ក្រុម​ប្រព្រឹត្ត​បទល្មើស​កាច់​សោ.ក ម៉ូតូ ​ក្នុង​ក្រុង​ដូន​កែវ​ពីរ​នាក់ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន

​តាកែវ ៖ ជនសង្ស័យ​លួច​កាច់​សោ.ក ម៉ូតូ​ម្នាក់ ​និង​អ្នកទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់ ត្រូវ​​ប៉ូលិស​ក្រុង​ដូន​កែវ ​បង្ក្រាប​បាន​ យក​មក​កសាង​សំណុំរឿង​បញ្ជូន​ឡើង​សាលាដំបូង​ខេត្ត​តាកែវ​ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២០ ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ ដែលមាន​ម្នាក់​ជា​អ្នកធ្វើ​សកម្មភាព​កាច់​សោ.ក ម៉ូតូ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​និង​១០​នាទី ដោយ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន នគរបាល​ក្រុង​ដូន​កែវ នៅ​ក្នុង​វិទ្យាស្ថាន ពហុបច្ចេកទេស តេ​ជោ​សែន ស្ថិតនៅ​ក្នុង​ភូមិ​បី សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ។ ជនសង្ស័យ​មាន ឈ្មោះ ឡុង សុវណ្ណ ហៅ វ៉ាន់ ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។ មុន ​នឹង​ឈានដល់​ការឃាត់ខ្លួន ​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ បានធ្វើ​សកម្មភាព​កាច់​សោ.ក ម៉ូតូ​មួយ​គ្រឿង​ ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ តាកែវ 1Q-5814 ដែលមាន ម្ចាស់ ឈ្មោះ រឿន វឌ្ឍនៈ ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ ដំណាក់ ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ តែ​មិនបាន​សម្រេច​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ បាន​ស្រាវជ្រាវ​ និង​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ជា​មេខ្លោង និង​ជា​អ្នកទទួល​ទិញ​ផល​ចោរកម្ម​មានឈ្មោះ ហួយ ភក្ដី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ ព្រម​ទាំង​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក​scoopy ពណ៌​ស ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

​បច្ចុប្បន្ន ជនសង្ស័យ​ និង​វត្ថុតាង ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការ​នគរបាល​ក្រុង​ដូន​កែវ ​កសាង សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី៕


អត្ថបទ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114