BREAKING NEWS
Search

រដ្ឋ Victoria របស់អូស្ត្រាលីនៅតែមានករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃខ្ពស់បំផុត

រដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេសអូស្រ្តាលីនៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការកើនឡើងការឆ្លងវីរុសកូរ៉ូណាថ្មីប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន និងបានព្រមានថា ចំនួននេះនឹងកាន់តែអាក្រក់ទៅៗមុនពេលវាល្អប្រសើរឡើង ខណៈពួកគេចាប់ផ្តើមនៅចុងសប្តាហ៍ដំបូងក្រោមការបិទរដ្ឋរយៈពេល ៦ សប្តាហ៍ ។

រដ្ឋ Victoria បានកត់ត្រាករណីថ្មីនៃវីរុសកូរ៉ូណាចំនួន ២១៦ ករណីក្នុងរយៈពេល ២៤ ម៉ោងដល់ព្រឹកថ្ងៃសៅរ៍ពោលគឺធ្លាក់ចុះពីកំណត់ត្រាចំនួន ២៨៨ ករណីកាលពីថ្ងៃមុន ប៉ុន្តែនៅតែជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតមួយនៃប្រទេសចាប់តាំងពីមានការរាតត្បាតបានមកដល់ ។

រដ្ឋនេះបានដាក់ទីក្រុង Melbourne របស់ខ្លួនចូលក្នុងការបិទទ្វារនៅសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភថាការឆ្លងជាសហគមន៍កំពុងបង្កឲ្យមានរលកទីពីរនៃវីរុស ។ កន្លងមកអាជ្ញាធរបានសន្មតករណីថ្មីៗភាគច្រើនលើប្រជាជនដែលត្រឡប់មកពីបរទេស។

លោក Daniel Andrews នាយករដ្ឋមន្រ្តី Victoria បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា “វានឹងកាន់តែអាក្រក់ទៅៗមុនពេលវាប្រសើរឡើង ។ យើងនឹងឃើញមានករណីបន្ថែមទៀត ហើយករណីនេះនឹងនៅជាមួយយើងរាប់ខែទៀត” ។

កម្មករអនាម័យសម្អាតបង់អង្គុយនៅខាងក្រៅអគារលំនៅដ្ឋានសាធារណៈដែលស្ថិតក្រោមការចាក់សោរនៅទីក្រុង Melbourne ។ (រូប REUTERS)

ចំណែកប្រធានសុខាភិបាលរដ្ឋលោក Brett Sutton បានប្រាប់សន្និសីទសារព័ត៌មានថា មានការផ្ទុះឡើងដាច់ដោយឡែកពីគ្នាចំនួន ១០០ ករណីនៅក្នុងរដ្ឋ Victoria ។

អូស្រ្តាលីបានចៀសផុតចំនួនច្រើននៃការឆ្លងជំងឺ COVID-19 ជាងបណ្តាប្រទេសនានា បន្ទាប់ពីបានបិទព្រំដែនរបស់ខ្លួន និងការបិទនៅទូទាំងប្រទេសកាលពីខែមីនា ។ លោក Andrews បាននិយាយថា ប្រទេសនេះមានអ្នកឆ្លងប្រហែលជា ៩,២០០ នាក់ និងអ្នកស្លាប់ ១០៧ នាក់រួមទាំងការស្លាប់របស់បុរសម្នាក់ក្នុងអាយុ ៩០ ឆ្នាំនៅរដ្ឋ Victoria ។

ទន្ទឹមនោះរដ្ឋផ្សេងទៀតរបស់ប្រទេសនេះក៏បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើរ ប៉ុន្តែបានរឹតបន្តឹងការបិទព្រំដែនរបស់ពួកគេជាមួយនឹងរដ្ឋ Victoria ។

គួរបញ្ជាក់ថា រដ្ឋ Victoria ដែលមានប្រជាជនរស់នៅមួយភាគបួននៃប្រជាជន ២៥ លាននាក់របស់ប្រទេសនេះក៏បានក្លាយជារដ្ឋដំបូងគេដែលបានស្នើសុំឲ្យប្រជាជនពាក់ម៉ាស់ ៕ REUTERS

ដោយ ៖ ជីវ័ន្ត