ឆាប់ៗ​នេះ​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នឹង មាន​ជើងហោះ​ហើរ​ទៅកាន់​ទីក្រុង​ដូ​ហា​
BREAKING NEWS
Search

ឆាប់ៗ​នេះ​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នឹង មាន​ជើងហោះ​ហើរ​ទៅកាន់​ទីក្រុង​ដូ​ហា​

ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នៅពេល​ឆាប់ៗ​ខាងមុខនេះ​ នឹង​ស្វាគមន៍​ផ្លូវ​ហោះហើរ​ថ្មីៗ​ទៅកាន់​ទីក្រុង​ដូ​ហា ដែលជា​រដ្ឋធានី​នៃ​ប្រទេស​កាតារ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាកាសយានដ្ឋាន Lyon-Saint Exupery airport(​ប្រទេស​បារាំង)។

សេចក្តីប្រកាស​នេះ ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​Kuwait Aviation Show do ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways​។ ​ផ្លូវ​ហោះហើរ​ទាំងពីរ​នេះ​ នឹង​ចាប់ផ្តើម​បម្រើ​សេវា​ហោះហើរ​៥​ជើង​ក្នុង​មួយ​សប្តាហ៍ រវាង​ទីក្រុង​លី​យ៉ុង​និង​ទីក្រុង​ដូ​ហា ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៣​ ខែមិថុនា​ និង​រវាង​ទីក្រុង​សៀមរាប​និង​ទីក្រុង​ដូ​ហា​នៅ​ថ្ងៃទី​១៦ ​ខែវិច្ឆិកា​ឆ្នាំ​២០២០។

ផ្លូវ​ហោះហើរ​សៀមរាប​-​ដូ​ហា នឹង​កាន់តែ​ជួយ​ជំរុញ​ថែមទៀត​នូវ​សន្ទុះ​នៃ​ការ​រីកចំរើន​ផ្នែក​ទេសចរណ៍​នៅ​ក្នុង​តំបន់​ប្រាង្គ​ប្រាសាទ​អង្គរ ដែល​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូនីស្កូ។

លោក Alain Brun នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cambodia Airport ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​និង​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍ថា សេវា​ផ្លូវ​ហោះហើរ​ថ្មី​នេះ​ នឹង​ជួយ​រួមចំណែក​ដល់​ការ​លើកស្ទួយ​គោលដៅ​ទេសចរណ៍​សៀមរាប​ឲ្យ​កាន់តែ​លេចធ្លោ​ថែមទៀត ដោយ​វា​នឹង​ពង្រីក​បន្ថែម​នូវ​ការ​ភ្ជាប់​ជើង​ហោះហើរ ​និង​អនុញ្ញាត​ឲ្យ អ្នកដំណើរ​មាន​ជម្រើស​លើ​មធ្យោបាយ​ធ្វើដំណើរ​កាន់តែ​ច្រើន​ថែមទៀត។

ក្នុងនាម​ជា​រដ្ឋធានី​មួយ​ក្នុងចំណោម​រដ្ឋធានី​ពោរពេញ​ដោយ​ថាមវន្ត​ក្នុង​តំបន់​មជ្ឈិមបូព៌ា ទីក្រុង​ដូ​ហា​ត្រូវបាន​គេ​រំពឹងថា នឹងមាន​តម្រូវការ​ជើងហោះហើរ កើនឡើង ជាពិសេស​ស្របពេល​ដែលមាន​ការរៀប​ចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​2022 FIFA World Cup​នៅក្នុង​ប្រទេស​កាតារ៕
​វ​ត្តី​
​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114