ស្ថានទូតកម្ពុជានៅស្វីសប្រាប់ពីការពន្យាវិធានការ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលមេរោគកូវីដ១៩

ភ្នំពេញ: ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីសបានជម្រាបជូនពលរដ្ឋកម្ពុជាទាំង អស់ ដែលកំពុងស្នាក់នៅ បម្រើការងារ និងសិក្សា នៅសហព័ន្ធស្វីស អំពីការពន្យារសុពលភាព នៃវិធានការ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលមេរោគកូវីដ១៩ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

ស្ថានទូតបានអះអាងថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក រដ្ឋាភិបាលសហព័ន្ធស្វីសបានដាក់ចេញនូវវិធានការរឹតត្បិតជាច្រើន ដែលមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយការចម្លងមេរោគកូវីដ១៩ ហើយមកដល់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលសហព័ន្ធស្វីសបានសម្រេចពន្យារសុពលភាពនៃវិធានការទាំងនោះ បន្ថែមមួយសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

វិធានការនោះមានដូចជា បិទទីតាំងនានាមិនឱ្យសាធារណជនចូល (ហាងលក់ដូរ ភោជនីយដ្ឋាន ក្លឹបកំសាន្ត រង្គសាល កន្លែងកំសាន្ត និងទីតាំងកីទ្បា ជាដើម) ប៉ុន្តែលើកលែងហាងទំនិញចាំបាច់ សេវាដឹកជញ្ជូនអាហារដល់កន្លែង ឱសថស្ថាន សេវាប្រៃសណីយ៍ ធនាគារ ស្ថានីយ៍ប្រេងឥន្ធនៈ, សេវាកម្មដឹកជញ្ជូនសាធារណៈ, រដ្ឋបាលសាធារណៈ, ក្រុម ហ៊ុនផ្គត់ផ្គង់ថាមពល និងសណ្ឋាគារ។ ទីតាំង និងអាជីវកម្មដែលមិនរងផលប៉ះពាល់ពីបម្រាមនេះ ត្រូវបន្តអនុវត្តវិធានគម្លាតសង្គមនិងអនាម័យ ដែលបានណែនាំដោយអាជ្ញាធរសុខភាពសាធារណៈស្វីស, ហាមឃាត់រាល់កម្មវិធីជួបជុំឯកជន និងសាធារណៈ និងការប្រមូលផ្ដុំលើសពីប្រាំនាក់នៅទីសាធារណៈ, ការប្រមូលផ្ដុំក្រោមប្រាំនាក់ត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវរក្សាគម្លាតពីគ្នាយ៉ាងហោច ណាស់ពីរម៉ែត្រ, ហាមឃាត់រាល់នីតិវិធីនិងការព្យាបាលដែលពុំមានលក្ខណសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យ គ្លីនិក និងបន្ទប់វេជ្ជសាស្ត្រ ឬព្យាបាលធ្មេញ ។

បើតាមស្ថានទូត ប្រជាពលរដ្ឋត្រូវស្នាក់នៅក្នុងគេហដ្ឋានឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ជាពិសេសអ្នកមានជំងឺ ឬអាយុលើសពី៦៥ឆ្នាំ លើកលែងតែបុគ្គល ដែលត្រូវចេញទៅធ្វើការ ជួបពេទ្យ ទិញម្ហូប ឬត្រូវផ្តល់ជំនួយដល់អ្នកដទៃ។ រឹតបន្តឹងមិនអោយចូលប្រទេសស្វីសនៅតាមព្រំដែន និងការផ្អាកផ្តល់ទិដ្ឋាការចូលប្រទេសស្វីស នៅបន្តអនុវត្ត ដោយអាជ្ញាធរស្វីសដដែល៕

អត្ថបទ៖ កោះកែវ