អង់គ្លេសនឹងរឹតបន្តឹង​ច្បាប់​​លើអ្នកដែលមិនព្រមសំងំក្នុងផ្ទះ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ទើបនឹង​បានចេញបទបញ្ជាអោយមានការហាមឃាត់លើរាល់​ការធ្វើ​សកម្មភាព សាធារណៈ សំរាប់បណ្តា​ពលរដ្ឋអង់គ្លេស និងព្រមាន​ដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើតាម។

លោកបានប្រាប់ទៅកាន់​ប្រជាពលរដ្ឋអង់គ្លេសនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «គ្រប់គ្នា ត្រូវតែនៅផ្ទះ!  អ្នកដែល​មិនអនុវត្តតាម ប៉ូលីសនឹងមានអំណាចអនុវត្តការផាកពិន័យនិងដាក់បង្ខំាងប្រមូលផ្តុំគ្នា» ។

នៅអង់គ្លេស រាល់ការប្រមូលផ្តុំមនុស្សលើសពី​២នាក់ត្រូវបានហាមឃាត់។ មនុស្សម្នា ត្រូវបានអនុញ្ញាតិអោយចេញពីផ្ទះទៅធ្វើការ(ដែលមិនទាន់បិទឬមិនអាចធ្វើការពីផ្ទះបាន) ឬ​ការដើរទិញឥវ៉ាន់ចាំបាច់បំផុត សម្រាប់គោលបំណងវេជ្ជសាស្រ្ត។

លោក ចនសុនក៏បានប្រកាសបិទហាងទាំងអស់ ទុកតែឱសថស្ថាននិងអាហារ ចំណែក​បណ្ណាល័យ ទីកម្សាន្ត និងកន្លែងគោរពបូជាក៏ត្រូវបិទទ្វារ​ បិទទំាង​ព្រឹត្តិការណ៍រួម​ទំាង​កម្មវិធីសង្គមទាំងអស់ ដោយមិនរាប់បញ្ចូលពិធីបុណ្យសព។

ការរឹតបន្តឹងនេះ នឹងត្រូវពិនិត្យឡើងវិញបន្ទាប់ពីអនុវត្តិបានបីសប្តាហ៍សាកល្បងសិន។

ដោយព្យាយាម​ទទួលស្គាល់ថាសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេសខ្លាំង​ប៉ុន្តែលោកចនសុន ក៏បានបានបន្ថែម​ថា គ្មាន​ប្រព័ន្ធថែទាំសុខភាពណាមួយ​នៅលើពិភពលោកនេះ​អាចគ្រប់គ្រងផលប៉ះពាល់នៃ COVID-១៩ បានដោយរលូនទេដរាបណាការរាលដាលមិនត្រូវបានគេកាត់បន្ថយ។

លោកក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យដែលចូលនិវត្តន៍និងអតីតគ្រូពេទ្យចំនួន ៧.៥០០ នាក់ ដែលបានចុះឈ្មោះចូលរួមក្នុងបេសកកម្មដោះស្រាយវិបត្តិបង្កឡើងដោយ​វីរុសនេះ។

វិធានការណ៍ថ្មីនេះ កំពុងនាំឱ្យចក្រភពអង់គ្លេស មានភាពស្របគ្នាជាមួយ បារាំង អេស្បាញ និងអ៊ីតាលី ដែលប្រទេសទាំងនេះមានករណីឆ្លង​ដ៏ខ្ពស់​ត្រូវបានគេ​រាយការណ៍ចេញជារៀងរាល់ថ្ងៃ។

បច្ចុប្បន្នចក្រភពអង់គ្លេសមានករណីដែលត្រូវបានបញ្ជាក់ចំនួន ៦.៧២៤ និងមនុស្សស្លាប់ ៣៣៦ នាក់ ដោយមាន ១៤០ នាក់បានជាសះស្បើយឡើងវិញ។

ទោះបីជាគណៈរដ្ឋមន្ត្រីនៅតែ​ធ្វើការ​មមារញឹកមិនអាចឈប់ តែ​ពលរដ្ឋនានា​ត្រូវបានគេ​រំពឹងថា នឹងនៅសំងំក្នុងផ្ទះ។

នៅថ្ងៃអង្គារនេះ​ប្រទេសបារាំងបានប្រកាសថា គេនឹងបិទចោលតែម្តង​រាល់ទីផ្សារចំណីអាហារដើម្បី​រឹតបន្តឹងលើបទប្បញ្ញត្តិបង្ខាំង​ក្នុងផ្ទះ។

នាយករដ្ឋមន្ត្រីបារាំង​ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា« ពលរដ្ឋរបស់យើងជាច្រើនចង់ ឲ្យ អ្វីៗវិលត្រឡប់ដូចកាលពីមុន ប៉ុន្តែវានឹងមិនកើតឡើងនៅត្រឹម​ថ្ងៃស្អែកទេ»។ រយៈពេលនៃការសំងំក្នុងផ្ទះ អាចនៅបន្តច្រើនសប្តាហ៍ទៅមុខទៀត។

ចុចអាន

អ្នកវិទ្យាសាស្ត្រកំពុងបង្កើតឧបករណ៍ធ្វើតេស្តអាចរកឃើញវីរុសកូវីដ-១៩ ក្នុងរយៈតែ ៣០ នាទី និងមានតម្លែ ២៥ ដុល្លារប៉ុណ្ណោះ

Covid19ថ្មីបំផុត៖ បទបញ្ជាឱ្យនៅក្នុងផ្ទះសឹងទូទាំងពិភពលោក និងការប្តេជ្ញាចិត្ត​របស់អាមេរិកចំពោះសេដ្ឋកិច្ច​

ស្រស់