គ្រាប់បែក ​ដែល​រុករក​ឃើញ​១​គ្រាប់ នៅ​ការដ្ឋាន​មួយ ​ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ​ នឹង​ត្រូវ​កម្ទេច​ចោល​នៅ​រសៀល​ថ្ងៃ​ទី​១៤​​កុម្ភៈ

ភ្នំពេញ ៖ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា នឹង​ធ្វើការ​កម្ទេច​ចោល​គ្រាប់បែក​ដែល​រុក​រក​ឃើញ​ចំនួន​១​គ្រាប់​ នៅ​ការដ្ឋាន ស្ថិតនៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ ​នៅ​រសៀល ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី។

ជា​មួយ​គ្នា​នេះ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បាន​សូម​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ដែល​ប្រកប​អាជីវកម្ម​ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​តំបន់​ខាង​លើ​ ផ្អាក​ការដ្ឋាន​របស់ខ្លួន​ជា​បណ្ដោះអាសន្ន និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ខាង​លើ កុំ​មានការ​ភ្ញាក់ផ្អើល​នឹង​សំឡេង​កម្ទេច​ចោល​នេះ​។​

នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង ស្ដីពី​ការ​កម្ទេច​ចោល​គ្រាប់បែក​នៅ​ភូមិ​កប់​ស្រូវ ​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៣​កុម្ភៈ​នេះ ដែល​ក្នុង​សេចក្ដីជូនដំណឹង​នេះ​មានន័យ​ដើម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​ដែល​ប្រកប​អាជីវកម្ម ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​តំបន់​កប់​ស្រូវ ឲ្យ​បាន​ជ្រាបថា នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង១៣​និង​០០នាទី មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា នឹង​ធ្វើការ​កម្ទេច​ចោល​គ្រាប់បែក​ដែល​រុក​រក​ឃើញ​ចំនួន​១​គ្រាប់​ នៅ​ការដ្ឋាន​ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​កប់​ស្រូវ​ សង្កាត់​គោក​រកា ​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​បាន​ទម្លាក់​ដោយ​យន្តហោះ អឹម​ខេ 81។ ដោយ​ពិនិត្យ​ឃើញ​គ្រាប់បែក​នេះ ​ស្ថិត​ក្នុង​ស្ថានភាព ​និង​គុណភាព​ អាច​បង្ក​ឲ្យ​ផ្ទុះ​ ហើយ​មិន​អាច​ដោះ​បន្សាប​ដើម្បី​ដឹកជញ្ជូន​ចល័ត​បាន ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ​នឹង​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែម្ដង។

ដូច្នេះ​ ដើម្បី​រក្សា​នូវ​សន្តិសុខ​សុវត្ថិភាព​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​ដែល​ប្រកប​អាជីវកម្ម​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​តំបន់​ខាងលើ​ ត្រូវ​ផ្អាក​ការដ្ឋាន​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ខាងលើ​ កុំ​មានការ​ភ្ញាក់ផ្អើល​នឹង​សំឡេង​កម្ទេច​ចោល​នេះ​។​

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ​ ក្នុង​ការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រដ្ឋបាល​ខណ្ឌ​ព្រៃ​ព្នៅ រដ្ឋបាល​ខណ្ឌ​សែន​សុខ ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ និង​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114