BREAKING NEWS
Search

មនុស្សចូលចិត្តនៅម្នាក់ឯងផ្ដល់គុណសម្បត្តិ ៥ យ៉ាងនេះ

របៀបរស់នៅនិងទំនាក់ទំនងរបស់មនុស្សម្នាក់ៗក្នុងសង្គមរមែងមានបែបបទ និងសណ្ឋានផ្សេងគ្នាទៅតាមចំណូលចិត្តរបស់បុគ្គលនោះ។ អ្នកខ្លះចូលចិត្តមនុស្សច្រើនអ៊ូអរ រីឯអ្នកខ្លះចូលចិត្តគ្នាតិច ឬនៅតែឯងៗ។​

ទោះយ៉ាងណា ការនៅតែឯងៗក៏មិនមែនមានន័យថា ផ្ដាច់ការទាក់ទងជាមួយសង្គម ឬជារឿងមិនល្អអ្វីដែរ។ ផ្ទុយទៅវិញការនៅម្នាក់ឯងមានគុណសម្បត្តិច្រើនយ៉ាងគួរកត់សម្គាល់។

អ៊ីចឹង! តើការនៅម្នាក់ឯងមានប្រយោជន៍អ្វីខ្លះទៅ?

១. មិនងាយប៉ះទង្គិចផ្លូវចិត្ត

មនុស្សដែលចូលចិត្តនៅម្នាក់ឯង ជាមនុស្សដែលផ្តោតការយកចិត្តទុកចំពោះខ្លួនឯងខ្លាំង។ ការនៅម្នាក់ឯងនឹងមិនធ្វើឱ្យគេទទួលអារម្មណ៍រំខានពីអ្នកដទៃ និងជួយបង្កើនការគិតបានជ្រៅជ្រះ។ លើសពីនេះ ការនៅម្នាក់ឯងនឹងផ្តល់ឱកាសឱ្យខួរក្បាល និងរាងកាយឆាប់ទទួលការសម្រាក និងឆាប់មានកម្លាំងឡើងវិញ។

២. បង្កើនផលិតភាពការងារខ្ពស់

នៅពេលគ្មានការរំខានពីបរិស្ថានដែលនៅជុំវិញខ្លួនច្រើន អ្នកនៅម្នាក់ឯងនឹងមានការផ្តោតអារម្មណ៍បានខ្លាំង ព្រមទាំងបំពេញការងារបានលឿននិងមានប្រសិទ្ធិភាពខ្ពស់ជាងធម្មតា។

៣. បង្កើតការសម្រេចចិត្តត្រឹមត្រូវ

ជាទូទៅមនុស្សចូលចិត្តនៅម្នាក់ឯង អាចធ្វើការពិចារណាបានច្បាស់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាងមនុស្សដែលស្ថិតក្នុងភាពអ៊ូរអរ ពីព្រោះគេមិនសូវច្របូកច្របល់ផ្លូវចិត្ត និងតែងមានអារម្មណ៍នឹងនរជានិច្ច។

៤. ចេះដោះស្រាយបញ្ហាបានល្អ

បុគ្គលចំណូលនៅម្នាក់ឯង ឬ​ មានគ្នាតិច ភាគច្រើនជាមនុស្សស្ងៀមស្ងាត់ និងមិននិយាយស្តីច្រើន។ បុគ្គលប្រភេទនេះចូលចិត្តគិតអ្វីដែលស៊ីជម្រៅ ឬគិតគូរវែងឆ្ងាយ និងមានដំណោះស្រាយចំពោះបញ្ហាប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមនុស្សចូលចិត្តនិយាយច្រើន។

៥. រក្សាទំនាក់ទំនងបានរឹងមាំ

បើទោះបីជាមនុស្សប្រភេទនេះចូលចិត្តនៅម្នាក់ឯងក៏ដោយ គេក៏មានមិត្តភក្តិដែរ ហើយទំនាក់ទំនងជាមួយមនុស្សដែលគេស្គាល់រមែងមានភាពយូរអង្វែង និងរឹងមាំជាងមនុស្សធម្មតាទៅទៀត ពីព្រោះគេឆាប់យល់ពីអារម្មណ៍របស់មនុស្ស ព្រមទាំងមិនចំណូលបង្កភាពរញ៉េរញ៉ៃដល់អ្នកដទៃនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ បរាជ័យអាជីវកម្ម? មានវិធីកែខៃព្រោះគ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ

ចុចអាន៖​  អាចយំចេញឮ​​ៗ​ពេល​រងការ​ឈឺចាប់​អាចជួយដល់សុខភាព​វិញ​បាន