BREAKING NEWS
Search

កម្ពុជាប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការធ្វើឱ្យទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត

ភ្នំពេញ៖ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកតាមប្រព័ន្ធ Video Conference ដែលធ្វើឡើងរយៈពេល៤ថ្ងៃ។ បើតាមលទ្ធផលនៃកិច្ចប្រជុំបានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកន្លងមក និងបានពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាន-សហរដ្ឋអាមេរិក។ ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកបានសម្តែងនូវសេចក្តីពេញចិត្ត ដែលបន្ទាត់សកម្មភាពទាំងអស់ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋ អាមេរិក ២០១៦-២០២០ ត្រូវបានអនុវត្តតាមផែនការ។

ប្រទេសសមាជិកអាស៊ាន ក៏បានសម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបន​កម្មតំបន់ ដែលកំពុងវិវត្ត ដែលបើកចំហឲ្យមានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងដែលផ្អែកលើច្បាប់ ដោយកសាងលើយន្តការដែលដឹកនាំដោយអាស៊ាន ហើយដែលពហុភាគីនិយមនៅតែជាឧបករណ៍ប្រកបដោយប្រសិទ្ធិភាពមួយ សម្រាប់ដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌អាស៊ាន-សហរដ្ឋអាមេរិក ដូចជាលើវិស័យពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ និងការអភិវឌ្ឍធនធានមនុស្ស។ ប្រទេសសមាជិកអាស៊ានបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ និងទន្ទឹងរង់ចាំធ្វើសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត ជាមួយសហរដ្ឋអាមេរិក ក្នុងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលេចអំពីសមិទ្ឋផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលកំពុងកើតមានរវាងអាស៊ាន និងអាសហរដ្ឋមេរិក តាមរយៈក្របខ័ណ្ឌទ្វេភាគី និងតំបន់។ លោកបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់វិស័យថែទាំសុខភាព និងវត្តមានដ៏រឹងមាំនៃមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក ក្នុងការជួយបណ្តាប្រទេសនានា ដូចជាប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺរាតត្បាត។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះសេចក្តីព្រាងសេចក្តីប្រកាសរួម ស្តីពីការអភិវឌ្ឍមូលធនមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តដល់សហរដ្ឋអាមេរិកឱ្យបន្តគាំទ្រកម្មវិធីទ្រទ្រង់នានា ដែលមានគោលបំណងកែលម្អ និងបង្កើនជំនាញថ្មីៗបន្ថែមទៀតដល់កម្លាំងពលកម្មអាស៊ាន ដើម្បីលើកកម្ពស់ការប្រកួតប្រជែងផ្នែកឧស្សាហកម្ម នៅក្នុងតំបន់អាស៊ាន។ ការលើកស្ទួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធបរិស្ថានឌីជីថល សហគ្រិនភាពស្រ្តី ការតភ្ជាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីៗ ជាមួយបណ្តាក្រុមហ៊ុនអាមេរិកនានា គឺជាលទ្ឋភាពផ្សេងៗទៀត សម្រាប់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាក្នុងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែស៊ីជម្រៅថែមទៀត ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូអាស៊ាន-អាមេរិក ឆ្ពោះទៅកាន់កម្រិតថ្មីមួយទៀត ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក បានឯកភាពគ្នាអនុម័តផែនការសកម្មភាពថ្មី ឆ្នាំ២០២០-២០២៥ ដែលបានដាក់ចេញនូវបណ្តាសកម្មភាព និងវិស័យយុទ្ឋសាស្រ្តជាច្រើន ដើម្បីកំណត់ទិសដៅកិច្ចសហប្រតិបត្តិការអនាគត រវាងភាគីទាំងពីរ សម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ មានរយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដែលកិច្ចប្រជុំនោះរួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣, កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧, កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីសម្រាប់សន្តិភាព និងសន្តិសុខប្រកប ដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣, កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន៕

កោះកែវ