BREAKING NEWS
Search

បទវិចារណកថា៖ការ​លើក​ឡើង​របស់​សារព័ត៌មាន​«គោល​នយោបាយ​បរទេស​»​ប្រាស​ចាក​ការ​ពិត​នៅ​កម្ពុជា

កាសែត​កម្ពុជា​ថ្មី ​មាន​សេចក្តី​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​សារព័ត៌មាន​«គោល​នយោបាយ​បរទេស​» (Foreign Policy) បាន​ចុះ​ផ្សាយ​អត្ថបទ​អត្ថាធិប្បាយ​មួយ​ដែល​បាន​រិះ​គន់​នីតិរដ្ឋ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ ចំពោះ​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែ​ម្តង​។​

ចំណុច​ទី​១ ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា ​«នៅ​ក្នុង​ប្រទេស​កម្ពុជា ​នីតិរដ្ឋ​មាន​ន័យ​ថា​ ហ៊ុន សែន ​ជា​អ្នក​គ្រប់​គ្រង​»​ ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ​ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ​អ្នក​និពន្ធ​ដែល​មាន​ឈ្មោះ​ថា​ ឆាលស៍ ដាន់ស្ត៍ (Charles Dunst) បាន​សរសេរ​ថា ​សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន​ មិន​មាន​គូ​ប្រជែង​ផ្នែក​នយោបាយ​នោះ​ឡើយ ​ចាប់​តាំង​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ២០១៧​មក​នោះ​។​

ជា​ការ​ពិត​ណាស់ យើង​អាច​និយាយ​ថា​ អ្នក​និពន្ធ​ម្នាក់​នេះ​និយាយ​ត្រូវ ​បើ​ផ្អែក​ទៅ​លើ​ប្រជាប្រិយភាព​ និង​សមត្ថភាព​របស់​សម្តេចតេជោ​នោះ។ ​ប៉ុន្តែ ​យើង​ក៏​អាច​និយាយ​ថា​អ្នកនិពន្ធម្នាក់នេះនិយាយ​ខុស ពី​ព្រោះ​ទោះ​បី​ជា​គ្មាន​គណបក្សសង្គ្រោះ​ជាតិ​ក្តី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឆ្នាំ​២០១៨ មានគណបក្សនយោបាយរហូតដល់ទៅ២២គណបក្ស ដែល​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅក្នុងការបោះឆ្នោតនេះ មានគណបក្សចំនួនសរុបចំនួន២៣គណបក្ស ស្មើគ្នានឹង​ចំនួន​គណបក្ស​ដែល​ចូល​រួមបោះឆ្នោត​រៀប​ចំ​ដោយ​អាជ្ញាធរអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ដែរ។ ដូច្នេះ បើសិនជាគេយល់​ថាការ​បោះ​ឆ្នោតនៅឆ្នាំ២០១៨មានភាពមិនប្រក្រតីនោះ យើង​ក៏អាច​និយាយ​ថា​ការបោះ​ឆ្នោត​រៀប​ចំ​ដោយ​អ៊ុន​តាក់​ឆ្នាំ១៩៩៣ ក៏​មាន​ភាព​មិន​ប្រក្រតីដែរ។

ណ្ហើយចុះ កាសែតកម្ពុជាថ្មី យល់ឃើញថា គ្មានការបោះឆ្នោតណាដែលសុក្រិត្យ១០០%នោះទេ សូម្បីតែការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្តី ដែលក្នុងអំឡុងពេលបោះឆ្នោត​ប្រធានាធិបតីចុងក្រោយ លោក ដូណាល់ ត្រាំ ថែមទាំងចោទប្រកាន់លោកស្រី ហ៊ីឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ថាបានបន្លំសន្លឹកឆ្នោតទៀតផង។

ចំណុចទី២ កាសែតកម្ពុជាថ្មី សូមឯកភាពចំពោះអំណះអំណាងរបស់លោក ឆាលស៍ ដាន់ស្ត៍ លើកឡើងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឡ្ហីករណ៍ថា ការរំលាយចោលអតីតគណបក្សសង្គ្រោះជាតិ គឺដើម្បី«ស្តារនីតិរដ្ឋ»បើយើងក្រឡេកមើលទៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែល«បដិវត្តន៍ពណ៌»បានរុញច្រាន និងជ្រមុជប្រទេសមួយចំនួនចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅដែលកម្ពុជាធ្លាប់បានឆ្លងកាត់យ៉ាងជូរចត់ អស់រយៈពេលជាង២ទសវត្សរ៍ ចាប់តាំងពីឆ្នាំ១៩៧០មក។

កាលពីឆ្នាំ២០១៧ ប្រសិនបើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា មិនបានទប់ស្កាត់ចលនា«បដិវត្តន៍ពណ៌»របស់អតីតគណបក្សសង្គ្រោះជាតិបានទាន់ពេលវេលាទេនោះ កម្ពុជាប្រាកដជារងគ្រោះសោកនាថកម្ម ដូចជាប្រទេសនៅក្នុងមជ្ឈឹមបូព៌ា ដែលធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដោយសារ «បដិវត្តន៍ពណ៌» នេះ ជាក់ជាមិនខាន។

ចំណុចទី៣ អ្នកនិពន្ធលើកឡើងថា បច្ចុប្បន្ននេះ មានសមាជិកអតីតគណបក្សសង្គ្រោះជាតិជាង៥០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយសារគាំទ្រចលនាប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់លោក សម រង្ស៊ីនោះ។ កាសែតកម្ពុជាថ្មី គ្រាន់តែចង់សួរអ្នកនិពន្ធថា តើការចាប់ខ្លួនជនបង្កវិទ្ធង្សនានៅក្នុងសង្គម ជាពិសេសអ្នកចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់មួយ វាខុសច្បាប់ដែរ ឬអ្វី?

តាមពិត ទោះបីជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យក៏មិនអនុញាតឲ្យជនណាម្នាក់បង្កវិទ្ធង្សនានៅក្នុងសង្គម ឬធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ខ្លួននោះដែរ។ ដូច្នេះ ការចាប់ខ្លួនសកម្មជនប្រឆាំងរាជរដ្ឋាភិបាល គឺជាទង្វើស្របច្បាប់ និងត្រឹមត្រូវបំផុត ដើម្បីរក្សាសន្តិសុខជាតិ ស្ថេរភាពនយោបាយ សណ្តាប់ ធ្នាប់សាធារណៈ និងនីតិរដ្ឋនោះ។

កាសែតកម្ពុជាថ្មី មានជំនឿថា ប្រសិនបើតុលាការយល់ឃើញថា សកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនទាំងនោះបានបោះបង់ចោលការប៉ុនប៉ងចូលរួមជាមួយលោក សម រង្ស៊ី ក្នុងការធ្វើរដ្ឋប្រហារនោះ ពួកគេប្រាកដជានឹងត្រូវដោះលែងដូចលោក កឹម សុខា និងសកម្មជនបក្សប្រឆាំងដទៃទៀតមិនខាន។

ចំណុចចុងក្រោយ លោក ឆាលស៍ ដាន់ស្ត៍ បានសរសេរថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា បានរឹតត្បិតសេរីភាពសារព័ត៌មាន ជាពិសេសបានបិទកាសែត ឌឹ ឃែមបូឌា ដេលី កន្លងមកនោះ។ ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជាបានពន្យល់រួចមកហើយ ដែលថាការបិទសារព័ត៌មានភាសាអង់គ្លេសមួយនេះ គឺដោយសារតែមិនបានបង់ពន្ធជូនរដ្ឋតាមកាតព្វកិច្ចរបស់ខ្លួននោះ ហើយកាសែតនេះអាចដំណើរការឡើងវិញនៅក្នុងប្រទេសកម្ពុជា ប្រសិនបើគេបង់ពន្ធត្រឹមត្រូវនោះ។

ចំណែកការលក់កាសែតភ្នំពេញប៉ុស្ត៍ទៅឲ្យពាណិជ្ជករជនជាតិម៉ាឡេស៊ីនោះ គឺជាសិទ្ធិរបស់ពាណិជ្ជករទាំងអស់ដែលអាជ្ញាធរមិនអាចហាមឃាត់នោះឡើយ ហើយកាសែតភ្នំពេញប៉ុស្ត៍ក៏កំពុងដំណើរការធម្មតាដោយមិនមានបិទទ្វារដូចកាសែត ឌឹ ឃែមបូឌា ដេលី នោះឡើយ។

នៅចុងបញ្ចប់ កាសែតកម្ពុជាថ្មី សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកនិពន្ធបរទេសទាំងអស់ ឲ្យប្រកាន់សច្ចភាពតាមក្រមសីលធម៌វិជ្ជាជីវៈ ហើយពួកគេចាំបាច់ត្រូវរាយការណ៍ព័ត៌មានផ្អែកលើសច្ចភាព និងតថភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ចៀសវៀងធ្វើការរិះគន់ និងចោទប្រកាន់ផ្តេសផ្តាស ដូចជាអត្ថបទរបស់សារព័ត៌មានគោលនយោបាយបរទេសខាងលើ៕