អាជ្ញាធរ​ក្រុង​បាន​លុង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ សាធារណៈ​ជុំវិញ​ក្រុង​បាន​លុង​

​រតនគិរី ៖ ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក ពុធ ដា​នី អភិបាលរងក្រុង​បាន​លុង សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ខេត្ត មន្ទីរ​សាធារណការ​ខេត្ត និង​កម្លាំង​អធិការនគរបាល​ក្រុង​បាន​លុង ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​បណ្ដោយ​ផ្លូវ​លេខ ៦២ ទល់មុខ​មណ្ឌល​សុខភាព​ក្រុង​បាន​លុង រួច​បន្ត​មក​ត្រួតពិនិត្យ​នៅ​ជុំវិញ​ផ្សារ​បាន​លុង ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០។​

ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ខាងលើនេះ ក្រុមការងារ​បាន​ចុះ​កាត់​ស្លាក​(​យីហោ​)​មួយ​ចំនួន​ដែល​មិនបាន​សុំច្បាប់​អនុញ្ញាត ហើយ​តាំង​រំលោភ​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​ក្នុង​ក្រុង​។ ការ​ចុះ​រុះរើ​ស្លាក​(​យីហោ​) និង​ទំនិញ​ផ្សេងៗ​ដាក់​តាំង​លក់​លើ​ចំណី​ផ្លូវ​សាធារណៈ​របស់​អាជីវករ​មួយ​ចំនួន​នេះ ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​បាន​ចុះ​ផ្សព្វផ្សាយ ជូនដំណឹង​ពី​ផល​ប៉ះពាល់​នៃ​សោភ័ណភាព របៀបរៀបរយ​សាធារណៈ​កន្លងមក ប៉ុន្តែ​មាន​អាជីវករ​មួយ​ចំនួន​មិនបាន​អនុវត្ត​តាម​ការ​ផ្សព្វផ្សាយ និង​ជូនដំណឹង​របស់​អាជ្ញាធរ​ក្រុង​បាន​លុង​នោះ​ឡើយ​៕
អត្ថបទ៖ វុ​ទ្ធ​ឦសាន
សូមចុចអាន៖ ​ ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​ក្រុង​កំពត ១៣៤,៨២៦​គ​.​ម កំពុង​ស្ថាបនា​ឡើងវិញ​បាន​៧៤​ភាគរយ​