តារា​ម៉ូដែល​វ័យ ២១ឆ្នាំ​ធ្លាក់់​ជ្រោះ ៣០ម៉ែត្រ​ស្លាប់​យ៉ាងអាណោចអាធ័ម ដោយ​សារ​ថត Selfie មិន​ប្រយ័ត្ន

នេះ​ជា​រូបភាព​ចុងក្រោយ​របស់​តារា​ម៉ូដែល​ជនជាតិ​អង់គ្លេស​ម្នាក់​​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​ថតរូប​នៅ​លើ​កំពូលភ្នំ​មួយ​នៅ​អូស្ត្រាលី។

នាង Madalyn Davis​ ក្នុងរង្វង់ពណ័ក្រហម

 

នាង Madalyn Davis អាយុ ២១ ឆ្នាំ​បាន​ធ្លាក់​ជ្រោះ​ជម្រៅ ៣០ម៉ែត្រ (១០០ហ្វីត) នៅ​ឆ្នេរសមុទ្រ​ Diamond បន្ទាប់ពី​នាង​និង​មិត្តភ័ក្ដិ​បាន​ទៅ​មើល​ថ្ងៃ​រះ​នៅ​ម៉ោង​ប្រហែល ៦ និង ៣០នាទី​ព្រឹក​ថ្ងៃ​អាទិត្យ។

អ្នក​ទេសចរ​វ័យក្មេង​រូប​នេះ​ បាន​មក​ដល់​អូស្ត្រាលី​កាល​ពី​ចុង​ឆ្នាំ​មុន។​ នាង​មក​ពី Lincoln​ ប្រទេស​អង់គ្លេស​ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ជីវិត​ថ្មី​នៅ​ទីនោះ។

នៅ​ក្នុង​រូបភាព​ចុងក្រោយ​ថត​បាន​២​ថ្ងៃ​មុន​ពេល​នាង​ស្លាប់ ​តារា​ម៉ូដែលរូបនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នាង​ញញឹម​យ៉ាង​មាន​សេចក្ដី​សុខ​ និង​មាន​មិត្តភ័ក្ដិ​ឈរ​ជុំវិញ​ដោយ​នៅ​ក្នុង​បារ​មួយ​នៅ​ឆ្នេរ Bondi ។

មិត្តភ័ក្ដិ​ជិតដិត​ម្នាក់​ឈ្មោះ Lydia Woodward បាន​និយាយ​ថា “ Madalyn បាន​ចូលរួម​ពិធី​ជប់លៀង​ជុំ​គ្នា​ហើយ​បន្ទាប់​មក​ពួក​យើង​បាន​ទៅ​ជ្រោះ​នោះ​ដើម្បី​ថតរូប។ Madalyn កំពុង​អង្គុយ​នៅ​លើ​ច្រាំង​ថ្ម​ចោត​មួយ​ដើម្បី​ថតរូប​របស់​នាង​ នៅ​ពេល​នោះ​នាង​ស្រាប់តែ​ដួល​ហើយ​ធ្លាក់​ចុះ​ទៅ​ក្រោម​វា​ជា​សោកនាដកម្ម​មួយ​ដែល​ធ្វើ​អោយ​ពួក​​យើង​តក់ស្លុត​មែនទែន។”

នាង Woodward បាន​ប្រាប់ MailOnline ម្ដង​ទៀត​ថា“ Maddy ចង់​មាន​ពេលវេលា​នៃ​ជីវិត​ហើយ​នាង​ចង់​ឃើញ​អ្វីៗ​គ្រប់យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ជីវិត​នាង​នៅ​លើ​ទឹកដី​អូស្ត្រាលី។”

ក្រុម​គ្រួសារ​របស់ Maddy មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់​កូនស្រី ហើយ​សឹង​មិន​ជឿ​ថា Maddy ពិតជា​ទៅ​ចោល​ពួកគេ​ពិតមែន។

មិត្តភ័ក្ដិ​នៅ​អង់គ្លេស​និង​អូស្ត្រាលី​បាន​បង្ហោះ​សារ​គោរព​ជូន​ដល់​នាង Maddy ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។ មិត្តភ័ក្ដិ​ម្នាក់​ទៀត​បាន​សរសេរ​ថា៖ Maddy ជា​តារា​បង្ហាញ​ម៉ូត​ស្រស់​ស្អាត​​និង​ជា​អ្នក​សិល្បៈ​ដែល​មាន​ទេពកោសល្យ​ម្នាក់។ សឹង​មិន​គួរ​ឱ្យ​ជឿ​ថា​ នាង​ទៅ​ចោល​ពួក​យើង​លឿន​យ៉ាង​នេះ។

គួរ​រំលឹកថា ​ច្រាំង​ថ្ម​ចោទ​នៃ​ឆ្នេរខ្សាច់មួយនេះ ​គឺ​ជា​កន្លែង​ដ៏​ល្បីល្បាញ​សម្រាប់​អ្នក​ទេសចរ​ដែល​ចូលចិត្ត​ថតរូប​នៅ​លើ​បណ្ដាញ​សង្គម Instagram ហើយ​ក៏​មាន​ករណី​គ្រោះថ្នាក់​មួយ​បាន​កើតឡើង​លើ​ស្ត្រី​អាយុ ២៧ ឆ្នាំ​ម្នាក់​ដោយ​បាន​ធ្លាក់​ចូល​ទៅ​ជ្រោះ​កាល​ពី​ខែ​សីហា។


លោកស្រី Masselos បាន​និយាយ​ថា“ ពួក​យើងក៏​បាន​ដាក់​ល្បាត​ជា​សញ្ញា​បន្ថែម​កាន់តែ​ច្រើន ​​ដោយ​ហ៊ុមព័ទ្ធ​របង​ការពារ​យ៉ាង​តឹងរ៉ឹង​ អនុរក្ស​បាន​ប្រាប់​ប្រជាជន​មិន​ឱ្យ​ឡើង​របង​ព្រំដែន​ដែរ ​តែ​ពួកគេ​មិន​ស្ដាប់​ ពួកគេ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត​ ហើយ​ឆ្លងកាត់​របង​ព្រំដែន​បន្ថែម​ទៀត” ។

លោក​អភិបាលក្រុង Paula Masselos បាន​ប្រាប់ថា​ លោក​ពិតជា​អស់​សង្ឃឹម​ នៅ​ពេល​ដឹង​អំពី​ការ​ស្លាប់​ចុងក្រោយ​មួយ​នេះ ៕

ប្រែសម្រួល៖សាង ស្រីល័ក្ខ