មជ្ឈមណ្ឌលជាតិផ្ដល់ឈាមកំពុងប្រឈមនឹងការខ្វះខាតឈាមធ្ងន់ធ្ងរសម្រាប់សង្រ្គោះជីវិតមនុស្ស
BREAKING NEWS
Search

មជ្ឈមណ្ឌលជាតិផ្ដល់ឈាមកំពុងប្រឈមនឹងការខ្វះខាតឈាមធ្ងន់ធ្ងរសម្រាប់សង្រ្គោះជីវិតមនុស្ស

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឲ្យដឹងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម កំពុងប្រឈមនឹងកង្វះឈាមយ៉ាងធ្ងន់ធ្ងរក្នុងការសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺត្រូវការឈាមជាចាំបាច់ដែលតម្រូវឲ្យក្រុមគ្រួសារឬសាច់ញាតិរបស់អ្នកជំងឺផ្តល់ឈាមជំនួស។

ថ្លែងនៅ​ក្នុងពិធីបើយុទ្ធនាការផ្តល់ឈាមនៅរោងចក្រមីជាតិកាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ លោកបានបន្តថាបច្ចុប្ប្ននេះមជ្ឈមណ្ឌលកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដ៏លំបាក ដោយសារគ្មានឈាមស្ដុកទុក សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺខណៈក្នុងមួយថ្ងៃតម្រូវការឈាមមានរហូតដល់ទៅជាង​២០០​ប្លោក។

លោកបានបញ្ជាក់ថារយៈពេល ៥ខែដើមឆ្នាំ២០២០នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានឈាមជិត៤ម៉ឺនប្លោក ក្នុងនោះឈាមដែលបានមកពីអ្នកស្ម័គ្រចិត្ដប្រមាណជិត៣០០០កំប្លោកតែប៉ុណ្ណោះហើយក្រៅពីនេះបានមកពីក្រុមគ្រួសារឬសាច់ញាតិអ្នកជំងឺ។

លោកបានពន្យល់ថា មូលហេតុដែលមជ្ឈមណ្ឌលមានការខ្វះឈាមនៅក្នុងស្តុកនេះគឺបណ្តាលមកពីវិបត្ដិ នៃជំងឺកូវីដ១៩ ដោយមជ្ឈមណ្ឌលមិនបានរៀបចំប្រារព្ធកម្មវិធីធំៗ ដើម្បីទទួលអំណោយឈាមដូចរាល់ឆ្នាំហើយម្យ៉ាងទៀតអ្នកស្ម័គ្រចិត្ដផ្ដល់ឈាម ក៏មានធ្លាក់ចុះច្រើនបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

លោកវេជ្ជបណ្ឌិតបានអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសពិសេសក្រុមយុវជន ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅសូមបន្តចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ ដែលត្រូវការឈាមចាំបាច់ដូចជាអ្នកជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺ​បេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រ ក្រតីនៅមុននិងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម ការព្យាបាលថែទាំជំងឺមហារីកពិសេសការដូរក្រលៀនដែលជាសេវាកម្មថ្មីមួយដែលត្រូវការឈាមច្រើនឲ្យបានទាន់ពេលវេលា ។

លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចំនួនបីដែលផ្តោតលើវិស័យម្ហូបអាហារនិងទឹកបរិសុទ្ធបានសន្យាថា នឹងបន្តសកម្មភាពផ្តល់ឈាមជួនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីឲ្យមជ្ឈមណ្ឌលអាចមានស្តុកឈាមគ្រប់គ្រាន់យកទៅ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់។

លោកបានបន្តថា«អំណោយឈាម ជាអំពើដ៏វិជ្ជមានប្រសើរបំផុតដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ សកម្មភាពនេះ ស្តែងឲ្យឃើញពីការធ្វើទាន ឬកុសលដ៏ធំធេង»។

ជាមួយគ្នានេះដែរលោក បានអំពាវនាវដល់វិស័យឯកជននានា បើអាចធ្វើបានសូមបន្តចូលរួមផ្តល់ឈាមឲ្យបានថែមទៀត ដោយសារការរៀបចំនៅក្នុងរោងចក្ររបស់យើងមិនមានប៉ះពាល់ការឆ្លងជំងឺកូវីដ១៩នោះទេព្រោះយើងបានបង្កានិងអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំទៅលើកម្មករដែលបម្រើការងារនៅក្នុងរោងចក្រដូចជាពាក់ម៉ាស់ វាស់កម្តៅ លាងដៃជាមួយអាល់កុល។ លោកវេជ្ជបណ្ឌិត សុខ ប៉ូបានបញ្ជាក់ថាកម្មវិធីផ្តល់ឈាមនាពេលនេះ យើងបានប្រមូលឈាមចំនួន១១២ប្លោក ដែលនេះជាការបរិច្ចាគឈាមច្រើនជាងគេក្នុងរយៈពេល៥ខែចុងក្រោយ ក្នុងអំឡុងពេលកូវីដ១៩។ ក្នុងនោះ មានអ្នកបរិច្ចាគឈាមសរុប១២៨នាក់៕

អត្ថបទ៖ សំអឿន