BREAKING NEWS
Search

ព្រឹត្តិការណ៍សំខាន់ៗនៃជីវិតលោក Vladimir Putin មុននិងក្រោយកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន មានឈ្មោះពេញ Vladimir Vladimirovich Putin កើតថ្ងៃទី ៧ ខែតុលា ឆ្នាំ ១៩៥២ ទីក្រុង Leningrad ប្រទេសរុស្ស៊ី។ លោកមានឪពុកឈ្មោះ  Vladimir Putin ជាមេការរោងចក្រ និងម្ដាយឈ្មោះ Maria Putin។

លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Lyudmila Putin នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៣ ប៉ុន្តែបច្ចុប្បន្នអ្នកទាំងពីរបានលែងលះគ្នា (២០១៤)។ គូស្នេហ៍នេះមានកូនស្រីពីរនាក់គឺ Yekaterina និង Maria ។

ប្រធានាធិបតីរូបនេះ កាន់សាសនាគ្រឹស្ត និកាយ មេតូឌីស។

ព្រឹត្តិការណ៍ ​និងកាលបរិច្ឆេទសំខាន់ៗនៃខ្សែជីវិតរបស់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀពូទីន ៖

ឆ្នាំ ១៩៧៥ ចូលបម្រើការនៅទីភ្នាក់ងារសន្តិសុខរដ្ឋ KGB ជាមន្រ្តីស៊ើបការណ៍។

ឆ្នាំ ១៩៨៤ – ត្រូវបានជ្រើសរើសឲ្យចូលរៀនភាសាអាឡឺម៉ង់និងអង់គ្លេសនៅវិទ្យាស្ថាន  Red Banner។

ឆ្នាំ ១៩៨៥ – ត្រូវបានចាត់តាំងឱ្យបំពេញមុខងារស៊ើបការណ៍សម្ងាត់នៅ Dresden ប្រទេសអាល្លឺម៉ង់ខាងកើត។

ឆ្នាំ ១៩៩០ – ក្លាយជាជំនួយការសាកលវិទ្យាធិការ (ព្រឹទ្ធបុរស) ផ្នែកកិច្ចការអន្តរជាតិនៅសាកលវិទ្យាល័យ Leningrad ។

ឆ្នាំ ១៩៩១ – ក្លាយជាអ្នកប្រឹក្សាយោបល់របស់លោក Anatoly Sobchak ដែលជាបេក្ខជនកំពុងឈរឈ្មោះជាអភិបាលក្រុង Leningrad ។ បន្ទាប់ពីលោក Sobchak ឈ្នះការបោះឆ្នោត លោកពូទីនត្រូវបានជ្រើសរើសឲ្យទៅធ្វើការនៅសាលាក្រុង ក្នុងនាមជាប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ។ ឆ្នាំដដែលនោះ លោក ពូទីន បានលាលែងពី KGB ។

ឆ្នាំ ១៩៩៧ – បានតែងតាំងជាអនុប្រធានរដ្ឋបាលនៃវិមានក្រឹមឡាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតី Boris Yeltsin ។

ឆ្នាំ ១៩៩៨ – ក្លាយជាប្រធានសេវាសន្តិសុខសហព័ន្ធ (FSB) ។

ឆ្នាំ ១៩៩៩ – ក្លាយជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។

ថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៩៩ លោក Yeltsin បានតែងតាំងលោក Putin ជានាយករដ្ឋមន្ត្រី។

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៩ – លោក Yeltsin ចុះចេញពីតំណែងចំពេលមានរឿងអាស្រូវហើយលោកពូទីនក្លាយជាប្រធានាធិបតីស្តីទី។

ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០០ – ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីរុស្ស៊ី។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០០០ លោកពូទីនបានស្បថចូលកាន់តំណែង។

ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០១ – ពូទីនជួបជាមួយប្រធានាធិបតីអាមេរិកលោក ចចដាប់ប៊លយូប៊ូស ធ្វើសន្និសិទសារព័ត៌មានរួមគ្នា។

ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០០២ – ពូទីននិងប៊ូសចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងម៉ូស្គូស្តីពីការកាត់បន្ថយការវាយលុកបែបយុទ្ធសាស្ត្រដែលតម្រូវឲ្យរដ្ឋទាំងពីរកាត់បន្ថយស្តុកក្បាលគ្រាប់នុយក្លេអ៊ែរក្នុងរយៈពេល ១០ ឆ្នាំ។

ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០០៤ – ត្រូវបានបោះឆ្នោតឡើងវិញបន្ទាប់ពីធ្វើយុទ្ធនាការឯករាជ្យ។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០០៤ – លោកពូទីនបានស្បថចូលកាន់តំណែងជាអាណត្តិទី ២ របស់ខ្លួន។

ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០០៥ – ក្លាយជាមេដឹកនាំរុស្ស៊ីដំបូងគេដែលធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល។

ថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០០៥ – ធ្វើទស្សនកិច្ចជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair និងប្រកាសបង្កើនកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងអង់គ្លេសដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០៧ – ជាប់ឈ្មោះបុគ្គលឆ្នើមប្រចាំឆ្នាំលើទស្សនាវដ្តី Time ។

ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៨ –  លោក Dmitry Medvedev ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីរុស្ស៊ី។

ថ្ងៃទី៧ ខែឧសភា ២០០៨ – ត្រឹមតែពីរម៉ោងបន្ទាប់ពីប្រធានាធិបតីស្បថចូលកាន់តំណែងលោក Dmitry Medvedev តែងតាំងលោកពូទីនជានាយករដ្ឋមន្រ្តី។

ខែសីហា ឆ្នាំ ២០០៨ ប្រទេសរុស្ស៊ីមានជម្លោះយោធាជាមួយប្រទេសហ្សកហ្ស៊ីដែលនៅជិតខាងខ្លួន។

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១១ លោក Dmitry Medvedev អំពាវនាវឱ្យគណបក្សរួបរួមរុស្ស៊ីដែលកំពុងកាន់អំណាចគាំទ្រលោកពូទីនឱ្យធ្វើជាប្រធានាធិបតីនៅឆ្នាំ ២០១២ ។

ថ្ងៃទី ៤ ខែមីនាឆ្នាំ ២០១២ – លោកពូទីនឈ្នះអាណត្តិទី ៣ ជាប្រធានាធិបតីដែលមានសំឡេងគាំទ្រតិចជាង ៦៥% ខណៈអ្នករិះគន់តវ៉ាអំពីការលួចបន្លំសន្លឹកឆ្នោត។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១២ – លោកពូទីនបានស្បថចូលកាន់តំណែងក្រោមសន្តិសុខតឹងរឹង ស្របពេលបាតុកររាប់រយនាក់ត្រូវបានប៉ូលីសឃុំខ្លួន។

ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៣ – ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍មួយដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋ លោកពូទីននិងភរិយាអ្នកស្រី Lyudmila បានប្រកាសពីការបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ។

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ លោកពូទីនបានផ្សាយអត្ថបទមួយនៅក្នុងកាសែតញូវយ៉កថែមស៍ អំពីសង្គ្រាមស៊ីវិលស៊ីរី។

ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៤ – លោកពូទីនចុះហត្ថលេខាលើក្រឹត្យមួយដែលហាមឃាត់ការនាំចូលស្បៀងអាហារនិងកសិកម្មពីប្រទេសដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។

ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ – ពូទីនចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយក្រោយមកបានជួបជាមួយលោក អូបាម៉ា។ យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា មេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីអ៊ុយក្រែននិងស៊ីរី។ នេះជាការជួបផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន កាលពីឆ្នាំ ២០១៣។

ថ្ងៃទី ២១ ខែមករាឆ្នាំ ២០១៦ – ការស៊ើបអង្កេតរបស់ចក្រភពអង់គ្លេសបានបង្ហាញភស្តុតាងថា លោកពូទីន បានយល់ព្រមប្រតិបត្តិការសម្លាប់អតីតចារកម្មលោក​ Alexander Litvinenko កាលឆ្នាំ ២០០៦ ។

ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦– FBI ប្រកាសថា ខ្លួនបានបើកការស៊ើបអង្កេតលើការលួចស្តាប់ប្រព័ន្ធកុំព្យូទ័ររបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ។ ពួកគេគិតថា ការវាយលុកតាមអ៊ិនធរណេតមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។

ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ – ក្នុងបទសម្ភាសន៍របស់សារព័ត៌មាន Bloomberg លោកពូទីនបានបដិសេធថា រដ្ឋាភិបាលរុស្ស៊ីមិនមានជាប់ពាក់ព័ន្ធក្នុងការលួចស្តាប់អ៊ីមែលរបស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យឡើយ។

ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៧ – នៅក្នុងសន្និសីទកាសែត លោកពូទីន បានច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ដែលថាសេវាកម្មសន្តិសុខរបស់រុស្ស៊ីកំពុងតាមដានប្រធានាធិបតីជាប់ឆ្នោតអាមេរិក។

ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ – ជួបជាមួយ Trump ជាលើកដំបូងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់។ ក្នុងអំឡុងពេលនៃការប្រជុំរយៈពេល ២ ម៉ោង មេដឹកនាំទាំងពីរបានពិភាក្សាលើការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក និងសង្រ្គាមនៅក្នុងប្រទេសស៊ីរី។ ប៉ុន្មានម៉ោងក្រោយមក ពួកគេជជែកគ្នាក្រៅផ្លូវការម្តងទៀត ក្នុងពេលអាហារពេលល្ងាចជាមួយប្រមុខរដ្ឋដទៃទៀត។

ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ – លោកពូទីនប្រកាសបណ្ដេញទូតអាមេរិកាំង ៧៥៥ នាក់ចេញនៅប្រទេសរុស្ស៊ី។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៨ – បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរយៈពេល ៦ ឆ្នាំទៀត។

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ – លោកពូទីននិងលោក Trump ជួបគ្នានៅទីក្រុង Helsinki និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។

ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ជួបជាមួយពូទីននៅទីក្រុង Vladivostok ។ កិច្ចប្រជុំកំពូលនេះជាកិច្ចពិភាក្សាមួយទល់នឹងមួយ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាទេ។

ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ – លោកពូទីនចុះហត្ថលេខាលើច្បាប់ព្យួរការចូលរួមរបស់រុស្ស៊ីក្នុងសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។

ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ លោកពូទីនជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ហើយប្រកាសពីកិច្ចព្រមព្រៀងឲ្យកងទ័ពរុស្ស៊ីនិងតួកគីដើរល្បាតនៅតាមព្រំដែនតួកគី – ស៊ីរី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖  មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យានាង​ Sherly Sandberg

ចុចអាន៖ អតីតភរិយាស្ថាបនិក Amazon អ្នកស្រី MacKenzie Bezos ជាស្ត្រីបែបណា?