មេ​ឃា​ឈ្នះ​ជើងចាស់​សា​វិ​ន​ដោយ​ប្រផុតប្រផើយ ខ​ណៈ វណ្ណ​ដេ​ត ឈ្នះ​សំណាង​ដោយ​វេទនា
BREAKING NEWS
Search

មេ​ឃា​ឈ្នះ​ជើងចាស់​សា​វិ​ន​ដោយ​ប្រផុតប្រផើយ ខ​ណៈ វណ្ណ​ដេ​ត ឈ្នះ​សំណាង​ដោយ​វេទនា

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​វ័យក្មេង ម៉ឺន មេ​ឃា ក្លឹប​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ ដែល​ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​សុខ សា​វិ​ន ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ នៅ​ក្នុង​កម្មវិធី​ប្រដាល់​បិទទ្វារ​លើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​ទី​២៦ ​មិថុនា​២០២០​នោះ បាន​វាយ​ឈ្នះ​សា​វិ​ន​ដោយ​ពិន្ទុ​ប្រផុតប្រផើយ។ ម៉ឺន មេ​ឃា​និង​សុខ សា​វិ​ន ជួប​គ្នា​ក្នុង​ទម្ងន់​៦០​គ​.​ក្រ។

​ម៉ឺន មេ​ឃា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​បង្កើត​របស់​អតីត​ជើង​ខ្លាំង​អេ​ភូ​ថង​នោះ គេ​ឈ្នះ​លើ​សា​វិ​ន ដោយសារ​កណ្តាប់​ដៃ​របស់​គេ​វាយ​ចេញ​ត្រូវ​សា​វិ​ន​ច្រើន ​និង​ចំ​គោលដៅ​ល្អ។​ ប៉ុន្តែ​គេ​ក៏​រង​នូវ​ការវាយប្រហារ​ដោយ​ជើង​ទាត់ និង​ជង្គង់ ជាច្រើន​របស់​សុខ សា​វិ​ន​ដែរ គ្រាន់តែ​មិន​ចំ​គោលដៅ​ល្អ​នោះ។ ចំណែក អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ស៊ឹម វណ្ណ​ដេ​ត ក្លឹប​អាណាចក្រ​គុន​ខ្មែរ ដែល​គេ​ផ្តល់​ឱកាស​ឲ្យ​ស្តារ​កេរ្តិ៍ឈ្មោះ​ឡើងវិញ​នោះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ថ្មី​ឡុង សំណាង ក្លឹប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ប្រផុតប្រផើយ​ប៉ុណ្ណោះ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

​ឡុង សំណាង ចាញ់ វណ្ណ​ដេ​ត ក្នុង​ទឹក​ទី​៤ ដោយ​ត្រូវ​កណ្តាប់​ដៃ​របស់​វណ្ណ​ដេ​ត​ជាច្រើន​ដៃ ហើយ​ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨​ថែមទៀត។ ​ដូច្នេះ​ហើយ​ទើប​សំណាង​ចាញ់​ស៊ឹម វណ្ណ​ដេ​ត​ដោយ​ពិន្ទុ ដោយសារ​ចាញ់​នឹង​ត្រូវ​រាប់​៨​នោះ ។​

​ចំពោះ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ប្រកួត​ចាញ់ ងួន គា អ្នក​ប្រដាល់​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៦០​គីឡូក្រាម។ រីឯ ឯម ចំរើន ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ ប្រកួត​ចាញ់ រិ​ទ្ធ ប៊ុន​លាង ក្លឹប​អាណាចក្រ​គុន​ខ្មែរ​ក្នុង​ទឹក​ទី​៣ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥០០​គីឡូក្រាម៕

អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ផល​សោ​ភ័​ណ្ឌ ស្វាគមន៍​ការ​សុំ​ជួប​សាក​កណ្តាប់​ដៃ​របស់ លន បញ្ញា លើ​សង្វៀន បាយ័ន​យប់​ថ្ងៃអាទិត្យ​នេះ​