ជំនឿ​របស់​ប្រជាជន​អូស្ត្រាលី​ទៅលើ​រដ្ឋាភិបាល​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​មិន​ធ្លាប់មាន​ក្នុង​កំណត់ត្រា

យោងតាម​ការសិក្សា​ដ៏​ធំ​មួយ​លើ​អ្នកបោះឆ្នោត​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ប្រជាជន​អូស្ត្រាលី​មានការ​ជឿទុកចិត្ត​លើ​រដ្ឋាភិបាល​តិចតួច​បំផុត​មិន​ធ្លាប់មាន​ក្នុង​កំណត់ត្រា​ហើយ​មនុស្ស​កាន់តែច្រើន​មានការ​ព្រួយបារម្ភ​អំពី​បម្រែបម្រួល​អាកាសធាតុ​។​

ការសិក្សា​ការបោះឆ្នោត​អូស្ត្រាលី​ឆ្នាំ​២០១៩​បាន​បង្ហាញថា ដោយសារតែ​ប្រឈម​នឹង​បញ្ហា​គ្រោះរាំងស្ងួត ទឹកជំនន់​និង​ភ្លើង​ឆេះ​ព្រៃ​កាន់តែខ្លាំង​ឡើងៗ អ្នកបោះឆ្នោត​អូស្ត្រាលី​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ចំពោះ​បរិស្ថាន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការគ្រប់គ្រង​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​យឺតយ៉ាវ​របស់​ប្រទេស​អូស្ត្រាលី​គឺជា​បញ្ហា​ធំ​បំផុត​សម្រាប់​អ្នកបោះឆ្នោត​ក្នុងការ​បោះឆ្នោត​សភា​កាលពី​ខែឧសភា​ដែល​ត្រូវ​បានឈ្នះ​ដោយ​គណបក្ស​សេរីនិយម​របស់លោក​នាយ​ក​រដ្ឋមន្ត្រី Scott Morrison​។​

ប៉ុន្តែ​អ្នកបោះឆ្នោត​ប្រហែល​ម្នាក់​ក្នុងចំណោម​៥​នាក់​បាន​មើលឃើញថា ការប្រែប្រួល​បរិយាកាស​ឬ​អាកាសធាតុ​គឺជា​បញ្ហា​ធំ​បំផុត​ដែល​ប្រទេស​កំពុង​ប្រឈមមុខ​ខណៈ​ចំនួន​នេះ​គឺជា​ការកើនឡើង​ទ្វេដង​បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ឆ្នាំ​២០១៦​។​

ជំនឿ​របស់​អ្នកបោះឆ្នោត​ទៅលើ​អ្នកនយោបាយ​និង​រដ្ឋាភិបាល​ក៏បាន​ធ្លាក់ចុះ​ផងដែរ​។​
​ការសិក្សា​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​ស៊ីដនី​និង​សកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​បានបង្ហាញ​ថា “​ការជឿទុកចិត្ត​លើ​រដ្ឋាភិបាល​បាន​ឈានដល់​កម្រិត​ទាប​បំផុត​ក្នុង​កំណត់ត្រា​ដោយមាន​ប្រជាជន​ត្រឹមតែ​២៥​ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿជាក់ថា​រដ្ឋាភិបាល​អាច​ទុកចិត្តបាន​”​។​

គួរ​បញ្ជាក់ថា ការសិក្សា​នេះ​បាន​ស្ទង់​មតិ​អ្នកបោះឆ្នោត​ចំនួន​២,១៧៩​នាក់​ក្រោយ​ការបោះឆ្នោត​ទូទៅ​។ វា​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រាល់​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៨៧​មក​។​

ចាប់តាំងពី​ការបោះឆ្នោត មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ដែល​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វីៗ​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ស្របពេល​ដែល​ប្រទេស​អូស្ត្រាលី​ក៏​កំពុងតែជួបប្រទះ​នូវ​ការចាប់ផ្តើម​ដ៏​គួរ​ឲ្យ​រន្ធត់​នៃ​រដូវ​ភ្លើង​ឆេះ​របស់ខ្លួន​ផងដែរ​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114