បុរស​ម្នាក់​ ត្រូវ​រថយន្ត​បុក​ស្លាប់ ​ខណៈ​ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ

រតនគិរី​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ​បាន​កើត​ឡើង​រវាង​ម៉ូតូ​និង​រថយន្ត​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ រុន ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៦៨-២៦៩ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

មន្ត្រី​នគរបាល​ស្រុក​លំផាត់​ បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​​​​​មាន​ឈ្មោះ អឿន កា​ឆោម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ទំ​ពួន មុខរបរ កម្មករ​ចម្ការ​ចេក​នៅក្នុង​ក្រុមហ៊ុន​(​ទ្រី​កូ​)​ដូនពេញ វៀតណាម មាន​ទីលំនៅ​ភូមិ​ណង​ហៃ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ដោយ​ពុំមាន​ពាក់មួក​សុវត្ថិភាព ជិះ​ម៉ូតូ​កែច្នៃ​មួយ​គ្រឿង អត់​ស្លាក​លេខ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

រីឯ​រថយន្ត​មួយ​គ្រឿង​ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BC-8151​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ បើកបរ​ដោយ​ឈ្មោះ ហួត ឡាយ​ហួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងក្រឡឹង មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី។ ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​នឹង​កន្លែងកើតហេតុ​។​ អ្នក​រួមដំណើរ​លើ​រថយន្ត​មាន​ចំនួន​១៥​នាក់ ស្រី​៩​នាក់​ដោយ​មិន​មាន​រងរបួស​ឡើយ​។​

មន្ត្រី​នគរបាល​ បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​ ​ ​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ សង្ស័យ​មាន​សារជាតិ​គ្រឿង​ស្រវឹង​នៅ​ក្នុង​ខ្លួន​ជោកជាំ។ ក្រោយពេល​កើតហេតុ​ កម្លាំង​ជំនាញ​អធិការ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ និង​បានប្រគល់​សាកសព​ជូន​ទៅ​ឲ្យ​ឪពុកម្តាយ​ដើម្បី យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

ដោយឡែក​វត្ថុតាង​ម៉ូតូ និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕
វុ​ទ្ធ​ឦសាន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114