BREAKING NEWS
Search

កាណាដា នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា លើ​វិស័យ​ពាណិជ្ជកម្ម សំអាត​មីន និង​វិស័យ​មួយ​ចំនួន​ទៀត

​ភ្នំពេញ ​៖ ការ​បញ្ជាក់​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក កឹម សុខា ជាមួយ​លោកស្រី Allison Steward ភារធារី​ទូត នៃ​ប្រទេស​កាណាដា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា កាលពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០​។

​លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ​លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា ការ​គ្នា​នៅ​ពេល​នេះ ដោយសារ​លោកស្រី Allison Steward នឹងត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​បាន​ចូល ជួប​ពិភាក្សា និង​ជម្រាបលា​លោក​ប្រធាន កឹម សុខា​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​សហប្រតិបត្តិ​ការ​ល្អ​ប្រកបដោយ​ការយោគយល់ និង​មិត្តភាព ក្នុងអំឡុងពេល នៃ​ការ​បំពេញ​បេសកកម្ម​ការ​ទូត​របស់​លោកស្រី​នៅ​កម្ពុជា​។

​តាម​លោក មុត ចន្ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន ជាពិសេស​បញ្ហា​កូ​វីដ​-១៩ ផល​ប៉ះពាល់​លើ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច និង​ផលវិបាក​ក្នុង​ដំណាក់​ការ​ក្រោយ​កូ​វីដ​-១៩​។ ក្រៅ​ពី​នេះ លោកស្រី​ភារធារី​បាន​ជម្រាប​ជូន​លោក​ប្រធាន កឹម សុខា អំពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ស្ថិត​ក្នុង​លំដាប់​ទី​៣ ឬ​ទី​៤ តាម​ឆ្នាំ​នីមួយៗ ហើយ​កាណាដា ក៏បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​ជួយ​ដល់​កិច្ចការ​បោសសំអាត​មីន​នៅ​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​អាច​ទទួល​បាន​នូវ​ដី​កសិកម្ម ក្នុង​ការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ​។ លោកស្រី​បញ្ជាក់​ថា ប្រទេស​កា​ណា​នឹង​បន្ត​កិច្ចការ​ទាំងនេះ​តទៅទៀត​។

​លោក មុត ចន្ថា បាន​ឲ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ លោក កឹម សុខា តែងតែ​រក្សា​នូវ​ទំនាក់ទំនង និង​សហប្រតិបត្តិ​ការ​ល្អ​ជាមួយ​សហគមន៍​ការទូត ដើម្បី​ការពារ និង​បម្រើ​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ហើយ​ឯកអគ្គរដ្ឋទូត​-​រាជទូត ទាំង​ក្នុង​ដំណែង និង​ជិត​បញ្ចប់​បេសកកម្ម​ការទូត​តែងតែ​ជួបពិភាក្សា​ជាមួយ​លោក ក្នុង​ស្មារតី​ភាតរភាព​និង​តម្លៃ​ស្មើភាព​៕

អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ​អាជីវកម្ម​ទេសចរណ៍​ជិត៣ពាន់កន្លែង​បិទទ្វារ​ដោយសារកូវីដ-១៩