លើក​ដំបូងហើយ សត្វខ្លានៅសួនសត្វមួយ​កន្លែង​ធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា

សត្វខ្លាមួយក្បាលនៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉កបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានគេជឿថា វាបានឆ្លងវីរុសនេះពីអ្នកថែរក្សាម្នាក់។

អង្គការ Wildlife Conservation Society ដែលគ្រប់គ្រងសួនសត្វទីក្រុងបាននិយាយក្នុងសេចក្តី​ថ្លែងការណ៍មួយថា សត្វខ្លាម៉ាឡេអាយុ៤ឆ្នាំឈ្មោះ Nadia រួមជាមួយសត្វខ្លាញីឈ្មោះ Azul, ខ្លា Amur ២ ក្បាលនិងសត្វតោអាហ្វ្រិក ៣ ក្បាលទៀតសុទ្ធតែមានអាការៈក្អកស្ងួត ហើយគេរំពឹង​វាថានឹងជាសះស្បើយវិញ។

សេចក្តីថ្លែងការណ៍ដែលផ្ញើទៅ AFP បាននិយាយថា “យើងបានធ្វើតេស្តសត្វខ្លាដោយការប្រុ​ងប្រយ័ត្នហើយយើងនឹងធានាថា ចំណេះដឹងណាមួយដែលយើងទទួលបានពីជំងឺ COVID-19 នឹងជួយដល់ការយល់ដឹងជាបន្តរបស់ពិភពលោកអំពីវីរុសកូរ៉ូណា”។

សេចក្តីថ្លែងការណ៍ដដែលបានបន្តទៀតថា “បើទោះបីជាពួកគេលែងសូវឃ្លានអាហារក៏ដោយក៏សត្វខ្លានៅសួនសត្វ Bronx នៅតែមានសុខភាពល្អក្រោមការមើលថែរបស់ពេទ្យសត្វ”។

សួនសត្វទាំង ៤ និងជលវប្យដ្ឋាននៅទីក្រុងញូវយ៉កដែលជាកន្លែងចំនួនអ្នកស្លាប់ដោយសារវីរុសកើនឡើងលើស ៤០០០នាក់ត្រូវបានបិទចាប់តាំងពីថ្ងៃទី១៦ខែមីនាមក។ សួនសត្វនេះបានសង្កត់ធ្ងន់ថា គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាសត្វអាចចម្លងជំងឺ COVID-19ទៅមនុស្សដូចព្រឹត្តិការណ៍ដំបូងនៅផ្សារទីក្រុងអ៊ូហាន ទេនិងគ្មានភ័ស្តុតាងណាមួ​យដែលបញ្ជាក់ថា មនុស្សបានឆ្លងវីរុសកូរ៉ូណានៅអាមេរិកដោយសត្វពាហនៈរួមទាំងឆ្កែឬឆ្មាចិញ្ចឹមឡើយ។

សួនសត្វ Bronx បាននិយាយថា វិធានការបង្ការត្រូវបានធ្វើឡើងសម្រាប់អ្នកថែរក្សាក៏ដូចជា​សត្វខ្លាទាំងអស់នៅក្នុងសួនសត្វទីក្រុងផងដែរ។

គួរបញ្ជាក់ថា កាលពីចុងខែមីនា សត្វឆ្មាចិញ្ចឹមមួយក្បាលត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសប៊ែលហ្សិកបន្ទាប់ពីមានករណីស្រដៀងគ្នានេះក្នុងទីក្រុងហុងកុងដែលនៅទីនោះ សត្វឆ្កែពីរក្បាលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ សត្វទាំងអស់នោះត្រូវបានគេជឿថាបានឆ្លងវីរុសពីមនុស្សដែលពួកគេរស់នៅជាមួយ៕

ប្រែសម្រួល៖ វណ្ណវណ្ណ
ប្រភព៖ AFP