អូស្ត្រាលីនឹងផ្អាករាល់ការវះកាត់​ដែលមិនបន្ទាន់ជាការសន្សំ​ធនធានវេជ្ជសាស្ត្រទុកព្យាបាលកូវីដ

នៅក្នុងប្រទេសអូស្ត្រាលី នៅត្រឹម​ពាក់កណ្តាលអធ្រាត្យយប់ថ្ងៃពុធនេះតទៅ រដ្ឋាភិបាលសហព័ន្ធនឹង​ចាប់ផ្តើមដំណើរការផ្អាករាល់ការវះកាត់នានា​ដែលអាចទុកសិនបាន ដើម្បីសម្រាំង​សម្ភារៈសុខាភិបាល។

លោកនាយករដ្ឋមន្រ្តីស្កុតម៉ូរីសុនមានប្រសាសន៍ថា គណៈរដ្ឋមន្រ្តីជាតិអូស្ត្រាលី បានសម្រេចចិត្តផ្អាករាល់ករណីវះកាត់ណាដែលមិនបន្ទាន់ ដើម្បីជួយដល់ការសន្សំ​ធនធានវេជ្ជសាស្ត្រយកទៅ​ជួយ​អ្នករងគ្រោះ​ដោយ​ Covid19មុនសិន ។

បទបញ្ជាថ្មីនេះ នឹងត្រូវអនុវត្តទាំងប្រព័ន្ធពេទ្យ​សាធារណៈនិងមន្ទីរពេទ្យឯកជន។
កាលពីម្សិលមិញ ចំនួនករណីឆ្លងថ្មីដែលត្រូវបានបញ្ជាក់ក្នុងប្រទេសអូស្រ្តាលីបានកើនឡើងដល់ ២០០០ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៨ នាក់។
ប្រធានរដ្ឋ Victoria លោក Daniel Andrews បានព្រមានថា វិធានការណ៍បិទទ្វារក្រុងសីដនីទំនង​ជាជិតមកដល់មែនទែន​ហើយ។ លោកបាននិយាយថា បញ្ជីនៃការរឹតត្បិតដែលបានប្រកាសកាលពីយប់មិញគឺជា“ ដំណាក់កាលទី ២” នៃការឆ្លើយតបនឹងវីរុសនេះប៉ុន្តែបានព្រមានថា“ នឹងមានដំណាក់កាលទី ៣” បន្ថែម​នៅក្នុងរដ្ឋនេះឆាប់ៗ។

លោក Andrews ក៏បានគូសបញ្ជាក់បន្ថែម​ថា​«ប្រសិនបើអាច!គ្រប់គ្នា ត្រូវតែនៅផ្ទះ!ការណាត់​មិត្តភក្តិញ៉ាំអាហារ ដើរលេងទិញឥវ៉ានដែលមិនត្រូវការ ជាការប្រមាថ» ។

ជាចុងក្រោយ លោកបាននិយាយថា ជីវិតនៅពេលនេះ គឺស្ថិតនៅក្នុងដំណាក់កាល​គ្រោះថ្នាក់។

រដ្ឋភិបាល អូស្ត្រាលីព្រមាន​ថា​បន្តិច​ទៀត​ប្រជាជននឹងលែង​រអ៊ូ​ពេល​តម្រង់ជួរ​រង់ចាំការបង់ប្រាក់ ឬដកប្រាក់ទៀត​ហើយ តែពួកគេនឹងត្រូវបានតម្រង់ជួរសម្រាប់រង់ចាំទទួលការព្យាបាល ម៉ាស៊ីនបេះដូង និងសួត រង់ចាំ​បានបំពង់ខ្យល់មកដកដង្ហើម និង​រង់ចាំំមាន​គ្រែបានគេង​ទទួលការថែទាំដែលកំពុង​ខ្វះខាតខ្លាំង។

នៅអូស្ត្រាលីតំាង​ពី​ដើមខែនេះ​ពិធីបុណ្យសពត្រូវបានកំណត់មាមន​អ្នកចូលរួម​ត្រឹមអតិបរមា ១០ នាក់ ចំណែក​ទីផ្សារម្ហូបអាហារខាងក្រៅ​និងក្នុងហាង នឹងត្រូវបានពិនិត្យ​តឹងរឹងដោយសមត្ថកិច្ច​នៃ​ដែនដីនីមួយៗ។

ឡាហ្សូលី