BREAKING NEWS
Search

សហរដ្ឋអាមេរិកនិងចិនវាយប្រហារគ្នាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ

ភាពតានតឹងរវាងអាមេរិកនិងចិនបានឈានដល់ចំណុចកំពូលក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានស្តីបន្ទោសប្រទេសចិនចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា។

លោកបានអំពាវនាវឲ្យប្រទេសចិនទទួលខុសត្រូវចំពោះការរាតត្បាតនេះ។

ចំណែកក្នុងសុន្ទរកថារបស់ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា ប្រទេសរបស់លោកគ្មានចេតនាក្នុងការធ្វើសង្គ្រាមត្រជាក់ជាមួយប្រទេសណាមួយឡើយ។

ចំណងទាក់ទងរវាងប្រទេសមហាអំណាចទាំងពីរមានភាពប្រេះឆាលើបញ្ហាជាច្រើន។

កិច្ចប្រជុំកំពូលនៅឆ្នាំនេះក្នុងទីក្រុងញូវយ៉កត្រូវបានប្រារព្ធធ្វើឡើងតាមអនឡាញដោយមេដឹកនាំពិភពលោកបានផ្តល់សុន្ទរកថាដែលថតទុកជាមុន។

លោក Trump បាននិយាយថា “យើងត្រូវតែឲ្យប្រជាជាតិដែលធ្វើឲ្យជំងឺកូវីដរាលដាលដល់ពិភពលោកទទួលខុសត្រូវ។ នោះគឺប្រទេសចិន”។

លោកនិយាយថា “នៅថ្ងៃដំបូងនៃវីរុស ប្រទេសចិនបានបិទការធ្វើដំណើរក្នុងស្រុកប៉ុន្តែអនុញ្ញាតឲ្យជើងហោះហើរចាកចេញពីចិនហើយចម្លងទៅពិភពលោក។ ប្រទេសចិនបានថ្កោលទោសបម្រាមធ្វើដំណើររបស់ខ្ញុំលើប្រទេសរបស់ពួកគេបើទោះបីជាពួកគេបានលុបចោលជើងហោះហើរក្នុងស្រុកនិងបានចាក់សោពលរដ្ឋនៅក្នុងផ្ទះរបស់ពួកគេក៏ដោយ”។

លោកប្រធានាធិបតី Trump ជាញឹកញាប់បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានបិទបាំងវីរុសនេះដោយលោកនិយាយថា ពួកគេអាចបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩បាន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានហៅការវាយប្រហារនេះថាជាការរំខានដោយគ្មានមូលដ្ឋាន។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកជាង២០ម៉ឺននាក់គឺជាចំនួនខ្ពស់បំផុតនៅលើពិភពលោកហើយលោកប្រធានាធិបតី Trump តែងតែមើលស្រាលជំងឺនេះ។

ភាពតានតឹងរវាងអាមេរិកនិងចិនបានឈានដល់ចំណុចខ្ពស់លើបញ្ហាមួយចំនួនទៀតរួមមានពាណិជ្ជកម្ម បច្ចេកវិទ្យា ហុងកុងនិងការប្រព្រឹត្តរបស់ចិនចំពោះជនជាតិភាគតិចមូស្លីមនៅខេត្តស៊ីនជាំង។

ភ្លាមៗបន្ទាប់ពីមេដឹកនាំអាមេរិកលើកឡើង លោកប្រធានាធិបតី Xi បានព្រមានអំពីហានិភ័យនៃការប៉ះទង្គិចអរិយធម៌។

លោកបាននិយាយថា “យើងនឹងកាត់បន្ថយភាពខ្វែងគំនិតគ្នានិងដោះស្រាយវិវាទជាមួយអ្នកដទៃតាមរយៈការសន្ទនានិងការចរចា។ យើងនឹងមិនស្វែងរកការអភិវឌ្ឍតែខ្លួនឯងឬចូលរួមលេងហ្គេមសូន្យនោះទេ”។

នៅក្នុងសុន្ទរកថាដែលត្រូវបានចេញផ្សាយមុននោះ លោកប្រធានាធិបតី Xi បានសំដៅទៅសហរដ្ឋអាមេរិកដោយនិយាយថា “គ្មានប្រទេសណាមួយមានសិទ្ធិត្រួតត្រាកិច្ចការសកល គ្រប់គ្រងជោគវាសនារបស់ប្រទេសដទៃឬយកគុណសម្បត្តិនៅក្នុងការអភិវឌ្ឍទាំងអស់មកឲ្យខ្លួននោះទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មហាសន្និបាតលើកទី៧៥៖ ប្រមុខ UN ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងធ្វើការរួមគ្នាដើម្បីលើកកម្ពស់អភិបាលកិច្ចពិភពលោក

ចុចអាន៖ ជប៉ុន បង្ហាញមហិច្ឆិតាចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ