មេឃុំ​ចុង​ជាច ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​មេភូមិ​ប្តឹង ដាក់ពាក្យ​ប្តឹង​សុំ​ឲ្យ​ផ្លាស់​ចេញពី​តំណែង​, បើ​មិន​មានការ​ផ្លាស់​ចេញ ពួកគាត់​នឹង​ឈប់​ពី​តំណែង​គ្រប់គ្នា

ត្បូងឃ្មុំ ​៖​ សមាជិក​ក្រុម​ប្រឹក្សាឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ រួម​ជាមួយនឹង​មេភូមិ​អនុ​ភូមិ​ប្រមាណ ១៩​នាក់ បានធ្វើ​លិខិត​សំណូមពរ​ឲ្យ​លោក​អភិបាលស្រុក​តំបែរ ផ្លាស់ប្តូ​តំណែង​មេឃុំ​ចុង​ជា​ច ​ ដោយសារ​មេឃុំ​រូប​នោះ បាន​ធ្វើ​កំហុស​ឆ្គង​ជាច្រើន​នាពេល​កន្លងមក ធ្វើ​ឲ្យ​មន្ត្រី​ពិបាក​រួម​កិច្ចការ​ជាមួយគ្នា​។​

យោងតាម​ពាក្យបណ្តឹង​ដាក់ជូន​អភិបាលស្រុក​របស់​សមា​ជិ​ក​ក្រុមប្រឹក្សា និង​មេភូមិ ដែល​អង្គភាព​កាសែត​កម្ពុ​ជាថ្មី ទទួលបាន​នៅ​ទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ពួកគាត់​ទាំងអស់គ្នា ស្នើសុំ​ឲ្យ​ផ្លាស់ប្តូរ​មេឃុំ​ចុង​ជា​ច លោក កាំ​ង វ៉ាន់ឌី។​

នៅក្នុង​ពាក្យបណ្តឹង​ក្រុម​សមាជិក​ក្រុមប្រឹក្សា និង​មេ​បាន​បញ្ជាក់ទៀតថា «​យោងតាម​ការ​លំបាករបស់​យើងខ្ញុំ​ទាំង អស់​គ្នា​កន្លងមក ដែល​លោក​មេឃុំ​រូបនេះ បានធ្វើ​ខុស​ម្តង​ហើយ​ម្តងទៀត ពុំបាន​ធ្វើការ​កែប្រែ​តាម​ការស្នើសុំ​របស់​ថ្នាក់ដឹកនាំ​ឡើយ​ដូចជា​៖
-​ទី​១ ៖ ធ្វើការ​ស្តីបន្ទោស​ថ្នាក់ក្រោម​ដោយ​គំរាម​ដកចេញ​ពី​តំណែង​ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិក​ភូមិ ស្មៀនឃុំ គ្រូ​មតេយ្យ​សហគមន៍​ជាដើម​
-​ទី​២ ៖ និយាយ​ទម្លាក់​កំហុស​ឲ្យ​មន្ត្រីក្រោម​ឱវាទ រាយការណ៍​ទៅ​ថ្នាក់លើ​
-​ទី​៣ ៖ ធ្វើ​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​របស់​ពលរដ្ឋ ដោយមាន​ការ​កៀបសង្កត់ កោសរូស យកលុយ​ពី​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​ផ្សេងៗ​
-​ទី​៤ ៖ បំផុសបំផុល និង​រារាំង​ការ​កសាង​សមិទ្ធផល​នានា​តាម​ភូមិ​។ ជាក់ស្តែង ដូច​ភូមិ​ជា​ច​កើត មាន​របាយការណ៍​មេភូមិ​ស្រាប់ និង​ការងារ​ជាច្រើន​ទៀត​ដែល​យើងខ្ញុំ​ភ្ជាប់ របាយការណ៍​មក​ជា​មួយ​ស្រាប់​»​។​

ពាក្យបណ្តឹង​បាន​បន្តទៀតថា «​ប្រសិនបើ​បុគ្គល​រូបនេះ នៅតែ​ដឹកនាំ​ធ្វើជា​មេឃុំ​ទៀត យើងខ្ញុំ​ទាំងអស់គ្នា​សុខចិត្ត​លាឈប់​ពី​តំណែង​ទាំងអស់គ្នា​»​។​

ទាក់ទិន​ទៅនឹង​ករណី​ខាងលើនេះ​ នៅ​ថ្ងៃ​ទ​១៥ ខែមករា ឆ្នាំ​២០២០​នេះ អភិបាលស្រុក​តំបែរ​លោក សុខ សា​រិ​ទ្ធិ បាន​ថ្លែង​ថា ក្រោយពី​បាន​ទទួល​ពាក្យ​ស្នើសុំ​នោះ លោក​បាន​ចាត់​គណៈកម្មការ​ធ្វើការ​ចុះ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ។
លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា «​រហូតមកដល់​ពេលនេះ ជា​លទ្ធផល​គណៈកម្មកា​រ​ស៊ើបអង្កេត រក​ឃើញ​បញ្ហា​ប្រហាក់ប្រហែល​ខ្លឹមសារ​ស្នើសុំ​នោះ​ដែរ ហើយ​បញ្ហា​នេះ​ខាង​អាជ្ញាធរ​ស្រុក បាន​កសាង​ឯកសារ​បញ្ជូន​ទៅ​ថ្នាក់​ខេត្ត​រួចរាល់​ហើយ​ដែរ​។ ដោយឡែក ចំពោះ​ថ្នាក់​ខេត្ត​សម្រេច​យ៉ាងណា​នោះ ខាង​អាជ្ញាធរ​ស្រុក​មិនទាន់​បាន​ដឹង​នៅឡើយ​ទេ​»​។​

សម្រាប់​មេឃុំ​ដែល​រង​ការចោទប្រកាន់​អង្គភាព​ព័ត៌មាន កាសែត​កម្ពុ​ជាថ្មី មិនទាន់​អាច​សុំ​ការបកស្រាយ​បាន​នោះទេ៕
សាន វិ​ឡែ​ម ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114