លោកយាយ​ពិការ​អាយុ​៩៦​ឆ្នាំ ​ទទួល​អំណោយ​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ជា​លើក​ទី​៣
BREAKING NEWS
Search

លោកយាយ​ពិការ​អាយុ​៩៦​ឆ្នាំ ​ទទួល​អំណោយ​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ជា​លើក​ទី​៣

ភ្នំពេញ ៖ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២០​នេះ​ លោកយាយ​ គឹម លី អាយុ​៩៦​ឆ្នាំ​ ដែល​ជា​ជន​ពិការ​ផង​នោះ​បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​ លោក​ចេង មុនី​រ៉ា ​រហូត​ដល់​ទៅ​៣​លើក ​ក៏​ព្រោះតែ​លោកយាយ​មានការ​លំបាក​ក្នុង​ជីវភាព​ខ្លាំង​ពេក​។​

ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃទី​២១​ឧសភា​នេះ ​លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​ និង​ជា​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ អម​ដំណើរ​ដោយ​សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​ ព្រមទាំង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ លោក​យាយ គឹម លី អាយុ​៩៦​ឆ្នាំ​ ដែល​កំពុង​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​អូរអណ្តូង​ទី​១​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​មានប្រសាសន៍ថា ​នេះ​ជា​លើក​ទី​៣​ហើយ​ ដែល​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ច្បារអំពៅ​នាំ​យក​អំណោយ​មនុស្សធម៌​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហម​កម្ពុជា​ យ​ក​មក​ជូន​ដល់ដៃ​លោកយាយ​ផ្ទាល់។ ​ដែល​អំណោយ​ទាំងនោះ​រួមមាន ៖ ​រទេះរុញ​សម្រាប់​ជន​ពិការ​ចំនួន​១​គ្រឿង គ្រឿង​ឧបភោគ​បរិភោគ​គ្រប់មុខ​ និង​ថវិកា​៥០​ម៉ឺន​រៀល​។ ​ដែល​២​លើក​កន្លងមក​ គឺ​ដូចគ្នា​ទៅ​នឹង​អំណោយ​លើក​ទី​៣​ ប៉ុន្តែ​រទេះរុញ​ដែល​ផ្តល់​លើក​ទី​១​ ត្រូវគេ​លួច​យកទៅ​បាត់​ក្នុងពេលដែល​លោកយាយ​កំពុង​សំរាន្ត​។​

គួរ​បញ្ជាក់​ថា​ ជា​រៀងរាល់​សប្ដាហ៍​ លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ តែង​នាំ​យក​អំណោយ​មនុស្សធម៌​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ទៅ​ផ្តល់ជូន​ជន​ចាស់ជរា​ គ្មាន​ទីពឹង ជនពិការ កុមារ​កំព្រា​ និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព​មិនដែល​ខកខាន​ឡើយ ​ឲ្យ​តែមាន​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ គឺ​លោក​អភិបាលខណ្ឌ ​រួសរាន់​នាំ​យក​អំណោយ​ផ្តល់​ជូន​ភ្លាមៗ​ ដោយ​មិន​ពន្យារ​ពេល​ឡើយ​៕
អត្ថបទ ៖ ​ន​រា​

អត្ថបទ ៖ ប្រជាពលរដ្ឋ​១៧៨​គ្រួសារ​ ទទួល​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114