BREAKING NEWS
Search

​វៀតណាម ​រុះរើតង់ចំនួន៨កន្លែងចេញពីតំបន់ព្រំដែន​មិនទាន់​ឯកភាព​គ្នា

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ២០២០ ចំនួន​តង់​ដែល​ភាគី​វៀតណាម បាន​រុះរើ​ចេញ​មាន​ចំនួន​៨​កន្លែង ក្នុងចំណោម​តង់​ដែល​បាន​បោះ​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា​ក្នុង​ការ​វាស់​វែង​ខណ្ឌ​សីមា និងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ នេះ​បើ​តាម​ការ​បញ្ជាក់​រ​បស់​រដ្ឋ​លេខាធិការ​ប្រចាំការ ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​ដកស្រង់​សំដី និង​ចុះផ្សាយ​លើ​ទំព័រ​ហ៊្វេស​បុក​ក្រសួង​មហាផ្ទៃ ។

លោក សក់ សេដ្ឋា ​រដ្ឋ​លេខា​ធិការ​ប្រចាំការ បាន​មាន​ប្រសាសន៍​ថា ​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជាប់​ព្រំដែន សហការ​ចុះទៅ​សម្របសម្រួល​ និង​ចរចា​ជា​មួយ​ភាគី​វៀត​ណាម ឲ្យ​រុះរើ​តង់​ទាំងនោះ​ចេញ។ ជា​លទ្ធផល ភាគី​វៀតណាម បាន​យល់ព្រម​រុះរើ​ចេញ និង​រំកិល  តង់​មួយ​ចំនួន ថយក្រោយ។ ទន្ទឹម​នេះ ភាគី​វៀតណាម បាន​ឆ្លើយតប​មក​អាជ្ញាធរ​កម្ពុជា ថា វៀតណាម​នឹង​រុះរើ​តង់​ទាំង​នោះ​ចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវ​បាន​កំចាត់​ចោល​ទាំងស្រុង​នា​ពេល​ខាងមុខ។

លោក​ថា ក្រសួងមហាផ្ទៃ ក៏បាន​ស្នើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ដើម្បី​ពិភាក្សា ចរចា​ជា​មួយ​ភាគី​វៀត​ណាម​ឱ្យ​រុះរើ​តង់​ទាំង​នោះ​ចេញ និង​រក្សា​ស្ថានភាព​ដដែល​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​ពុំទាន់​ឯកភាព​ខណ្ឌ​សីមា​និង​បោះ​បង្គោល​រួច តាមរយៈលិខិតលេខ១៥៧៩សជណ ចុះថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០២០។ ជាការ​ឆ្លើយតប​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ស្នើ​មក​ក្រសួងមហាផ្ទៃ​ ផ្ដល់​នូវ​ចំនុច​និយាមកា ​នៃទីតាំង​បោះតង់​របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ កំពុងបូកសរុបផ្ទៀងផ្ទាត់​និយាមកា​ទាំងនោះ​ដើម្បី​ផ្ដល់​ជូន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចាត់ចែង​តាម​សមត្ថកិច្ច។

​​លោក សក់ សេដ្ឋា បានបញ្ជាក់ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏បានធ្វើកំណត់ទូត​ទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បី​តវ៉ា​អំពីសកម្មភាពបោះតង់របស់​ភាគី​វៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥, និងនៅតាម​បណ្តោយព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែន លេខ ២៤៧-២៥៣ និង​ទាមទារ​ភាគី​វៀតណាម​ ឲ្យរុះរើតង់ទាំងនោះចេញ និង​ស្នើ​ឲ្យរក្សាស្ថានភាពនៅដដែល នៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាម​ស្មារតី​ នៃ​ប្រកាស​ព័ត៌មានរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរឆ្នាំ១៩៩៥ និងសន្ធិសញ្ញា បំពេញបន្ថែម​ឆ្នាំ២០០៥។

លោក សក់ សេដ្ឋា បានលើកឡើងថា ក្រសួងមហាផ្ទៃ បានស្នើភាគីវៀតណាម គោរពឲ្យបានម៉ឺងម៉ាត់ ស្រប​តាមមាត្រា១០ នៃ​លក្ខន្តិកៈ​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​រវាង​រដ្ឋាភិបាល​ទាំងពីរ ដោយត្រូវរក្សា​ស្ថានភាព​ដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោ​ភាគី​ណា​មួយ ដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈ​កម្មការ​ចម្រុះ​ព្រំដែនទាំងពីរ​ឯកភាព​ខណ្ឌសីមា និងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។ ទន្ទឹមនេះ ក្នុងដំណាក់កាល​ដ៏ស្មុគស្មាញ​ដែល​សុខុមាលភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព​ដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្តនិងកម្លាំងមាន​សមត្ថកិច្ចកម្ពុជា បន្តកិច្ចសហការជាមួយភាគីវៀតណាម ក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅ​តាមបណ្តោយព្រំដែន ​សំដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ស្នើ​រដ្ឋបាល​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាប់​ព្រំដែន​កម្ពុជា-វៀតណាម បន្តតាមដាន សកម្មភាពរបស់ភាគី វៀតណាមឲ្យបាន​ខ្ជាប់ខ្ជួន​។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី, ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់៕

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ចុចអាន ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣  សម្រេចបាន៣៩,៧៦%