BREAKING NEWS
Search

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ចូលជួបសម្ដែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក អាណាតូលី បូរ៉ូវីក (ANATOLY BOROVIK)ទូតថ្មីរបស់សហព័ន្ធរុស្ស៊ី ចូលជួបសម្ដែង​ការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២០ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងក្រោយជំនួបនោះថា លោក អាណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរសុខ ទុក្ខរបស់លោកប្រធានាធិបតីរស្ស៊ី វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក បូរ៉ូវីក ក៏បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា រុស្សី ដែលជាទំនាក់ទំនង ដ៏ល្អដែលមានលក្ខណៈជាដៃគូជាយូរអង្វែងមកហើយ ។លោកបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានរយៈពេល៦៤ ឆ្នាំមកហើយ ហើយឆ្នាំក្រោយ គឺជាទំនាក់ទំនង ខួបលើកទី៦៥ នៃប្រទេសទាំងពីរ លោក​នឹងប្រឹងប្រែងធ្វើសកម្មភាពឲ្យបានច្រើន ដើម្បីចូលរួមអបអរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជា និងរស្សី ។ ជាមួយគ្នា នេះដែរលោក អាណាតូលី បូរ៉ូវីក ក៏បាន​ប្តេជ្ញា​ថា នឹងប្រឹងប្រែងឲ្យអស់ពីលើលទ្ធភាពក្នុងការពង្រឹងពង្រីកមិត្តភាពនេះ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់នេះ  ឲ្យកាន់តែខ្លាំងឡើង រឹងមាំកាន់តែខ្លាំងឡើង ជាពិសេស លើការអភិវឌ្ឍធនធានមនុស្ស,វិស័យសេដ្ឋកិច្ច,វិស័យពាណិជ្ជកម្ម,វិស័យវប្បធម៌,វិស័យការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ ។

លោក បូរ៉ូវីក ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានចំណាយពេលក្នុងថ្ងៃខួបទី ២៧ នៃការប្រកាសរដ្ឋធម្មនុញ្ញកម្ពុជា ហើយនេះគឺជាពេលដ៏វិសេលវិសាល មួយ ។ លោក បូរ៉ូវីក ក៏បានឆ្លៀតពេលជម្រាបជូនសម្ដេចតេជោ ផងដែរថា លោកបានមកកាន់កម្ពុជា តាំងពីឆ្នាំ ១៩៨៤ បម្រើការងារជាអនុព័ន្ធយោធារបស់ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ដោយបានចំណាយពេល ៨ឆ្នាំនៅកម្ពុជា ដើម្បីបម្រើការងារការទូត ហើយលោកមានអារម្មណ៍ថា លោកដូចជាសាក្សី នៃដំណើរវិវត្តន៍របស់កម្ពុជា និងទំនាក់ ទំនងរបស់កម្ពុជា រុស្ស៊ី។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែង​ការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះលោក អាណាតូលី បូរ៉ូវិក(Anatoly BOROVIK)ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេច បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីលោក វ៉្លាឌីមៀ ពូទីន ដែលបានជូនសព្វសាធុការពរជូនសម្ដេចតេជោ។ សម្ដេចតេជោបានយល់ស្របជាមួយ នឹងអ្វីដែលលោក បូរ៉ូវិក បានលើកឡើងស្ដីអំពីទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ។ សម្ដេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ក៏ដូចជាប្រជាជនរុស្ស៊ី ដែលបាន ជួយកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍ ៨០ ដែលកម្ពុជា ជួបនូវការពិបាកយ៉ាងច្រើនបន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្ដេចក៏បានមានប្រសាសន៍បន្តដែរថា ជំនួយរបស់​រុស្ស៊ី ពេលនោះ ជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការ ផ្ដល់ជំនួយលើវិស័យអប់រំដែលវិស័យ បាននាំមកនូវធនធានមនុស្សដ៏ល្អសម្រាប់បម្រើការងារនៅកម្ពុជា សម្រាប់ជួយជំរុញការអភិវឌ្ឍកម្ពុជា រហូតមកដល់ថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះរុស្ស៊ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។ សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ នឹងអាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភព លោកមានការធ្លាក់ចុះ ៕

អត្ថបទ៖​ណារី​

ចុចអាន ៖ សម្តេច​តេ​ជោ ហ៊ុន សែន អបអរ​ខួប ២៧ ឆ្នាំ​ថ្ងៃបុណ្យ​រដ្ឋធម្មនុញ្ញ ២៤ កញ្ញា