សៀវភៅ«ការឈឺចាប់»ស្នាដៃថ្មីសន្លាង​របស់អ្នកនិពន្ធ ម៉ីសន​សុធារី​ចេញ(Trailer)ផ្លូវការ​

ម្ចាសសៀវភៅ«ពេលវេលា»បានចេញ Trailerសៀវភៅ​អប់រំជីវិត​ថ្មីសន្លាង​មួយទៀត ដែលមានចំណងជើងថា «ការឈឺចាប់»។

វីដេអូជាងមួយនាទី បានបង្ហាញរូបភាពសម្តែងរបស់សមាជិកវ័យ១៧ឆ្នាំ​ នៃក្រុមម៉ីសនសុធារីហ្វេនក្លឹប MST ដែលទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំង​ក្នុងចំណោម​យុវវ័យនានា ដោយ​ការ​បង្ហាញចេញទស្សនវិជ្ជាមួយចំនួន លើកជាកម្លាំងចិត្ត​តស៊ូ​ដល់យុវវ័យនិងវ័យជំទង់ ឱ្យកាន់តែរឹងមាំក្នុងការត្រៀមលក្ខណៈទទួលយកបទពិសោធន៍ជីវិត។

អ្នកនិពន្ធនៅមិនទាន់និយាយអំពីអ្វី​ដែលជាខ្លឹមសារ​ធំៗក្នុងកម្រងសៀវភៅនេះប្រាប់កម្ពុជាថ្មីនៅឡើយ ​ប៉ុន្តែ​តាមឮពីក្នុង​សមាជិកក្រុមMST នេះជាសៀវភៅលើកទឹកចិត្ត​ដ៏មានអត្ថប្រយោជន៍មួយ។

យោងតាម កញ្ញា ស៊ុយ​ ស្រីនិច ប្រធានក្លឹប នឹងជា​ម្ចាស់ហាង​អនឡាញ Greys Univers ពិតជាមាន​អ្នកមកសួរនាំរកកក់សៀវភៅនេះច្រើន ​ខណៈ​ពេលដែល​សៀវភៅ ពេលវេលាបានដាច់ស្តុក​ហើយទទួលបានការកោតសរសើរខ្លាំង។

តម្រា បានសហការជាមួយកម្ពុជាថ្មី ជាដៃគូផ្សព្វផ្សាយ​នៃសៀវភៅថ្មីមួយចំណង​ជើង​នេះ។

លោក លុក ​វណ្ណរង្គ អ្នកនាំពាក្យរបស់ កម្ពុជាថ្មី អះអាងថានេះជាសៀវភៅ​ដ៏មានអត្ថប្រយោជន៍សម្រាប់សង្គមខ្មែរ​ ដែល​កម្ពុជាថ្មី មាន​មោទនភាពក្នុងកិច្ចសហការ។

លោក​ជីព ចិត្ត​ ស្ថាបនិក​តម្រា​ បានអះអាងមុននេះបន្តិចថា​ សៀវភៅ«ឈឺចាប់»គ្រោងបោះពុម្ពចេញ​៥ពាន់ក្បាល អនុលោមតាម​ការជជែកជាមួយអ្នកនិពន្ធអំពីកុងត្រាកម្មសិទ្ធិបញ្ញា ខណៈគ្រឹះស្ថាននេះមិនទាន់មានគម្រោង​បោះពុម្ពសៀវភៅពេលវេលាបន្ថែម​ឡើយ ខណៈការជជែកមិនទាន់​ត្រូវរ៉ូវ។

តម្រា បានជោគជ័យ​យ៉ាងខ្លាំង​ ក្នុងការ​ដាក់ចេញនូវប្រភេទ​សៀវភៅអប់រំជីវិត​ដំបូងរបស់ខ្លួនមាន​ឈ្មោះថា​«ពេលវេលា»ដែលប្រើពាក្យគន្លឹះថា«សៀវភៅដែល​ផ្លាសប្តូរជីវិតអ្នកអាន»ហើយលក់ដាច់អស់ពីស្តុកខ្លួន​តាំំងពី​រយៈពេល៩ខែក្រោយពេលបោះពុម្ពផ្សាយ​។

កញ្ញា​ទូច​បុប្ផា នាយិកា​តម្រា ក៏ជាអ្នកគ្រប់គ្រង​ទីផ្សារ​បាននិយាយថា ជាមួយ​ពាក្យស្លោកថ្មី«ការឈឺចាប់​ សៀវភៅបង្រៀនអំពីជិវិត»តម្រា​បានឃើញជាស្រេចអំពីជោគជ័យ​ថ្មីដែលនឹង​កាន់តែធំជាងមុន​។តាមគម្រោង​គេនឹងចេញលក់សៀវភៅ «ការឈឺចាប់»ក្នុងខែមិថុនាក្នុងតម្លៃ២៥០០០រៀល។

ហាណា

សូមទស្សនាវីដេអូTrailer