ប្រេស៊ីលរាយការណ៍អ្នកស្លាប់ថ្មី ១១៨៨នាក់ទៀតហើយថ្ងៃនេះ ខណៈករណីសរុបជិតវ៉ាដាច់រុស្ស៊ីដែល​កំពុង​ឈរ​នៅ​លេខ២

ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ប្រចាំថ្ងៃរហូតដល់ ១១៨៨ នាក់ក្នុងថ្ងៃព្រហស្បតិ៍ ហើយកំពុងជិតវ៉ាមុខប្រទេសរុស្ស៊ីដើម្បីក្លាយជាប្រទេសលេខ ២ ដែលមានករណីឆ្លងច្រើនបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រនេះ តួលេខអ្នកស្លាប់សរុបនៅប្រទេសប្រេស៊ីលបានឈានដល់ ២ ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍ និងមានករណីឆ្លងសរុប ៣១០ ០៨៧ ករណី បន្ទាប់ពីមានករណីវិជ្ជមានថ្មីកើនឡើងជាង ១៨៥០០ នាក់ទៀតក្នុងមួយថ្ងៃចុងក្រោយ។ ចំនួនពិតប្រាកដគឺទំនងជាខ្ពស់ជាងនេះ ប៉ុន្តែប្រេស៊ីលមិនបានធ្វើតេស្តយ៉ាងទូលំទូលាយនោះទេ។

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កំពុងរងសម្ពាធកាន់តែខ្លាំងឡើងសម្រាប់ដំណោះស្រាយរបស់លោកចំពោះវិធាការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដែលមើលទៅនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រេស៊ីលនិងគំរាមកំហែងដល់ក្តីសង្ឃឹមនៃការបោះឆ្នោតឡើងវិញរបស់លោក។ លោកបានប្រឆាំងដាច់ខាតចំពោះវិធានការគម្លាតសង្គមដែលឲ្យប្រជាជននៅតែផ្ទះ ហើយបានជំរុញម្តងហើយម្តងទៀតឱ្យប្រើប្រាស់ថ្នាំ Chloroquine ជាឱសថព្យាបាលវីរុសទោះបីជាមានការព្រមានពីអ្នកជំនាញសុខភាពអំពីហានិភ័យរបស់វាក៏ដោយ។

ទំនាក់ទំនងរបស់លោក Bolsonaro ជាមួយអភិបាលរដ្ឋ និងអភិបាលក្រុងជាច្រើនក៏កាន់តែជូរចត់ទៅៗដែរ។ ប្រធានាធិបតីរូបនេះមានការខឹងសម្បារចំពោះការបិទទ្វារក្នុងតំបន់ដើម្បីបន្ថយការរីករាលដាលនៃវីរុស ហើយអះអាងថាការរក្សាដំណើរការសេដ្ឋកិច្ចគឺសំខាន់ជាង។

លោក Bolsonaro បាននិយាយថាលោកនឹងអនុម័តនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រនូវកម្មវិធីជំនួយសហព័ន្ធប្រមាណ ១០,៧ពាន់លានដុល្លារ សម្រាប់រដ្ឋនិងទីក្រុងនានាដែលរងគ្រោះដោយវីរុសនេះ ៕

ចុចអាន៖ កូវីដ១៩ឆ្លងដល់មនុស្ស ៥លាននាក់ ខណៈតំបន់មួយកំពុងវ៉ាមុខអាមេរិក និងអឺរ៉ុបលើចំនួនករណីឆ្លងថ្មី ៣ថ្ងៃជាប់គ្នា

ចុចអាន៖ អាមេរិកបរិច្ចាគម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម​រាប់​រយគ្រឿង​ទៅឲ្យប្រទេសរុស្ស៊ី

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ Reuters