អាជ្ញាធរ​ចុះ​ផ្អាក​សំណង់​សណ្ឋាគារ និង​កំណត់​ឲ្យ​រុះរើ​មួយ​ផ្នែក​ចេញពី​លើ​ផ្លូវ​

សៀមរាប ​៖​ សំណង់​សណ្ឋាគារ​ដ៏​ធំ​មួយ​ដែល​បាន​សាងសង់​លើ​ចំណី​ផ្លូវ សាធារណៈ​ត្រូវ​រដ្ឋបាល​ក្រុង​និង​ខេត្ត​ចុះទៅ​ផ្អាក និង​កំណត់​ឲ្យ​រុះរើ​មួយ​ផ្នែក​ចេញ​។

សណ្ឋាគារ​ខាង​លើ​នេះ​មានឈ្មោះ ​(​ជាតិ​ថា​តា​អង្គរ​) ប៉ុន្តែ​ក្នុង​កំណត់ហេតុ​របស់​សមត្ថកិច្ច ឈ្មោះ​គង់ ប៊ុនហេង ភេទ​ប្រុស​ជា​អ្នកតំណាង​ឲ្យ​ម្ចាស់​សំណង់​។​ ក្នុង​ពេល​វាស់វែង​និង​កំណត់​តាម​ប្លង់ ជំនាញ​បាន​បង្ហាញ​ថា សណ្ឋាគារ​ខាង​លើ​នេះ បាន​សាងសង់​ចូល​មក​លើ​ផ្លូវ​ចំនួន​២​ម៉ែត្រ​។ ករណី​នេះ​ត្រូវ​រដ្ឋបាល​ក្រុង​និង​ខេត្ត កំណត់​ឲ្យ​រុះរើ​ដោយ​គ្មាន​លក្ខខ័ណ្ឌ ចាប់ពី​ថ្ងៃ​ទី​២៣ ​ខែ​មករា​នេះ​។​ក្នុង​ករណី​ម្ចាស់​មិន​អនុវត្ត​រុះរើ​តាម​លក្ខខ័ណ្ឌ អាជ្ញាធរ​និង​ចាត់វិធានការ​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​អ្វី​ទាំងអស់​។

លោក ​អ៊ុង សុភ័ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ​រដ្ឋបាល​ខេត្ត​សៀមរាប ដែល​ដឹកនាំ​កម្លាំង​ចុះទៅ​អនុវត្ត សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។ ប៉ុន្តែ​លោក​បាន​ព្រលយ​ពាក្យ​មួយ​ឃ្លា​ថា ផ្នែក​ខាងជើង​សណ្ឋាគារ​នេះ បាន​សាង​សង់​មក​លើ​ផ្លូវ​ខាងមុខ​២​ម៉ែត្រ​ ឯ​ខាង​ក្រោយ​១,៨៥​ម៉ែត្រ​។ ក្រៅពីនោះ​ផ្នែក​ខាងមុខ (​ខាង កើត​)​នៃ​សណ្ឋាគារ ក៏​សង់​ចូល​ចំណី​ផ្លូវ​ផង​ដែរ ប៉ុន្តែ​ក្រោយពេល​អាជ្ញាធរ​កសាង និង​ពង្រីក​ផ្លូវ នឹង​អនុវត្ត​តាម​ភាព​ជាក់​ស្តែង​។

ក្នុង​ពេល​កម្លាំង​ចម្រុះ ចុះ​អនុវត្ត​ដោយ​ប្រើ (GPS)​វាស់​ស្ទង់ ពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន ខាងក្រោយ​សណ្ឋាគារ​ខាងលើ បាន​លើកដៃ​សំពះ បង្ហាញ​ក្តី​រំភើប បន្ទាប់ពី​បាន​រស់​នៅ​ជាមួយ​ភាព​ចង្អៀត មានតែ​ផ្លូវ​ម៉ូតូ​ជាង​១០​ឆ្នាំ​មកនេះ​។

ពលរដ្ឋ​ម្នាក់​ ក្នុងចំណោម​៨ ទៅ​៩​គ្រួ​សារ​បាន​ប្រាប់​ថា កាលពី​ជាង​១០​ឆ្នាំមុន អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគាត់​បង្ខិត​ព្រំ​ហើយ​ទុក​ផ្លូវ​៦​ម៉ែត្រ​។ លុះ​ពួកគាត់​បង្ខិត​តាម​ការកំណត់​ហើយ បែរ​ជា​ម្ចាស់​សណ្ឋាគារ​ខាងលើ សាងសង់​លើ​ផ្លូវ​អស់​មួយ​ផ្នែក​ធំ ធ្វើ​ឲ្យ​ផ្លូវ​សម្រាប់​ចូល ផ្ទះ​ពួកគាត់​នៅសល់​ត្រឹម​មួយ​ម៉ែត្រ ទោះ​ពួកគាត់​ប្ដឹង​សុំ​ជួយ​អន្តរាគមន៍​យ៉ាងណា​ក៏​គ្មាន​ដំណោះស្រាយ ហើយ​រឿង​នេះ​ត្រូវ​អូស​បន្លាយ​រហូត​ជាង​១០​ឆ្នាំ​។ ពលរដ្ឋ​ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ត្រឹម​ធ្វើ​បង្គន់​ឬ​ធ្វើ​ជណ្ដើរ​ផ្ទះ ក៏​ត្រូវ​ជញ្ជូន​ខ្សាច់​និង​ឥដ្ឋ​ដោយ​បង្គី​ដែរ ព្រោះ​ផ្លូវ​មាន​ទំហំ​តែមួយ​ម៉ែត្រ​។

ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​អះអាង​ថា តាមពិត ម្ចាស់​សណ្ឋាគារ​ខាងលើ ឈ្មោះ​ សែ សាមុត ពីមុន​គាត់​ជា​ប្រធាន មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​សៀមរាប​។ ចឹ​ង​ហើយ​ទើបបាន​ថ្នាក់​ដឹង​នាំ​ខេត្ត​ពិបាក​ក្នុង​ការ​អន្តរាគមន៍ រឿង​បើកផ្លូវ​បែបនេះ​។

យោងតាម​លក្ខខណ្ឌ ដែល​រដ្ឋបាល​ក្រុង ​និង​ខេត្ត​តម្រូវ​ឲ្យ​រុះរើ គេ​រំពឹង​ថា ម្ចាស់​សំណង់​សណ្ឋាគារ​ខាងលើ និង​សហការ ហើយ​ពលរដ្ឋ​៨ ទៅ​៩​គ្រួសារ​ដែល​រស់នៅ​ស្ទើរ​គ្មាន​ច្រកចេញ​ជាង​១០​ឆ្នាំ​មកនេះ និង​មាន​ផ្លូវ​ចេញ​ចូល​ដូច​ពលរដ្ឋ​ទូទៅ ក្នុង​ខេត្ត​សៀមរាប នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​ សំណង់​សណ្ឋាគារ ដែល​ត្រូវ​បាន​មន្ត្រី​ចុះទៅ​កំណត់​ឲ្យ​រុះរើ នា​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ត្រង់​ចំណុច​ក្បែរ​ផ្សារ ផល្លា​រាត្រី​អង្គរ​។​

ជាមួយគ្នា​នោះ​ដែរ មហាជន​ក៏បាន​លើក​ឡើង​ថា សំណង់​មួយ​ចំនួន​ដូចជា​៖​ សណ្ឋាគារ ផ្ទះសំណាក់​និង​វីឡា​ផ្សេងៗ នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ខុសច្បាប់​និង​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​និង​លើ​លូ​ជាដើម​។​ករណី​នេះ​គេ​សង្ឃឹមថា អាជ្ញាធរ​ខេត្ត​និង​ក្រុង នឹង​មាន​វិធានការ​ជា​បន្តបន្ទាប់ ដោយ​មិន​ខ្លាច​ប៉ះ​ខ្សែ​អ្នកធំ​ទៀត​នោះ​ឡើយ ៕


អត្ថបទ៖ ​កុសល​