លោក Bill Gates និងភរិយាបរិច្ចាគជាង ៥៣ ពាន់លានដុល្លារក្នុងមូលនិធិដើម្បីសកម្មភាព​សង្គ្រោះ​ពិភពលោក​ជា​ច្រើន

ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះចាប់តាំងពីបានបង្កើតមក មូលនិធិហ្គេតស៍ រកប្រាក់បានចំនួន ៥៣,៨ ពាន់លានដុល្លារ។ នៅក្នុងលិខិតប្រចាំឆ្នាំស្តីពីសកម្មភាពរបស់ មូលនិធិលោក Bill និងអ្នកស្រី Melinda Gates បាននិយាយថា មូលនិធិនេះដំណើរការប្រាក់លើការចាក់វ៉ាក់សាំង និងមិនបានចំណាយលើផ្នែកអប់រំទៅលើអង្គការណាមួយឡើយ។ សព្វថ្ងៃគេកំពុងតែចាំមើលថា តើទាំងពីរនាក់ប្ដីប្រពន្ធនេះនឹងមានគម្រោងផ្តល់អ្វី បន្ទាប់ពីប្រមូលប្រាក់បានរាប់ពាន់លានដុល្លារ?

មូលនិធិហ្គេតស៍ផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើផ្នែកសុខភាពពិភពលោក និងការអប់រំនៅសហរដ្ឋអាមេរិក ដែលបទពិសោធន៍ដំបូងបង្អស់នៃមូលនិធិនេះគឺពាក់ព័ន្ធនឹងវ៉ាក់សាំង។ ពួកគេបានដឹងថា កុមារនៅក្នុងប្រទេសមួយចំនួនបានស្លាប់ដោយសារជំងឺដែលងាយបង្ការបាន តាមរយៈសម្ព័ន្ធភាពថ្មីមួយដែលបានបង្កើតឡើងហៅថា Gavi ។ មូលនិធិនេះបានធ្វើការជាមួយរដ្ឋាភិបាល និងអង្គការដទៃទៀតដើម្បីរៃអង្គាសប្រាក់ទិញវ៉ាក់សាំង។

ក្រុមប្រមូលថវិកាមូលនិធិមិនបានដឹងថា តើវានឹងមានប្រសិទ្ធិភាព ឬថាតើរដ្ឋាភិបាលនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនឹងទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងដល់កុមារដែរឬទេ។ ប៉ុន្តែនៅឆ្នាំ ២០១៩ កម្មវិធីនេះទទួលបានជោគជ័យដោយជួយការពារការស្លាប់ ១៣ លាននាក់ និងចាក់វ៉ាក់សាំងបានច្រើនជាង ៧៥% នៃកុមាររាប់ពាន់លាននាក់។ វាក៏បានជួយបញ្ចុះថ្លៃវ៉ាក់សាំងច្រើនជាង ៧០%ផងដែរ ។ ទោះយ៉ាងណាមានកុមារខ្លះនៅតែមិនទាន់បានចាក់វ៉ាក់សាំងទេ។ បច្ចុប្បន្ននេះមូលនិធិគ្រោងនឹងធ្វើការលើការចាក់វ៉ាក់សាំងជាមូលដ្ឋានដល់កុមារជាបន្តទៀត។

ការងារផ្សេងទៀតរបស់មូលនិធិហ្កេតស៍  គឺជួយដល់អ្នកមានការលំបាក។ មូលនិធិនេះ បានគ្រោងចុះអប់រំពលរដ្ឋនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ដូចជាផ្ដល់ថ្នាំបង្ការដល់អ្នកជំងឺអេដស៍ អប់រំពីវិធីការពារជំងឺ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការបញ្ចប់អំពើហឹង្សាផ្លូវភេទ។

លោកស្រី Melinda Gates សរសេរនៅក្នុងលិខិតថា “ ប្រសិនបើអ្នកបានសួរយើងកាលពី ២០ ឆ្នាំមុនយើងបានទាយថា សុខភាពពិភពលោកគឺជាការរងគ្រោះដ៏ធំបំផុតរបស់មូលនិធិយើង ហើយការងារអប់រំរបស់សហរដ្ឋអាមេរិកគឺជាតំណាងដ៏ពិតប្រាកដបំផុតរបស់យើង” ។ លោកស្រីបន្តទៀតថា តាមពិតវាបានប្រែទៅជាផ្ទុយស្រឡះពីការគ្រោងទៅវិញ។ ការខិតខំប្រឹងប្រែងផ្តល់ថវិកាដោយមូលនិធិហ្គេតស៍បានចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីព្យាយាមកែលម្អអត្រាបញ្ចប់ការសិក្សានៅវិទ្យាល័យមួយក្តាប់តូច តាមរយៈការវាយតំលៃគ្រូនិងផ្តល់ជំនួយ ប៉ុន្តែវាមិនបានជួយអ្វីឡើយ។ គ្រូភាគច្រើនត្រូវបានគេវាយតម្លៃថា គ្មានប្រសិទ្ធភាពហើយគេនៅមិនច្បាស់ពីវិធីជួយគ្រូឱ្យបានប្រសើរឡើងទេ។ គេបានរាយការណ៍មកថា សិស្សជាច្រើនបានបញ្ចប់ការសិក្សានៅវិទ្យាល័យហើយ តែពួកគេជាច្រើននៅតែមិនបានបន្តការសិក្សានៅមហាវិទ្យាល័យ។ លោកស្រី Melinda Gates មានប្រសាសន៍ថា ផ្នែកមួយនៃបញ្ហា គឺមិនទាន់កំណត់បានពីបញ្ហា និងគួរប្រើអន្តរាគមន៍ណាមួយដែលអាចដំណើរការបានល្អចំពោះបញ្ហានេះ។ ឥឡូវនេះមូលនិធិកំពុងផ្តោតការខិតខំប្រឹងប្រែងបន្ថែមទៀតលើការជួយបណ្តាញសាលារៀនក្នុងស្រុកដើម្បីរកដំណោះស្រាយតាមមូលដ្ឋានឲ្យបានប្រសើរឡើង។

លោកស្រី Melinda Gates បន្តនៅក្នុងលិខិតទៀតថា ពេលខ្លះមូលនិធិហ្កេតស៍ដ៍ត្រូវបានគេរិះគន់ផងដែរ។ នៅក្នុងវិចារណកថាមួយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បានលើកឡើងថា មូលនិធិហ្គេតស៍បានផ្តោតតែលើជំងឺគ្រុនចាញ់ និងបានចំណាយប្រាក់ច្រើនជាងអង្គការសុខភាពពិភពលោកទៅទៀតនៅក្នុងតំបន់ខ្លះ ប៉ុន្តែមិនឃើញមានផ្លែផ្កាអ្វីឡើយ។ ប៉ុន្តែលោកស្រីថា តំបន់ខ្លះមានភាពជឿនលឿនដោយពុំចាំបាច់ជំនួយពីមូលនិធិហ្កេតស៍ទេ។

ទោះជាយ៉ាងណា នៅប៉ុន្មានឆ្នាំខាងមុខនេះមូលនិធិហ្កេតស៍ នឹងផ្តោតសំខាន់លើបញ្ហាសំខាន់២ទៀតគឺ ការផ្លាស់ប្តូរអាកាសធាតុដោយជួយប្រជាជនក្នុងប្រទេសក្រីក្រឱ្យអាចសម្របខ្លួនទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីអាកាសធាតុប្រែប្រួល និងមួយទៀតគឺ សមភាពយេនឌ័រ។ លោកស្រី Melinda Gates សរសេរថា ការរីកចម្រើនលើសមភាពយេនឌ័រមានភាពយឺតយ៉ាវ ពីព្រោះពិភពលោកមិនបានចាត់ទុកសមភាពយេនឌ័រជាអាទិភាពទេ ។ ប៉ុន្តែនោះហើយជាអ្វីដែលមាត្រដ្ឋានរបស់មូលនិធិហ្គេតស៍អាចជួយផ្លាស់ប្តូរបាន។ ក្នុងលិខិតបាននិយាយថា “គោលដៅរបស់មូលនិធិហ្កេតស៍មិនមែនគ្រាន់តែជាវឌ្ឍនភាពកើនឡើងទេ តែវាជាការដាក់កម្លាំងពេញលេញនៃកិច្ចខិតខំប្រឹងប្រែងនិងធនធាន ដើម្បីឲ្យទទួលបានជោគជ័យក្នុងការជួយសង្គ្រោះនិងធ្វើឲ្យជីវិតមនុស្សបានប្រសើរឡើង” ៕

 

ចុចអាន៖ Jack Ma និង Bill Gates បរិច្ចាគម្នាក់​រាប់សិប​លានដុល្លារសម្រាប់ការប្រយុទ្ធ និង​បង្កើត​វ៉ាក់សាំង​វីរុសកូរ៉ូណាថ្មី

Bill Gates និង Paul Allen មានទំនាក់ទំនងអ្វីជាមួយគ្នា?

 

ប្រែសម្រួល៖ សន្យា