BREAKING NEWS
Search

ប្រធានាធិបតី​ប្រេស៊ីល​​បណ្ដេញ​រដ្ឋមន្ត្រី​សុខាភិបាល​​ចេញ​ពី​តំណែង ​​​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ​កាន់​តែ​ផ្ទុះ​ឡើង

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ប្រេស៊ីល​លោក Luiz Henrique Mandetta បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ដោយ​លោក​ប្រធានាធិបតី Jair Bolsonaro បន្ទាប់ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​សប្ដាហ៍ រវាង​អ្នក​ទាំងពីរ ​​ជុំវិញវិធាន​ការ​ឆ្លើយតប​របស់​ប្រទេស ​ចំពោះ​​រោគ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ។

លោក​ Mandetta បាន​ធ្វើ​សេចក្ដី​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Twitter បន្ទាប់ពី​មាន​ការ​ប្រជុំ​ជាមួយ​លោក Bolsonaro នៅ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី ប្រាស៊ី​លីយ៉ា ។ ទំនាក់ទំនង​របស់​ពួកគេ​កាន់​តែ​យ៉ាប់យ៉ឺន​ ចាប់តាំង​ពី​ការ​ចាប់ផ្ដើម​មាន​វិបត្តិ​នៃ​វីរុស​កូវីដ​នេះ។

លោក Mandetta បាន​ព្យាយាម​លើក​កម្ពស់​ការ​នៅ​ដាច់​ដោយឡែក​ ជា​ឧបករណ៍​មួយ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ។ ប៉ុន្តែ​លោក Bolsonaro បាន​គំរាមកំហែង​ម្ដង​ហើយ​ម្ដង​ទៀត និង​អះអាង​ថា​ជា​រឿង​ហួស​ប្រមាណ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ដោយសារ​ចំនួន​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​គូ​និង​ទស្សនវិស័យ ​ហាក់​ដូចជា​មិន​ត្រូវគ្នា។ ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​នេះ​ ប្រជាជន​នៅ​តាម​ទី​ប្រជុំ​ជន​ជា​ច្រើន​បាន​គោះ​ឆ្នាំង​ចាន ​និង​ផើង​ ដើម្បី​តវ៉ា​នឹង​ការ​បណ្ដេញ​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេស៊ីល​ជាច្រើន​បាន​ប្រកាស​ថា ​អ្នក​ជំនាញ​ខាង​ជំងឺ​មហារីក Nelson Teich នឹង​មក​ជំនួស​កន្លែង​លោក Mandetta។ លោក Teich ដែល​ជា​អ្នក​គាំទ្រ​មួយ​ទៀត​នៃ​ការ​ដាច់​ពី​សង្គម​ និង​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ពេល​ដែល​លោក Bolsonaro បាន​ចូល​កាន់​តំណែង​ មុន​ពេល​ដែល​អតីតប្រធានក្រុមកងទ័ព​រូប​នេះ​បាន​ជ្រើសរើស​លោក Mandetta ។

គួរ​បញ្ជាក់​ថា​ ប្រេស៊ីល​ដែល​ជា​ប្រទេស​ធំ​ជាងគេ​នៅ​អាមេរិក​ខាងត្បូង​ ដែល​មាន​ប្រជាជន ២១០ លាន​នាក់ មាន​អ្នក​ស្លាប់​ជិត ២ ០០០ នាក់​ ហើយ​មាន​ករណី​ឆ្លង ៣០០០០ ករណី។

អាជ្ញាធរ​ក៏​បាន​ព្យាករណ៍​ពី​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​ផ្ទុះ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល​ នឹង​ការ​កើន​ឡើង​នៅ​ចុង​ខែ​ មេសា​ ឬ​ដើម​ខែ ​ឧសភា៕

ចុចអាន៖សិង្ហបុរីកាន់តែ​កើនខ្លាំង រកឃើញករណីកូវីដ​១៩ថ្មីដល់ ៧២៨ នាក់​ក្នុងមួយ​ថ្ងៃ ភាគ​ច្រើន​ជា​ពលករ​បរទេស

ចុចអាន៖ប្រជាជន​ក្រីក្រ​នៅ​កូឡុំប៊ី​ តវ៉ា​ប្រឆាំង​នឹង​កង្វះខាត​ជំនួយ​ក្នុង​កំឡុង​ពេល​ផ្ដាច់​ខ្លួន​ដោយឡែក

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thejakartapost