BREAKING NEWS
Search

ប៉ូលិសឥណ្ឌាវាយបំបែកក្រុមអ្នកប្រជែងគ្នាចូលទិញស្រា ពេលមានការបន្ធូរបន្ថយវិធានការរឹតត្បិត

កាលពីថ្ងៃចន្ទ ក្រុមប៉ូលិសបានប្រើដំបងដើម្បីវាយប្រជាជនឥណ្ឌាដែលកំពុងប្រជែងគ្នាទិញគ្រឿងស្រវឹងជាលើកដំបូងក្នុងរយៈពេល៤០ថ្ងៃនៅពេលដែលរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បិតវីរុសកូរ៉ូណាធំបំផុតរបស់ពិភពលោក។

មេដឹកនាំរដ្ឋមួយចំនួនបានជំរុញឲ្យហាងស្រាចាប់ផ្តើមបើកមុនគេដោយនិយាយថា ប្រាក់ដែលបានមកពីការលក់គ្រឿងស្រវឹងគឺជាប្រភពចំណូលពន្ធដ៏សំខាន់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលក្រុងដេលីបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ខ្លួននឹងយកកម្រៃ៧០ភាគរយលើការលក់ស្រាចាប់ពីថ្ងៃអង្គារទៅដើម្បីជួយជំរុញដល់ប្រាក់ចំណូលដែលរងគ្រោះដោយជំងឺរាតត្បាត។

រដ្ឋាភិបាលបានដាក់វិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងលើសកម្មភាពស្ទើរតែទាំងអស់ចាប់តាំងពីចុងខែមីនាមកខណៈចំនួនករណីផ្លូវការនៃជំងឺ COVID-19 មាន ៤២៥០០ករណីនិងអ្នកស្លាប់ប្រហែល ១៤០០នាក់។

ប៉ុន្តែវិធានការនេះក៏បណ្តាលឲ្យមានទុក្ខវេទនាដល់កម្មកររាប់លាននាក់នៅក្នុងវិស័យក្រៅផ្លូវការដ៏ធំរបស់ប្រទេសឥណ្ឌាផងដែរដែលបានបាត់បង់ការងាភ្លាមៗហើយនោះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីបីរបស់អាស៊ីមួយនេះ។

កាលពីថ្ងៃចន្ទ ការិយាល័យមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញមួយភាគបី។ ហាងខ្លះត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញហើយរថយន្តនិងម៉ូតូមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកបរនៅតាមដងផ្លូវ។

ក្រុមមន្រ្តីបានគូររង្វង់ដីសដើម្បីឲ្យអតិថិជនទិញស្រាឈរក្នុងនោះប៉ុន្តែវិធានការគម្លាតសង្គមត្រូវបានបំពាននៅពេលដែលមនុស្សប្រមូលផ្តុំគ្នាតាំងពីព្រឹកព្រលឹម។

លោក Asit Banerjee អាយុ៥៥ឆ្នាំបានប្រាប់ AFP ថា “យើងនៅឯកោអស់រយៈពេលជាងមួយខែមកហើយ”។ លោកបន្តថា “ស្រានឹងផ្តល់ថាមពលដល់យើងដើម្បីរក្សាគម្លាតសង្គមក្នុងពេលមានជំងឺរាតត្បាត”។

នៅក្នុងទីក្រុងដេលីនិងទីក្រុងដទៃទៀត ប៉ូលិសក៏បានប្រើដំបងដើម្បីវាយផងដែរដើម្បីគ្រប់គ្រងហ្វូងមនុស្ស៕ AFP

បុរសម្នាក់កាន់ស្រាបន្ទាប់ពីទិញនៅហាងមួយក្នុងទីក្រុង ញូវដែលី (រូប REUTERS)

ប្រែសម្រួល៖ វណ្ណវណ្ណ