BREAKING NEWS
Search

អាមេរិក ផ្ដល់ថវិកាជាង៦លានដុល្លារ ដល់កម្ពុជា

ភ្នំពេញ ៖ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋ​អាមេរិក សម្រាប់ការអភិវឌ្ឍន៏ (USAID) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែមហិរញ្ញប្បទាន ចំនួន ៦,២៥ លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យតាមរយៈគេហទំព័រហ្វ៊េសប៊ុក របស់ខ្លួនថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែមហិរញ្ញប្បទាន ចំនួន ៦,២៥ លានដុល្លារអាមេរិក បានធ្វើឡើង កាលពីថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។ ហិរញ្ញប្បទាន ទាំងនេះ ផ្តោតលើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ២០១៩ ។

ហិរញ្ញប្បទានថ្មីនេះ គឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា ៥៦ លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានា ក្នុងវិស័យ​សុខភាព អប់រំ បរិស្ថាន និងកសិកម្ម។ ក្នុងនោះ រួមមាន ទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាល និងអប់រំ និង ចំនួន ៥,២៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន៕

ចុចអាន ៖ ថវិកា​សរុប ជាង ៧៨.៧ ពាន់​លាន​រៀល បាន​ផ្តល់​ជូន​ស្ត្រី​សម្រាលកូន​ជា​សមាជិក ប​.​ស​.​ស​