ផ្លាស់ប្តូរគំនិតអវិជ្ជមានថ្ងៃនេះ ចាប់ផ្តើម​ដោយវិធីងាយៗ

មុននឹងយើងអាចអភិវឌ្ឍផ្នត់គំនិតឱ្យបានវិជ្ជមាន យើងត្រូវទទួលស្គាល់ថាយើង​ខ្វះ និងចាប់ផ្តើមធ្វើការលើការផ្លាស់ប្តូរ។

ត្រូវជឿថា លំនាំគំនិត និងឥរិយាបទអវិជ្ជមាន នឹង​បំផ្លាញអនាគត​យើងទំាងស្រុង សូម្បីតែបច្ចុប្បន្នក៏យើងមិនដែលមាន​លទ្ធផល​អ្វីល្អ ឬរស់នៅសប្បាយចិត្ត​ដែរ។

តើផ្នត់គំនិតអវិជ្ជមានរបស់យើងសម្គាល់របៀបណា?
និយាយឱ្យសាមញ្ញ គេ​ចាត់ថ្នាក់អ្វីដែលមនុស្ស​អាចគ្រប់គ្រងដោយផ្ទាល់ដោយគេហៅវាថា ជាកក្តាខាងក្នុង ចំណែក​អ្វីៗដែលមិនអាចគ្រប់គ្រងបាន​គេហៅ​ថា កត្តាខាងក្រៅ ។ នៅក្នុងជីវិត យើងតែងតែទទួលឥទ្ធិពលពីការរួមផ្សំគ្នា នៃកត្តាខាងក្នុងនិងខាងក្រៅ។

កត្តាខាងក្រៅនឹងមាននៅពាក់ព័ន្ធក្បែរៗជីវិតយើងជានិច្ច។ ជារឿយៗយើងមិនអាចគ្រប់គ្រងវាបានទេ ទំាង​ដែលមិនអាចជៀសវាងវាបានទៀត។ ឧទាហរណ៍ គ្រោះថ្នាក់ ជំងឺនិងគ្រោះមហន្តរាយធម្មជាតិ។ល។ ទំាងនេះ តែងតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់យើង ធ្វើឱ្យយើង​ស្ត្រេស។

ប៉ុន្តែនៅថ្ងៃនេះ KPT plus ចូលមក ពង្រឹង​កត្តាខាងក្នុងរបស់យើង​ដើម្បីកាត់បន្ថយ ការផ្តេកកផ្តួល លើ​ភាពអវិជ្ជមានកត្តាខាងក្រៅ។ ពេលខ្លះ​ទម្លាប់អាក្រក់ នៃការបណ្តោយផ្តេកផ្តួលពីកត្តាខាងក្នុងដែលចំណុះ​កត្តាខាងក្រៅ បាន​បំផ្លិចបំផ្លាញអាជីព​ឬជីវិត​របស់យើង។

អាកប្បកិរិយានិងទម្លាប់ អាចនាំឱ្យមានឥរិយាបទបំផ្លិចបំផ្លាញដែលយើងគិតថា យើងមិនអាចមាន​អំណាច​ផ្លាស់ប្តូរវា​បានទេ។

តើធ្លាប់ទេ ឮអ្នកដែលនិយាយថា `នេះហើយ​ជាចរិតខ្ញុំ ខ្ញុំនឹងមិនផ្លាស់ប្តូរទេ គួរទទួលយកខ្ញុំជាខ្ញុំបែបនេះ»ជំនឿទាំងនេះ ជាគំនិត​អវិជ្ជមានដែល​រមែង​កើតឡើងនៅក្នុងគំនិតរបស់អ្នកណាម្នាក់ ដែលគេនោះ​តែង​តែ​គាំទ្រ ភាពមិនព្រម«ផ្លាស់ប្តូរ»។

ចំណាយពេលបន្តិច ហើយអានបន្ថែមអំពីមូលហេតុដែល«ទម្លាប់»និង«ជំនឿ»មានសារៈសំខាន់​ណាស់ នៅក្នុងជីវិតរបស់យើង។

ពួកវាជាអ្វីដែលត្រូវបានបង្កើតឡើងដោយ​អស្មិមានៈនិងភាពទន់ខ្សោយគ្មានជំនឿចិត្ត​របស់យើង ហើយការពារមិនព្រមឱ្យយើង​អាចផ្លាស់ប្តូររាល់ទម្លាប់អាក្រក់ៗ បង្កើតជា​ភាព​វិជ្ជមាននៅក្នុងជីវិតរបស់យើងឡើងវិញ។

ខាងក្រោម​នេះ​ ចូរអានហើយ​ស្វែង​រកឥរិយាបថអវិជ្ជមានទូទៅមួយចំនួន
ដែលកំពុងផ្សារភ្ជាប់ជាមួយជីវិត​យើងខ្លួនឯង៖

១ ការស្អប់ខ្ពើមខ្លួនឯង

ត្រូវស្មោះត្រង់នឹងខ្លួនឯងស្វែងរក​ចម្លើយថា ហេតុអ្វីអ្នកមិនចង់កែប្រែ? អ្នកគិតថា​យឺតពេល? អ្នកគិតថាខ្លួនឯងចោលម្សៀត? ឬគិតថា​ខ្លួនឯងមានជំងឺផ្លូវចិត្ត? មិនពិតទេ គ្រប់គ្នា​តែងអាច​មានឱកាស​កែប្រែ បន្តិចម្តងៗ វាគ្រាន់តែត្រូវការ គំនិតផ្តួចផ្តើមនិងការប្តេជ្ញាចិត្តដោយខ្លួនឯងហើយ​ត្រូវការ​អ្នកគាំទ្រ។ យើងខ្ញុំនៅកម្ពុជាថ្មី តែងតែគាំទ្រអ្នកជាមួយអត្ថបទពិត ដែលនាំអ្នកចេញពីវិបត្តិផ្លូវចិត្ត។

២ តើអ្នកងាយនឹងច្រណែនទេ?

ឧទាហរណ៍ អ្នកឃើញមនុស្សស្រីម្នាក់ស្អាតកំពុង​អង្គុយ​នៅលើឆ្នេរខ្សាច់ គួថតដាក់ហ្វេសប៊ុក។ សួរខ្លួនឯងថា ប្រសិនអ្នកគ្រាន់តែចង់ទៅកាន់កន្លែងនោះដែរ អ្នកមិនមានជំងឺទេ​ តែប្រសិន​អ្នក​ចង់ស្អាតជាងនាង ឬ​ខឹងនាង​ដែលមាន​ឱកាសនោះ អ្នកត្រូវព្យាបាលចិត្តជាបន្ទាន់។

៣ តើអ្នកតែងតែមានអារម្មណ៍ថា បរាជ័យជានិច្ច?

ជាញឹកញាប់អ្នកមាន​អារម្មណ៍​អន់ចិត្ត​ចំពោះទេពកោសល្យ ល្បឿន​និង​លទ្ធផល​របស់ខ្លួន? បើអ្នកមិនគាំទ្រខ្លួនឯង ឱ្យអ្នកណាគេមកគាំទ្រ? គ្រប់គ្នា​កើតមកមាន​លឿនមាន​យឺត សំខាន់អ្នកត្រូវមាន​ផ្លូវចិត្តភ្លឺស្វាង។​

៤ តើអ្នកតែងតែបន្ទោសអ្នកដទៃ?

បើអ្នកនិយមប្តូរការទទួលខុសត្រូវលើបរាជ័យ​របស់ខ្លួន​ ដាក់ទៅលើអ្នកដទៃដោយ តែងតែខឹងនឹងដៃគូ មិត្តរួមការងារ មេដឹកនាំ ឬ​អ្នកផ្សេងណាដែលមាន​អាជីពដូចគ្នា អ្នកគួរតែ​បំផ្លាញគំនិតនេះចោល ដោយខ្លួនឯងមុនពេលវាធ្ងន់ធ្ងរជាងនេះ។

៥ ជារឿយៗមាន​អារម្មណ៍ថា ខ្លួនជាជនរងគ្រោះ?

នេះជាមធ្យោបាយមួយទៀតដើម្បីមានហេតុផល​បន្ទោសអ្នកដទៃ។ អ្នកបាន​ជៀសវាងប្រយុទ្ធប្រឆាំងនឹងភាពកម្សោយ​ពិតរបស់ខ្លួន ដោយខ្វះភាពស្មោះត្រង់នឹង​ខ្លួន​ឯង។ អ្នកបន្ទោសអ្វីៗគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នាជំនួសឱ្យការទទួលខុសត្រូវ ឬកែប្រែ។ ពិតណាស់អ្នកត្រូវការ​«ផ្លាសប្តូរ»​ឥឡូវតែម្តង។

មានប៉ុន្មាន​ចំណុច?

មនុស្ស​ជាច្រើនមកហើយ ដែល​ពិតជាអាចធ្វើបានសម្រេច​នូវការផ្លាស់ប្តូរ​ថ្មី​ទៅរកវិជ្ជមាន ដែលធ្វើឱ្យគេមាន​សុភមង្គលឡើងវិញ។ អ្នកក៏ដូចគ្នា។

ស្រស់