BREAKING NEWS
Search

កម្ពុជា​រំពឹង​ថា ​នឹង​ធ្វើ​ឲ្យ​ផលិតផល​ដំឡូង​មី​កម្ពុជា​ ក្លាយ​ជា​ដំណាំ​យុទ្ធសាស្ត្រ​

​ភ្នំពេញ ៖ តាមរយៈ​គោលនយោបាយ​ជាតិ​ដំឡូង​មី ២០២០-២០២៥​នេះ កម្ពុជា​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ផលិតផល​ដំឡូង​មី​កម្ពុជា ក្លាយ​ជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ ដែល​ផ្តល់​ប្រាក់ចំណូល​ច្រើន​ដល់​កសិករ​និង​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​នៅ​កម្ពុជា។ បន្ថែម​ពីលើ​នោះ​កម្ពុជា​ ពិតជា​អាច​បោះ​ជំហាន​ទៅ​រក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ដោយ​យក​ផលិតផល​ដំឡូង​មី​ជួយ​ជំរុញ​កំណើន និង​ចែករំលែក​ផលប្រយោជន៍​នៃ​កំណើន​នេះ​ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​កត់សម្គាល់ថា ការដាំដុះ​ដំឡូង​មី ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​បានធ្វើឲ្យ​ដំណាំ​ដំឡូង​មី ក្លាយ​ជា​ដំណាំ​សំខាន់​ទី​ពីរ​បន្ទាប់ពី​ស្រូវ​នៅ​កម្ពុជា​។ ដំឡូង​មី​មាន​ចំណែក​ចន្លោះ​ពី​៣ ទៅ​៤​ភាគ រយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ ​ក្នុង​មួយឆ្នាំៗ ថវិកា​ប្រហែល ៣០០​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​វិនិយោគ ដើម្បី​ដាំដំឡូង​មី​លើ​ផ្ទៃដី​ទំហំ​ធំ​ជាង ៦០០,០០០​ហិក​តា​ ខណៈ​ការនាំចេញ​ភាគច្រើន​ជា​មើម​ដំឡូង​មី​ស្រស់ ​និង​ចំណិត​ដំឡូង​មី​ក្រៀម​មានតម្លៃ​ប្រហែល ៧២៨ លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​បន្តថា ប្រជាជន​នៅ​ជនបទ​ច្រើនជាង ៩០,០០០​ គ្រួសារ​រស់នៅក្នុង​ខេត្ត​ចំនួន​១៣ កំពុង​ប្រកបរបរ​ដាំ​ដុះ​ដំឡូង​មី ​និង​ពលករ​ជាច្រើន​ កំពុង​បម្រើការ​ក្នុង​វិស័យ​នេះ ក្នុង​ដំណាក់កាល​ផ្សេងៗ ដូចជា ដាំ​ដុះ ប្រមូល​ផល កែច្នៃ និង​នាំចេញ​។ កន្លែង​ប្រមូល​ទិញ​ផលិតផល​ដំឡូង​មី​មាន​ចំនួន ៥៥០​កន្លែង ភាគច្រើន​ស្ថិត​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ដូចជា ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ត្បូងឃ្មុំ​៕
អត្ថបទ៖ ​ណា​រី
សូមចុចអាន៖​ ប្រជាកសិករ​នៅ​ឃុំ​អូរអណ្តូង ​ចងក្រង​ជា​បណ្តុំ​កសិកម្ម​ផលិត​បន្លែ​សុវត្ថិភាព ​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ និង​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក