ព័ត៍មានទាន់​ហេតុការណ៏
Search

U19 កម្ពុជា ត្រូវ​ប្រកួត​តតាំង​ជាមួយ U19 ថៃ ក្នុងជំនួប​ទី​៣ ប្រចាំ​ពូ​ល G ពានរង្វាន់​ជម្រុះ AFC U19

ក្រុមយុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ នឹង​បើក​ការប្រកួត​ទី​៣ របស់ខ្លួន​ក្នុង​ពូ​ល G នៃ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ១៩​ឆ្នាំ ( 2020 AFC U-19 Championship qualification ) ដោយ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ អាយុ​ក្រោម​១៩​ឆ្នាំ នៅ​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

សម្រាប់​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៩​ឆ្នាំ ជាមួយ ជម្រើសជាតិ​ថៃ អាយុ​ក្រោម​១៩​ឆ្នាំ ក្នុង​ជំនួប​ទី​៣ ប្រចាំ​ពូ​ល​ដដែល​នេះ នឹងធ្វើ​ឡើង នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។

នេះ​ជា​ប្រកួត​ទី​៣ របស់​កម្ពុជា ដ្បិត ២​ប្រកួត​កន្លងមក កម្ពុជា ប្រកួត​ឈ្នះ​១ និង​ចាញ់​១ ពោល​គឺ​ចាញ់ U-19 ម៉ាឡេស៊ី ៤-៥ និង​ប្រកួត​ទី​២ ត្រឡប់​មក​ឈ្នះ​កោះ​ម៉ា​រី​ណា​ខាងជើង ០-៩ ខណៈ U-19 ថៃ ធ្វើបាន​យ៉ាង​ល្អ នៅ ២​ប្រកួត​នេះ ដោយ​ឈ្នះ​ទាំង ២​ប្រកួត​គឺ​ឈ្នះ ព្រុយ​ណេ ០-៩ និង​ឈ្នះ​កោះ​ម៉ា​រី​ណា​ខាងជើង ដល់​ទៅ ២១-០​។

ងាក​មក​ប្រវត្តិ​ជួប​គ្នា​វិញ ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៩​ឆ្នាំ ធ្លាប់​យកឈ្នះ​ក្រុមយុវជន​ជម្រើសជាតិ​ថៃ​អាយុ​ក្រោម ១៩​ឆ្នាំ ម្ដង​រួច​មក​ហើយ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ថ្មីៗ​នេះ ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៨​ឆ្នាំ (AFF U-18 Championship 2019) នៅ​វៀតណាម ដោយ​លទ្ធផល ៤-៣​។

ថ្ងៃ​ជាមួយគ្នា​ផងដែរ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម ១៩​ឆ្នាំ នឹងត្រូវ​ជាមួយ ជម្រើស​កោះ​ម៉ា​រី​ណា​ខាងជើង អាយុ​ក្រោម​១៩​ឆ្នាំ នៅវេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ខណៈ​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ អាយុ​ក្រោម ១៩​ឆ្នាំ សម្រាក​ប្រកួត​នេះ​វិញ​ម្ដង​។

ពានរង្វាន់​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ ប្រចាំ​ទ្វីបអាស៊ី វគ្គ​ជម្រុះ (AFC U19 Championship Qualifiers 2020) នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០២ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ កម្ពុជា ស្ថិតនៅ​ពូ​ល G ជាមួយ​ថៃ​, ម៉ាឡេស៊ី​, ព្រុយ​ណេ និង​កោះ​ម៉ា​រី​ណា​ខាងជើង​។ ការប្រកួត​ក្នុង​វគ្គ​នេះ គឺជា​វគ្គ​ជម្រុះ ដោយ​យកតែ​ក្រុម​លេខ​១ បូករួម​ជាមួយ​ក្រុម​លេខ ២​ល្អ ចំនួន​៥ ប៉ុណ្ណោះ​ទើប​អាច​កក់​កៅអី​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ ធ្វើឡើង​នៅ​ប្រទេស​អ៊ូ​បី​គី​ស្ថាន​។

គួរ​រំលឹក​ថា ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-16 Championship កាលពី​ឆ្នាំ ២០១៨ កម្ពុជា ទទួលបាន​ត្រឹម​លេខ​រៀង​ទី​២ ក្នុង​ពូ​ល G ដោយ​ប្រកួត ៣​លើក ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ មិន​អាច​បន្តទៅ​វគ្គ​បន្ទាប់​ទៀត​បានឡើយ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114