BREAKING NEWS
Search

រដ្ឋកាលីហ្វ័រញ៉ានឹងដោះលែងអ្នកទោសចំនួន ៨ ពាន់នាក់ដើម្បីបន្ថយការរីករាលដាលនៃវីរុសកូរ៉ូណា

អាជ្ញាធររដ្ឋបាននិយាយថា រដ្ឋកាលីហ្វ័រញ៉ានឹងដោះលែងអ្នកទោសដល់ទៅ ៨ ពាន់នាក់ពីពន្ធនាគាររដ្ឋដើម្បីបន្ថយការរាលដាលនៃការឆ្លងជំងឺ COVID-19 នៅតាមកន្លែងនានា ។

ពន្ធនាគារជាច្រើននៅរដ្ឋកាលីហ្វ័រញ៉ាបានទទួលរងនូវការផ្ទុះឡើងនូវវីរុសកូរ៉ូណាដ៏ធំ ហើយនាយកដ្ឋានកែតម្រូវរដ្ឋបាននិយាយថា អ្នកទោសអាចមានសិទ្ធិដោះលែងនៅចុងខែសីហានេះ ។

ការដោះលែងនេះបង្ហាញពីការផ្លាស់ប្តូរដ៏ធំបំផុតរបស់រដ្ឋកាលីហ្វ័រញ៉ាក្នុងការកាត់បន្ថយចំនួនអ្នកទោសនៅក្នុងពន្ធនាគារ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19 ដោយបង្កើតកន្លែងសម្រាប់គម្លាតសង្គម និងការធ្វើចត្តាឡីស័ក ។

រដ្ឋលេខាធិការក្រសួងសម្របសម្រួល និងស្តារនីតិសម្បទាលោក Ralph Diaz បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “សកម្មភាពទាំងនេះត្រូវបានធ្វើឡើងដើម្បីផ្តល់នូវសុខភាព និងសុវត្ថិភាពរបស់ប្រជាជន និងបុគ្គលិកនៅក្នុងពន្ធនាគារ” ។

នាយកដ្ឋានបាននិយាយថា អ្នកទោសដែលមានទោសតិចជាងមួយឆ្នាំ ឬតិចជាងនេះនឹងត្រូវទទួលបានការដោះលែង ។ ក្នុងចំណោមអ្នកទោសដែលបដិសេធពីការដោះលែងគឺអ្នកដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋហិង្សា និងបទឧក្រិដ្ឋផ្លូវភេទ ។

ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការកាត់បន្ថយចំនួនអ្នកទោសនៅទូទាំងរដ្ឋប្រហែល ១ ម៉ឺននាក់ចាប់តាំងពីរោគរាតត្បាតបានចាប់ផ្តើម ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជិត ២,៤០០ នាក់នៅក្នុងពន្ធនាគារចំនួន ៣៥ របស់រដ្ឋកាលីហ្វ័រញ៉ាបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាក្នុងនោះ ១,៣១៤ នាក់នៅពន្ធនាគារ San Quentin ភាគខាងជើងទីក្រុង San Francisco ៕ REUTERS

ដោយ ៖ ជីវ័ន្ត