សិស្ស​អនុវិទ្យាល័យ​ជា​ស្មន់ ​១២​នាក់ ពុល​នំ​បុ័ង ដែល​ទិញ​នៅមុខ​សាលា

សៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា សិស្សសាលា​អនុវិទ្យាល័យ​ជា​ស្មន់ ឃុំ​មានជ័យ ចំនួន​១២​នាក់​ស្រី​ បាន​ទិញ​នំ​បុ័ង​ញ៉ាំ​នៅមុខ​សាលា ​បណ្ដាល​ឲ្យ​ក្អួតចង្អោរ ហើយ​ត្រូវបាន ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​សាលា​អនុវិទ្យាល័យ​ជា​ស្មន់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ទោ​លឹម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤​នេះ​ថា មាន​សិស្សសាលា​ចំនួន​១២​នាក់ ​ស្រី​ទាំង​១២​នាក់​ បាន​ទិញ​នំ​បុ័ង​ញ៉ាំ ​រួច​ក៏មាន​អាការៈ​ក្អួតចង្អោរ ខណៈពេល​នេះ​យើង​បាន​បញ្ជូន​សិស្សសាលា​ទាំងអស់នោះ ​ទៅ​មណ្ឌល​សុខភាព​មានជ័យ​ជួយសង្គ្រោះ។

លោក​បន្តថា អ្នកលក់​នំ​បុ័ង​ឈ្មោះ​អ៊ី សីហា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ នៅ​ភូមិ​ជា​ស្មន់​ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ដែល​បាន​ទិញ​មក​ពីផ្សារ​រលួស​មក​ល​ក់ប​ន្ត​។​

លោក​បន្តថា ​តាម​ការសាកសួរ​ស្ត្រី​អ្នកលក់ នំ​បុ័ង​ខាងលើ បាន​ឲ្យ​ដឹងថា នំ​បុ័ង​ទាំងនេះ ទិញ​បន្ត​ពី​អ្នកផ្សារ​រលួស ហើយ​អ្នកផ្សារ​រលួស ទិញ​បន្ត​ពី​ខេត្តសៀមរាប​។​ លោក​បន្ថែមថា តាម​ការពិនិត្យ ជាក់ស្តែង​របស់​ជំនាញ បាន​ឲ្យ​ដឹងថា នំ​បុ័ង ទាំងនេះ ខ្លះ​ល្អ និង​ខ្លះទៀត​ផ្អូម​។​ ចឹ​ង​ហើយ​បានជា​សិស្ស​ញ៉ាំ​ទៅ​ឈឺពោះ​បែបនេះ​។​ ចំពោះ​វិធាន​ការបន្ត ខាង​សមត្ថកិច្ច​ជំនាញ​ខេត្ត​កំពុង​បន្ត​នីតិ​វី​ធី​ស្រាវជ្រាវ​។​បច្ចុប្បន្ន​សិស្សសាលា​ទាំង​នោះ បាន​ធូរស្បើយ​និង​ត្រលប់​ទៅផ្ទះ​វិញ​អស់​មួយចំនួន​ហើយ។

សូម​រម្លឹក​ថា នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​ កន្លងទៅ​ថ្មីៗ​នេះ​ មាន​ករណី​ពុល​នំ​បុ័ង ម្តង​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ជំនាញ​សហការ​គ្នា​ចុះ​បិទ​ឡ នំ​បុ័ង​ខាងលើ​ចោល​ហើយ ដែលមាន​ទីតាំងនៅ​ស្រុក​ប្រាសាទបាគង ដោយ​សមត្ថកិច្ច​រកឃើញ​ការផលិត​នោះ ​គ្មាន​អនាម័យ និង​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ៕
កុសល​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114