កម្ពុជាសម្តែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ហើយថា ជាការសម្រេចដ៏អយុត្តិធម៌

ភ្នំពេញ: ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី១២ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ។

ក្រសួងការបរទេសបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មាន​ការ​សោក​ស្ដាយចំពោះ​សេចក្ដី​សម្រេច​ដ៏អយុត្តិធម៌​របស់គណៈ​កម្ម​ការ​អឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃ​ប្រព័ន្ធអនុ​គ្រោះពន្ធ​ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា​ ១៩ នៃបទប្បញ្ញត្តិ ​ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។​ទស្សនាទាន​ស្តីពី​ “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែល​ផ្តើម​ចេញ​ពី​ការ​ភាន់​​ច្រឡំ​ និងការ​​យល់ខុស​​អំពី​​តថភាពជាក់ស្តែងនៅកម្ពុជា ត្រូវ​បា​នយកមក​​ប្រើប្រាស់​តាម​ទំនើង​ចិត្ត ​ដើម្បី​ចាប់ផ្តើមនីតិវិធីដកប្រព័ន្ធ​អនុ​គ្រោះពន្ធពីកម្ពុជា។

បើតាមក្រសួងការបរទេស ទោះជាផ្អែកលើគុណតម្លៃ និង​គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​របស់​សហភាពអឺរ៉ុប​ក៏ដោយ ក៏សេចក្តី​សម្រេចនេះ ត្រូវបានជំរុញដោយហេតុផល​​នយោបាយ ដោយគ្មាន​​​​ការពិចារណាប្រកប​ដោយ​​កត្តា​សត្យានុម័ត និង​ភាព​​មិន​លំអៀង​។ កត្តា​​ទាំងពីរ​នេះ​ គឺ​​ជា​គោល​ការណ៍​គ្រឹះ​ដែលស្ថាប័ន​អន្តរជាតិ​ តួយ៉ាង​ដូចជា​គណៈ​កម្មការ​អឺរ៉ុប​​ត្រូវតែ​​​ប្រកាន់ខ្ជាប់ខ្ជួន​​។ សេចក្តី​សម្រេចនេះ​មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែល​យើង​ប្រៀបធៀប​​ប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹង​ដៃគូ​ពាណិជ្ជកម្មដទៃទៀត។ ទោះបី​ជា​សេចក្តីសម្រេចនេះបាន​ទទួល​ស្គាល់​“​វឌ្ឍនភាពជាក់ស្តែង”​ ដែលរាជរដ្ឋាភិបាលកម្ពុជា​សម្រេចបាននៅក្នុង​វិស័យ​ជាច្រើន​ ក្នុងការ​ឆ្លើយតបទៅនឹង​ក្តី​កង្វល់របស់​គណៈកម្មការអឺរ៉ុបក៏ដោយ​ ក៏សេចក្តីសម្រេច​នេះ​ពុំ​បាន​ទទួល​ស្គាល់ និង​គោរព​បញ្ហា​ជាមូលដ្ឋាន​នៃ​អធិបតេយ្យ​របស់​កម្ពុជា ដែល​ពុំ​មែន​ជាកម្មវត្ថុ​នៃ​ការ​ចរចា​ប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុ​នៃ​ការ​ផ្លាស់ប្តូរដើម្បីជំនួយ​អភិវឌ្ឍន៍នោះឡើយ​​។  រាជរដ្ឋាភិបាល​​កម្ពុជាប្រកាន់​​យ៉ាងម៉ឺងម៉ាត់​នូវ​ជំហរ គោលការណ៍​ក្នុងកា​រ​បដិសេធ​រាល់​ការប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ ក្នុង​​ការ​ប្រើ​ប្រាស់​​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍​ ដើម្បីជា​លេសក្នុងការ​​​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយរមួយ​គត់ ដែលកំពុងត្រូវបានអនុវត្តដោយអនុលោមយ៉ាង​ពេញលេញ​តាម​ច្បាប់កម្ពុជា និងស្ថិត​នៅក្រោម​យុត្តាធិការ​នៃ​អំណាច​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា​ ក្រៅពីនេះ សកម្មភាពទាំងអម្បាលមាន​របស់​រាជ​រដ្ឋាភិបាលកម្ពុជាដែល​បាន​ស្តែងចេញ​ក្នុង​ដំណាក់​កាល​នៃកិច្ច​សន្ទនា​គឺមាន​ខ្លឹមសារ​គួរឱ្យ​កត់សម្គាល់លើស​ពី​​អ្វី​ដែល​ជា​​ក្តី​កង្វល់​របស់​​សហភាពអឺរ៉ុប​ទៅទៀត។ ដោយឡែកចំពោះ​បញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល       គណៈកម្មការ​អឺរ៉ុបបានទទួលស្គាល់ថាមានវឌ្ឍនភាពជាក់លាក់​នោះ ក៏​រាជរដ្ឋាភិបាលនៅតែ​​បន្តដោះស្រាយកង្វះខាតនានា​ដែលនៅសេសសល់បន្ថែម​ទៀតដែរ​។

ចំពោះលំហនយោបាយវិញ  រាជ​រដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅបាន​ប្រកបដោយ​ភាពស្មោះត្រង់​   លើកលែងតែសកម្មភាពទាំងឡាយ​ណាដែលប៉ះពាល់នឹងអធិប​តេយ្យជាតិប៉ុណ្ណោះ។ ដើម្បីទុក​ជា​កំណត់​ហេតុ និងឈរលើ​គោលការណ៍​តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយ​បង្អស់​នៅឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលក្នុង​ស្រុក​ និងសមាគម ដែលបានចុះបញ្ជីចំនួន ៥.៤៤១ ស្ថាប័នសារព័ត៌មានចំនួន ៨០០ សារព័ត៌មានអនឡាញចំនួន ៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូល​ទាំង ៨ ក្នុងវិស័យ​ការងាររបស់អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដែល​អនុញ្ញាត​ឱ្យ​កម្មករមានសហជីព​​​ចុះ​បញ្ជីដល់ទៅ​​ ៥.០៤៥​។ តួលេខទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវា​ជា “​ភស្តុតាងយ៉ាងច្បាស់” ថា ប្រជាជនកម្ពុជានៅពេលនេះកំពុង​ទទួលអំណរ​ជាមួយ​នឹង​សេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តី​រំខាន​។

ទោះបីជាមាន​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុបលើបញ្ហាពាណិជ្ជកម្ម​នេះក្តី កម្ពុជានៅតែមាន​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតី​នៃការគោរព និងការទទួល​​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មី​ពីបំណង​ប្រាថ្នា​យ៉ាងមុតមាំរបស់​ខ្លួន​ក្នុង​ការ​បន្តអនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យសេរីពហុបក្សនៅ​ក្នុងតំបន់។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈនេះ គណៈកម្មការអឺរ៉ុប បានចេញសម្រេចកាត់ចេញផ្នែក​កខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA)” ពី​កម្ពុជា ហើយការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ផលិតផលមួយចំនួន ដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារនៅសហភាពអឺរ៉ុប ដែលរួមមានផ្នែកខ្លះនៃសម្លៀកបំពាក់និងស្បែកជើង ព្រមទាំងផលិតផលនៅក្នុងការធ្វើដំណើរ និងផលិតផលស្ករស។

ការសម្រេចដកនេះមានទំហំប្រហែលមួយភាគប្រាំឬ មានតម្លៃប្រមាណជា១ ពាន់លានអឺរ៉ូ នៃតម្លៃ នាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ការសម្រេចចិត្តដកនេះនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ខាងមុខ៕
អត្ថបទ៖ កោះកែវ