ឮដំណឹងថា សាលា​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ពាន​បន្ថែម​នៅ​តំបន់​ច្បារអំពៅ​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​ផ្ទះ​សម្បែង​ហក់​ឡើង​

ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រភពពី​អ្នក​កួកជេ​ដី​ធ្លី​បាន​ប្រាប់​កម្ពុ​ជាថ្មី ​នៅ​ព្រឹក​ថ្ងៃទី​១៥ ​ខែមករា​នេះ​ថា​ហាងឆេង​ដីធ្លី​និង​ផ្ទះសម្បែង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​ហក់​ឡើង​ខ្ពស់​នឹក​ស្មាន​មិន​ដល់​។

តាម​ប្រភពពី​លោក​សុង វ៉ាន់​ធឿន ដែល​ជា​អ្នក​កួក​ជេ​ដីធ្លី​បាន​បន្ត​ថា ​មូលហេតុ​ដែល​ហាងឆេង​ដីធ្លី​ផ្ទះសម្បែង​ហក់​ឡើង​ខ្ពស់​បែបនេះ​ ចាប់​តាំងពី​សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ត្រង់​ចំណុច​ពី​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ឆ្ពោះ​មក​សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​។

ហើយ​តម្លៃ​ដែល​ហក់​ឡើង​ខ្ពស់​នោះ​ គឺ​ប្រភេទ​ដីឡូត៍​ទំនេរ ​ដែល​មិន​ទាន់​មាន​សំណង់​លំនៅឋាន។ ដោយឡែក​លោក​តុ​ន ​វិ​រះ ដែល​ជា​ឈ្មួញកណ្តាល​ក្នុងការ​រត់ការ​ដាក់​បញ្ចាំ​ដីធ្លី​ផ្ទះសម្បែង​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ ហាងឆេង​ដីធ្លី​ដែល​ហក់​ឡើង​ខ្ពស់​នោះ​គឺជា​ដី​ស្ថិតក្នុង​សង្កាត់​ព្រែកប្រា ​សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែក​ឯង​ និង​ព្រែក​ថ្មី​។ ពី​មុន​មក​ហាងឆេង​ដីឡូត៍​ទំនេរ​គឺ​មួយ​ម៉ែត្រការ៉េ​ថ្លៃ​តែ​៤៥០​ដុល្លារ​។

ឥឡូវ​ឡើងដល់​ទៅ​៧០០​ដុល្លារ​ហើយ​មិន​អាច​ចុះថ្លៃ​ទៀត​ទេ​។ ចំពោះ​ការ​ហក់​តម្លៃ​ខ្ពស់​នេះ​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​ច្រើន​កំពុង​សប្បាយចិត្ត ​ព្រោះ​ហាងឆេង​ដី​ទំនេរ​ឡើងថ្លៃ​។ ​ប៉ុន្តែ​ពួកគាត់​កំពុង​ពិចារណា​រឿង​រក​ទិញ​ដី​នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​ទុក​បង្កបង្កើនផល​។

ទន្ទឹម​នឹង​នោះ​ដើម​ទន់​ច្រើន​បែបនេះ ​ប្រជាពលរដ្ឋ​ដែល​ទើប​នឹង​លក់​ដី​បាន​ថ្លៃ​ កំពុង​ងាក​មក​ប្រកប​របរ​បើក​សិប្បកម្ម​វិញ​។ ​ដូចជា​ធ្វើ​កៅអី​តុ​និង​គ្រែ​ជាដើម​។ ​ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ច្បារអំពៅ​បាននាំគ្នា​និយាយ​តៗ​គ្នា​ថា​(​អរគុណ សន្តិភាព​)៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114