ស្រុក​ភ្នំស្រុក​ ព្រះនេត្រព្រះ​ សិរីសោភ័ណ ​អូរជ្រៅ​ ​​មង្គលបូរី​ មាន​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​​ ​កំពុង​មាន​វត្ត​មាន​នៅ​តាម​វាលស្រែ

បន្ទាយមានជ័យ​ ៖ ​មកទល់​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​នេះ សត្វ​ស្លាប​ចម្រុះ​មាន​រាប់ពាន់​ក្បាល​ បាន​បន្ត​កើន​ចំនួន ហើយ​បង្ហាញ​វត្តមាន​​ នៅ​តាម​បឹងបួ ​ត្រពាំង អូរ ប្រឡាយ​ និង​វាលស្រែ​នៅ​ជាយ​ភូមិ​អ្នកស្រុក​ជិតៗ​អ្នកស្រុក​ នៅ​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ ក្រុង​សិរីសោភ័ណ ស្រុក​អូរជ្រៅ មង្គល​បូរី​ជាដើម។

សត្វ​ស្លាប​គ្រប់​ប្រភេទ​និង​រាប់ពាន់​ក្បាល​ទាំងនោះ​ គេ​បាន​ប្រទះឃើញ​ហិចហើរ​លើ​វេហា ​និង​ចុះ​រក​ចំណី​​លើ​ទីតាំងនៅ​ចំណុច​ខាងលើ ដែល​មើល​ទៅ​ដូច​ទិដ្ឋភាព​ធម្មជាតិ​ពី​សម័យ​បូរាណ។ កសិករ​ម្ចាស់​ស្រែប្រាំង​ បាន​ឲ្យ​ដឹង​ថា ដី​វាលស្រែ​ និង​ទីសាធារណៈ​មួយចំនួន​ តាំងពី​រដូវវស្សា រដូវរំហើយ​មកទល់​រដូវប្រាំង​នេះ វត្តមាន​សត្វ​ស្លាប​គោក សត្វ​ស្លាប​ទឹក បាន​ចុះ​ច្រើន​នៅ​តាម​វាលស្រែ​ ដែល​គេ​​ភ្ជួរ​រាស់ ​ធ្វើស្រែ​ប្រាំង ​ ​​ ​និង​តាម​វាលស្រែ ​ដែល​ច្រូតកាត់​ប្រមូល​ផល​ហើយ​ថ្មីៗ។ សត្វ​ស្លាប​ខ្លះ​រកស៊ី​តែ​ក្តាម​ខ្យង សត្វល្អិត​ និង​គ្រាប់​ស្មៅ តែ​សត្វ​ខ្លះ​ក៏​ជាន់​ស្រូវ​ឲ្យ​ខូចខាត​ដែរ។

កាលពី​ថ្ងៃទី​១២ ​ខែ​​កុម្ភៈ ​ប្រជាកសិករ​ បាន​ឃើញ​សត្វ​ស្លាប​បង្ហាញ​វត្តមាន​ដោយ​ចុះ​រកស៊ី​ចំណី​ និង​ហើរ​ប្រឡែង​គ្នា​ទាំង​ហ្វូងៗ​មាន​ដូច​ជា សត្វ​ចង្កៀលខ្យង ក្រសារ ប្រវឹក ប្រវែក ក្អែកទឹក ក្អែកគោក ទុង ត្រ​យ៉ង ខ្វែក កុក ស្មោញ។

កសិករ​និង​មន្ត្រី​ក្សេត្រសាស្ត្រ​អះអាង​ថា វត្តមាន​សត្វ​ស្លាប​ច្រើន គួរ​សប្បាយចិត្ត ល្អមើល ហើយ​បង្ហាញថា មនុស្ស​និង​សត្វ​លែង​ចង​គ្នា​ជាស​ត្រូវ លែង​សូវ​មានការ​បរបាញ់​ទៀតហើយ​។ នៅតាម​វាលស្រែ​ស្រូវ​មាន​លក្ខណៈ​ធម្មជាតិ​ច្រើន ​​មិនសូវមាន​សារ​ជាតិ​គីមី​ថ្នាំពុល​ហួស​ប្រមាណ​ដូច​មុន​នោះទេ។

លោក​វរសេនីយ៍ យ៉​ត សុផល ​​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ការ​យាយី ដាក់​ថ្នាំ​ និង​ប្រមាញ់​សត្វ​ស្លាប ​ត្រូវបាន​​​ទប់ស្កាត់​បង្ក្រាប​បាន​ស្ទើរ​ទាំងស្រុង​ហើយ ជាពិសេស គឺ​ពលរដ្ឋ​ បាន​ចូលរួម​សហការ​ ឬ​អាច​ថា ​​ពួកគាត់​លែង​បរបាញ់​សម្លាប់​សត្វ​ទៀតហើយ។

ទោះ​យ៉ាង​នេះ​ក្តី ​ក្រុម​មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន​តំបន់​ការពារ​ទេសភាព​អាង​ត្រពាំង​ថ្ម​ និង​សកម្មជន​សត្វព្រៃ​ បាន​ឲ្យ​ដឹង​ថា ​សត្វ​ស្លាប់​កម្រ​និង​សត្វ​ស្លាប​ជិត​ផុត​ពូជ​មួយ​ចំនួន​ ពិសេស​គឺ​សត្វ​ក្រៀល​ក្បាល​ក្រហម​ដែល​សំខាន់​ជាងគេ សត្វ​រនាល​ពណ៌​ រនាល​ប្រផេះ ក្ងរ ខ្សឹប ទាព្រៃ និង​សត្វ​ល្មូន សត្វ​ម្រឹគ​ពិសេស​រមាំង ឈ្លូស មិន​មិនសូវ​បង្ហាញ​វត្តមាន​​នៅ​ទីនោះ នៅ​ឡើយ៕
គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114