ទីបំផុតរកឃើញអ្នកក្លាហានជួយសង្គ្រោះក្រពើយក្សដែលកជាប់សំបកកង់ម៉ូតូក្នុងប្រទេសឥណ្ឌូនេស៊ី

បុគ្គលិកទូរទស្សន៍អូស្រ្តាលីម្នាក់បានសម្រេចចិត្តជួយចាប់សត្វក្រពើយក្សឥណ្ឌូនេស៊ីមួយក្បាល និងយកសំបកកង់ម៉ូតូដែលជាប់ករបស់វាចេញ ។

លោក Matt Wright ដែលជាពិធីករកម្មវិធី “Monster Croc Wrangler” របស់ទូរទស្សន៍ National Geographic បានស្ថិតនៅលើកោះ Sulawesi កាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងក្រុមមួយដែលប្រើអន្ទាក់ដាក់នុយជាមួយយន្តហោះគ្មានមនុស្សបើក និងស្នដើម្បីដេញសត្វល្មូនយក្សនេះ។

អ្នកប្រមាញ់សត្វក្រពើជនជាតិអូស្ត្រាលីលោក Matthew Nicolas Wright (ស្ដាំ) និងលោក Chris Wilson (ឆ្វេង) នៅក្នុងទន្លេនៅទីក្រុង Palu ។ AFP

អ្នកប្រមាញ់ក្រពើបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Palu ថា “វាជាស្នម្យ៉ាងដែលមិនធ្វើឲ្យប៉ះពាល់ដល់ក្រពើនោះទេ” ។

លោក Wright បានប្រាប់អ្នកតាមដានជាង ២សែននាក់នៅលើបណ្តាញសង្គម Instagram ថា ក្រុមនេះបានដាក់អន្ទាក់ក្រពើតូចមួយក្បាលកាលពីថ្ងៃពុធជាការបណ្តុះបណ្តាលសម្រាប់ព្រឹត្តិការណ៍សំខាន់ ។

លោកបាននិយាយថា ប៉ុន្តែការចាប់សត្វព្រៃធំៗគឺជាបញ្ហាប្រឈមមួយដោយសារតែបរិស្ថានមានភាពលំបាក ហើយសម្រាប់ភាពងាយស្រួលនោះគឺថាវាមិនឃ្លានដោយសារតែមានអាហារនៅតាមដងទន្លេ ។

លោក Wright បាននិយាយថា “ប្រសិនបើយើងមិននាំក្រពើនោះចូលក្នុងអន្ទាក់វានឹងពិបាក ហើយពួកបានព្យាយាម ។ យើងមិនចង់ចាប់វាក្នុងរយៈពេល ២ ថ្ងៃនោះទេយើងចង់ចាប់វាភ្លាមៗ” ។

លោក Wright ដែលចូលរួមដោយអ្នកប្រមាញ់ក្រពើអូស្រ្តាលីលោក Chris Wilson កំពុងធ្វើការជាមួយភ្នាក់ងារអភិរក្សក្នុងតំបន់ដែលបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំដើម្បីជួយសង្គ្រោះក្រពើនេះ ។

សត្វនេះបានធ្វើឲ្យមានចំណងជើងលើសារព័ត៌មានកាលពីខែមុនបន្ទាប់ពីការប្រកួតប្រជែងមួយត្រូវបានចាប់ផ្តើមផ្តល់ជូននូវរង្វាន់ជាទឹកប្រាក់ដែលមិនបានបញ្ជាក់សម្រាប់បុគ្គលក្លាហានណាដែលចាប់សត្វក្រពើប្រវែងបួនម៉ែតនេះ ។

ក្រោយមកមន្ត្រីបានបញ្ឈប់ការប្រកួតប្រជែង ហើយបាននិយាយថា ពួកគេនឹងខិតខំប្រឹងប្រែងក្នុងការយកសំបកកង់ម៉ូតូដែលជាប់នឹងកក្រពើនោះចេញដែលក្រុមអ្នកអភិរក្សខ្លាចថាអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ក្រពើ ។

លោក Wilson បាននិយាយថា អ្នកទស្សនាដែលចង់ដឹងចង់ឃើញរាប់ពាន់នាក់ដែលបានមកមើលអាចនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។

លោកបាននិយាយថា “សត្វក្រពើស្គាល់មនុស្សដូច្នេះវាខ្លាចមនុស្ស ។ នៅពេលអ្នកព្យាយាមចូលទៅជិតវាវានឹងចូលទៅក្រោមទឹក” ៕ AFP

ប្រែសម្រួល៖ ជីវ័ន្ត