាកលបានធ្លាក់ចុះ ហើយយើងមិនគិតថាវាបានបញ្ចប់នៅឡើយទេ។ ទិន្នន័យប្រាក់ចំណូលចុងក្រោយសម្រាប់អាមេរិកនិងអឺរ៉ុបខាងលិចបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការដែលមិនធ្លាប់មានពីមុនមក ហើយខណៈដែលសេដ្ឋកិច្ចចិនបានចាប់ផ្តើមងើបឡើងវិញ តម្រូវការនៅតែទន់ខ្សោយដដែល។ ” REUTERS

ប្រែសម្រួល៖ តរុណី