BREAKING NEWS
Search

រំភើបជាងច្បាំងឈ្នះសង្គ្រាមលោកលើកទី២ទៀត! អតីតយុទ្ធជន​វ័យ ៩៩ឆ្នាំ ជាសះ​ស្បើយ​ពីវីរុសកូវីដ១៩

អតីតយុទ្ធជនក្នុង​សង្គ្រាម​លោកលើកទីពីរ លោកតា Ermando Piveta ដែលបច្ចុប្បន្នមានអាយុ ៩៩ ឆ្នាំបានក្លាយជាបុរសជនជាតិប្រេស៊ីលចំណាស់ជាងគេដែលបានជាសះស្បើយពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកាលពីថ្ងៃអង្គារទី១៤ ខែមេសា។

លោកតាវ័យចំណាស់រូបនេះ បានចាកចេញពីមន្ទីរពេទ្យ Armed Forces នៅតំបន់ Brasilia ដោយមានពាក់មួកកងទ័ព និងសំពះលាពីរទេះរុញទៅកាន់បុគ្គលិកពេទ្យដែលបានជួយព្យាបាលគាត់។ លោកតាដែលទើបជាសះស្បើយរូបនេះ មានប្រសាសន៍ថា ការឈ្នះលើការប្រយុទ្ធនឹងវីរុសកូវីដ-១៩ សម្រាប់លោកតា វាធំជាងការឈ្នះសង្គ្រាមលោកទៅទៀត។ លោកតាថា “នៅក្នុងសង្គ្រាមពិតប្រាកដអ្នកមានតែសម្លាប់រឺរស់ប៉ុណ្ណោះ ប៉ុន្តែនៅទីនេះអ្នកកំពុងច្បាំងជាមួយអ្វីដែលមើលមិនឃើញ ហើយត្រូវតែឈ្នះក្នុងការប្រយុទ្ធដើម្បីរស់នៅ”។

លោកតា Ermando Piveta គឺជាអតីតអនុសេនីយឯកទី ២ នៅក្នុងជួរកងទ័ពប្រេស៊ីលក្នុងកំឡុងសង្គ្រាមលោកលើកទី ២ និងបានបម្រើការនៅទ្វីបអាហ្វ្រិក។

អ្នកជំងឺវ័យចាស់ដែលជាសះស្បើយរូបនេះ បានធ្វើតេស្តរកវីរុសកូវីដ-១៩ រយៈពេលពីរសប្តាហ៍មុន ហើយបានចំណាយពេលពីរថ្ងៃនៅក្នុងបន្ទប់ថែទាំបន្ទាន់របស់មន្ទីរពេទ្យក្រោយពីតេស្តវិជ្ជមានវីរុសនេះ។ នាយកមន្ទីរពេទ្យ Armed Forces បានឲ្យដឹងថា លោកតា Ermando Piveta មិនបានប្រើបំពង់អុកស៊ីហ្សែនទេ ហើយបានជាសះស្បើយឡើងវិញដោយសារតែលោកតាមានរាងកាយមាំទាំ។

ការជាសះស្បើយរបស់លោកតា Ermando Piveta និងការចាកចេញពីមន្ទីរពេទ្យរបស់គាត់ជាសញ្ញានៃក្ដីសង្ឃឹមមួយសម្រាប់ប្រទេសប្រេស៊ីល បន្ទាប់ពីប្រទេសនេះហាក់មានភាពដុនដាបជាមួយនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយកន្លងមក។ ដោយឡែកក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងដែរថា គិតមកដល់ថ្ងៃពុធនេះ មេរោគកូរ៉ូណាបានឆ្លងដល់មនុស្ស ២៥ ៦៨៤ នាក់និងសម្លាប់មនុស្ស ១៥៥២ នាក់ដោយចំនួនអ្នកស្លាប់មាន ២០៤ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយក៏មានមនុស្សជាសះស្បើយពីជំងឺចំនួន ១៤ ០២៦ នាក់ផងដែរ៕

ចុចអាន៖  UN និយាយ​ថា​ នេះ​ជា​គ្រា​អាសន្ន​រួមគ្នា​ មិនមែន​ជា​ពេល​ដែល​លោក Trump ត្រូវ​កាត់​បន្ថយ​ជំនួយ​របស់ WHOឡើយ

ចុចអាន៖ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ និងរដ្ឋមន្ត្រីកាត់ប្រាក់ខែខ្លួន ២០% ដើម្បីជួយទប់ទល់វិបត្តិវីរុសកូវីដ-១៩

ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters