BREAKING NEWS
Search

ខេត្ត​រតនគីរី និង​ខេត្ត​យ៉ា​ឡាយ​-​ក​ន្ទុំ មាន​ខ្សែ​ព្រំដែន​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ មាន​បង្គោល​ព្រំដែន​ធំៗ​ចំនួន​៤០

រតនគិរី​ ៖ លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មកា​រ​ព្រំដែន​កម្ពុជា​បាន​ថ្លែង​ថា ខ្សែ​ព្រំដែន​រវាង​ខេត្ត​រតនគីរី​របស់​ប្រទេស​កម្ពុជា និង​ ខេត្ត​យ៉ា​ឡាយ​-​ក​ន្ទុំ របស់​ប្រទេស​វៀតណាម មាន​ប្រវែង​ប្រមាណ​ជាង​២១៦​គីឡូម៉ែត្រ ហើយ​ក្នុង​នោះ ត្រូវ​បោះ​បង្គោល​ព្រំដែន​ធំៗ​ចំនួន​៤០​បង្គោល តែ​មក​ដល់​ពេល​នេះ ភាគី​ទាំងពីរ បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​ធំៗ​ទាំងនោះ បាន​ចំនួន​៣១​បង្គោល​ហើយ​។​

ការ​បញ្ជាក់​របស់ លោក​ស្រី កុយ ពិសី បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ដីអំពី​ការងារ​កសាង​សំណង់ ផ្លូវ ខ្សែក្រវាត់​ព្រំដែន និង​ការ​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន កម្ពុជា​- វៀតណាម លើ​ភូមិសាស្ត្រ​ខេត្ត​រតនគិរី ក្រោម​អធិបតីភាព​ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ នាយ​ឧត្ដមសេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ លោកស្រី​បណ្ឌិត កុយ ពិសី លោក ថង សា​វ៉ុ​ន អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​រតនគិរី មេបញ្ជាការ មេបញ្ជាការ​រង និង​នាយទាហាន​ជំនាញ​ជាច្រើនរូប​ទៀត នៃ​បញ្ជាការដ្ឋាន​វិស្វកម្ម​។​

លោកស្រី កុយ ពិសី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បង្គោល​ព្រំ​ដែនកម្ពុជា​-​វៀតណាម ចំនួន​១៣៣​បង្គោល នៅ​ខេត្តរតនគិរី ប្រទេស​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ​-​ក​ន្ទុំ ប្រទេស​វៀតណាម ត្រូវ​បាន​សង់​រួចរាល់​ហើយ និង​បានប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគីរី និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់គ្រង និង​ថែរក្សា​ឲ្យ​បាន​ស្ថិតស្ថេរ​។

លោកស្រី​បញ្ជាក់ថា នៅ​ខេត្ត​រតនគីរី ប្រទេស​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ​-​ក​ន្ទុំ ប្រទេស​វៀតណាម មាន​ខ្សែ​ព្រំដែន​ប្រវែង​ប្រមាណ​ជាង​២១៦​គីឡូម៉ែត្រ មាន​បង្គោល​ព្រំដែន​ធំ​ចំនួន​៤០​បង្គោល ក្នុង​នោះ​ភាគី​ទាំងពីរ បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​ធំ​បាន​ចំនួន​៣១​បង្គោល និង​ បង្គោល​ព្រំដែន​បំពេញ​បន្ថែម បាន​ចំនួន​៨២​បង្គោល នៅ​តំបន់​ឯកភាព​គ្នា​។​

ប្រទេស​កម្ពុជា​-​វៀតណាម មាន​ព្រំដែន​ដីគោក​រួមគ្នា ប្រវែង​ប្រមាណ​១,២៧០​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​រួមគ្នា ចំនួន​៣១៤​បង្គោល​។ មកដល់​ពេលបច្ចុប្បន្ន​នេះ ការបោះបង្គោល​ព្រំ​ដែនរ​វាង​ប្រទេស​ទាំងពីរ សម្រេច​បាន​ប្រមាណ​៨៤​ភាគរយ​ហើយ​។ ភាគី​ទាំង​ពីរបាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​បញ្ចប់​បង្គោល​ព្រំដែន ហើយ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​នេះ ឲ្យ​ក្លាយ​ជា​តំបន់​សន្តិភាព និង​មាន​ការ​រីកចម្រើន ដែល​ផ្តល់​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទៅវិញទៅមក​។​

ទាក់ទង​បញ្ហា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​មាន​ប្រសាសន៍​ កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០១៩​ ថា ការងារ​ព្រំដែន​គោក​សម្រេច​បាន​ប្រមាណ​ជា​៨៤​ភាគរយ នៅសល់តែ​១៦​ភាគរយ​ទៀត នឹង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ចប់​នាពេល​ខាង​មុខ​។

សម្តេច​បញ្ជាក់​ថា ប្រសិនបើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ ប្រទេស​ទាំងពីរ​នៅតែ​កើតមាន​ទំនាស់​ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត ងាយ​ក្លាយជា​កម្មវត្ថុ​ប្រជែង​ផ្នែក​នយោបាយ​ទៀតផង ហើយ​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​នៅតាម​ព្រំដែន នឹង​មិន​អាច​កើតមាន​ទេ​។​

សម្តេច​លើកឡើង​ទៀតថា ដំណោះស្រាយ​បន្ត​នៅ​តំបន់​ដែល​មិនទាន់បាន​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន និង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​កសាង​ព្រំដែន​កម្ពុជា​-​វៀតណាម ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ការអនុវត្ត​ជា​អន្តរជាតិ ស្ដីពី​ការ​ទទួល​ស្គាល់​គោលការណ៍​មិន​កែប្រែ​ដែល​អាណានិគម​បាន​បន្សល់​ទុក​ឲ្យ​សម្រាប់​ធ្វើជា​មូលដ្ឋាន​រឹងមាំ​នាំមុខ​បន្ត​ទៀត ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​របស់​ប្រទេស​ទាំងពីរ​។ រាជរដ្ឋាភិបាល​កម្ពុជា ​នឹង​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ក៏ដូចជា​ព្រំដែន​កម្ពុជា​ជាមួយ​ឡាវ និង​ថៃ ឲ្យ​ទៅជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​គ្មាន​ការភ័យខ្លាច ទៅជា​តំបន់​ដែល​មាន​ជីវភាព​ធូរធារ និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​នីយកម្ម រុងរឿង​តរៀង​ទៅ​។​

បើតាម​ សម្ដេច​តេ​ជោ ហ៊ុន សែន កិច្ចការ​ព្រំដែន​នេះ បាន​និងកំពុង​អនុវត្ត​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ការ​បង្កើត​ទីផ្សារ និង​តំបន់​ផលិតកម្ម ដើម្បី​ឈានទៅ​ដល់​ការបន្ត​អភិវឌ្ឍន៍​រួមគ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ឲ្យ​ប្រជាជន​នៅ​តាម​ព្រំដែន​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​ទាំងអស់នេះ​៕


អត្ថបទ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114