ទម្លាប់អាក្រក់ៗដែលរំខានដល់ដំណេកមិនបានស្កប់ស្កល់

ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចរំខានឲ្យការគេងមិនបានគ្រប់គ្រាន់ឬមិនបានស្កប់ស្កល់តាមតម្រូវការរាងកាយ។ ជាទូទៅយើងមិនសូវបានចាប់អារម្មណ៍នឹងទម្លាប់ទាំងនោះទេហើយយើងក៏ចេះតែឆ្ងល់ថា ហេតុអ្វីបានជាយើងគេងដូចគេដែរ តែដូចមិនបានស្កប់ល្អ?ខាងក្រោមនេះ KPT Plus នឹងបង្ហាញពីទម្លាប់មិនល្អមួយចំនួនដែលយើងតែងតែធ្វើរំខានដល់ដំណេករបស់ខ្លួនឯង៖

 

១. មើលអេក្រង់មុនពេលគេង

ខួរក្បាលរបស់យើងត្រូវការសម្រាកមុនពេលចូលដំណេក ដើម្បីត្រៀមឲ្យបានគេងលក់ស្រួល។ ពន្លឺចេញពីទូរទស្សន៍ឬទូរសព្ទដែលយើងប្រើមុនពេលចូលគេង អាចរំញោចខួរក្បាលធ្វើឱ្យមានការថប់បារម្ភដោយមិនដឹងខ្លួន។ ចំណែកឯការបំភាយពន្លឺពណ៌ខៀវរបស់អេក្រង់ទូរសព្ទឬទូរទស្សន៍រារាំងដល់ការផលិតអរម៉ូនដែលទទួលខុសត្រូវចំពោះការគេងផងដែរ។ ហេតុផលនេះហើយធ្វើឱ្យយើងពិបាកគេងមិនបានលក់ស្រួល។

២. មានទម្លាប់ចូលគេងមិនត្រឹមត្រូវ

មនុស្សចំនួននាពេលបច្ចុប្បន្ននេះ និយមចូលគេងរំលងអាធ្រាត ហើយក្រោកមកយឺត។ ពួកគេគិតថា ការគេងរហូតដល់ថ្ងៃបន្តិចអាចកាត់កងជាមួយនឹងពេលយប់ដែលមិនបានគេងនោះ។ ប៉ុន្តែការយល់ឃើញបែបនេះមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញទម្លាប់បែបនេះអាចធ្វើឲ្យយើងគេងមិនបានគ្រប់ និងគេងមិនបានលក់ស្កប់ស្កល់ផងដែរ។

៣. ទទួលទានច្រើនមុនពេលចូលគេង

 

ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំអាហារយឺត១ម៉ោងមុនចូលគេងនឹងធ្វើឲ្យអាស៊ីតបញ្ចេញច្រើនទៅដល់ការរំលាយអាហារ។ កត្តានេះអាចបណ្តាលឱ្យប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការគេងរបស់យើង។ ការញ៉ាំអាហារយឺតពេកបង្កបញ្ហាទាក់ទងនឹងការសម្រកទម្ងន់ដែលអាចបណ្តាលឱ្យធាត់ បញ្ហាគេងមិនលក់ និងបញ្ហាដង្ហើម។

៤.ញ៉ាំជាតិកាហ្វេអ៊ីនច្រើន

ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនរួមមាន កាហ្វេ សូកូឡា សូដា និងភេសជ្ជៈផ្ដល់ថាមពលផ្សេងទៀត វានឹងរំខានដល់ដំណេកដោយមិនអាចគេងលក់ ឬគេងបានតិចបំផុត។ អ្នកជំនាញបានផ្ដល់ប្រឹក្សាថា បើសិនចង់ផឹកជាតិកាហ្វេអ៊ីន គួរទទួលវានៅពេលព្រឹក ដើម្បីចៀសវាងបញ្ហាការសម្រាករបស់យើង។

៥. របបអាហារមិនត្រឹមត្រូវ

យោងតាមការសិក្សាបង្ហាញថា ការទទួលទានវីតាមីន A វីតាមីន B1 វីតាមីន D កាល់ស្យូម និងស័ង្កសីក្នុងកម្រិតទាបអាចផ្ដល់ផលប៉ះពាល់ដល់ការគេង។ ការសិក្សាផ្សេងទៀតបង្ហាញថា របបអាហារដែលមានកាឡូរី និងអាហារគ្រើមឬអាហារកែច្នៃដែលមានបរិមាណស្ករខ្ពស់ សុទ្ធតែផ្ដល់ផលមិនល្អដល់ការគេងទាំងអស់។

៦. មិនហាត់ប្រាណ

ទម្លាប់ធ្វើលំហាត់ទៀងទាត់ជួយជម្រុញឲ្យគេងលក់ស្រួលនិងស្កប់ស្កល់។​ មនុស្សដែលមិនទម្លាប់ហាត់ប្រាណធ្វើឲ្យរាងកាយសម្បូរជំងឺរួមទាំងដំណេកមិនបានល្អផងដែរ។

៧. បន្ទប់គេងរញ៉េរញ៉ៃ

 

បន្ទប់គេងដែលមានសណ្ដាប់ធ្នាប់និងផាសុខភាព មានសារៈសំខាន់ណាស់សម្រាប់ដំណេកទាំងកុមារនិងមនុស្សពេញវ័យ។ យោងទៅតាមការសិក្សាប្រាប់ថា បន្ទប់ចង្អៀតអាចបង្កើតភាពតានតឹង រីឯសម្ភារផ្សេងទៀតដូចជា គ្រឿងអេឡិចត្រូនិកក៏បង្កផលប៉ះពាល់ដល់ការគេងផងដែរ ៕

 

ចុចអាន៖ ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ប្រែសម្រួល៖ សន្យា