កំហុសនៃការចំណាយមួយចំនួនដែលថៅកែៗគួរចាប់អារម្មណ៍

អាជីវកម្មរមែង​តែងត្រូវការការចំណាយ ទើបរំពឹង​ទទួលបានផលចំណេញមកវិញ ក្នុងនោះការចំណាយខ្លះត្រូវបានខ្ជះខ្ជាយនិងខាតបង់ប្រយោជន៍ដោយសារ៖

ធ្វើទីផ្សារមិនត្រឹមត្រូវ

ដើម្បីធ្វើទីផ្សារយើងត្រូវដឹងច្បាស់ពីផលិតផល ឬសេវាកម្មរបស់ខ្លួន ហើយក៏ត្រូវដឹងពីប្រភេទអតិថិជនរបស់ខ្លួនដែរ  ព្រោះបើយើងមិនយល់ថាអតិថិជនដែលខ្លួនចង់បានជាមនុស្សប្រភេទណាទេនោះយើងក៏មិនអាចធ្វើទីផ្សារឲ្យចំគោលដៅបានឡើយ  រីឯលទ្ធផលលុយដែលចំណាយលើការធ្វើទីផ្សារនោះប្រៀបដូចជាយកទៅកប់ចោលអ៊ីចឹង។

ប្រើប្រាស់សម្ភារៈមិនចាំបាច់

ពេលខ្លះយើងអាចទិញសម្ភារៈប្រើប្រាស់លើសពីតម្រូវការក្នុងអាជីវកម្ម។ សម្ភារៈប្រើប្រាស់ខ្លះអាចរកទិញបានរបស់មួយទឹក ឬ ម៉ាកធម្មតាដែលមានគុណភាពមិនអន់ជាងគ្នាប៉ុន្មាន ហើយអាចប្រើប្រាស់បានដូចគ្នា។យើងអាចនឹងគិតថា បើប្រើរបស់គុណភាពល្អៗទាំងនោះនឹងធ្វើឲ្យអតិថិជនទុកចិត្ត តែតាមពិតពួកគេមើលទៅលើលទ្ធផលដែលអាជីវកម្មយើងផ្ដល់ឲ្យទៅវិញទេ។ បើសិនសេវាកម្ម ឬទំនិញយើងល្អ ទោះយើងប្រើសម្ភារៈថោកប៉ុនណាក៏ភ្ញៀវមិនខ្វល់ដែរ។

មិនកត់ត្រាការចំណាយ

ទោះបីជាការចំណាយរបស់យើងតិចតួចប៉ុនណាក៏ដោយ ក៏គួរតែកត់ត្រាទុកដែរដើម្បីមើលថាវាចាំបាច់ ឬមិនចាំបាច់ ព្រោះការចំណាយតូចតាចទាំងនោះនៅពេលបូកបញ្ចូលគ្នាអាចក្លាយទៅជាការចំណាយធំមួយ។ នៅពេលយើងកត់ត្រាការចំណាយបានល្អ លុះចុងដល់ខែយើងអាចមើលថា ការចំណាយណាខ្លះដែលមិនសូវចាំបាច់ ដើម្បីកាត់បន្ថយការចំណាយប្រភេទនោះទៀតនៅខែក្រោយ។

បុគ្គលិកច្រើនពេក

អាជីវកម្មខ្លះបែងចែកមុខងារជាច្រើនក្នុងកន្លែងការងាររបស់ខ្លួន រួចក៏ជួលបុគ្គលិកច្រើននាក់តាមផ្នែកនីមួយៗ។ ការធ្វើបែបនេះនឹងកាត់បន្ថយផលិតភាពក្នុងការងារ ព្រោះពាក្យចាស់ពោលថា “គ្នាច្រើនអន្សមឆៅ”  ដែលអាចធ្វើឲ្យបុគ្គលិកមិនចុះសម្រុងគ្នា រីឯការចំណាយទៅលើប្រាក់ខែក៏ច្រើន។ ក្នុងនាមជាម្ចាស់អាជីវកម្មបើគិតថា ខ្លួនជួលបុគ្គលិកមកដូចជាលើសពីតម្រូវការហើយ យើងអាចពិនិត្យមើលឡើងវិញថា តើមានផ្នែកណាខ្លះដែលអាចបង្រួមចូលគ្នាបាន ហើយចាប់ផ្ដើមជម្រុះបុគ្គលិកដែលលើសនោះចេញ។

ជួលគេមកពីក្រៅដើម្បីធ្វើការងារដែលអាចធ្វើខ្លួនឯងបាន

ការរកស៊ីជួញដូរនីមួយៗពិតជាពិបាក និងមានការងារជាច្រើនដែលត្រូវធ្វើដើម្បីដំណើរវាឲ្យការល្អទៅបាន។ ដើម្បីភាពងាយស្រួលម្ចាស់អាជីវកម្មមួយចំនួនចូលចិត្តហៅគេមកពីក្រៅសម្រាប់ធ្វើកិច្ចការធម្មតាមួយខ្លះដោយមិនព្រមធ្វើខ្លួនឯង ឬឲ្យបុគ្គលិករបស់ខ្លួនដែលចេះធ្វើ។ ជាការពិតការងារមួយចំនួនទៀត យើងចាំបាច់ត្រូវតែហៅអ្នកជំនាញមកពីក្រៅដើម្បីធ្វើវា ប៉ុន្ដែបើការងារដែលបុគ្គលិកយើងអាចធ្វើបានគួរតែឲ្យពួកគេជួយធ្វើដើម្បីកាត់បន្ថយចំណាយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖  កំហុសទាំង ៧ នៃសិល្បៈគ្រប់គ្រងមនុស្សដែលនាំឱ្យភាពជាអ្នកដឹកនាំចុះខ្សោយ

ចុចអាន៖ មុខវិជ្ជាចាំបាច់ ៥  យ៉ាងដែលក្នុងសាលាមិនបានបង្រៀនយើង