ផឹក​ស្រា​ស្រវឹង​ យក​ពូថៅ​ដេញ​កាប់​ឪពុក​ម្ដាយ ​និង​គំរាម​ដុត​ម៉ូតូ ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

រតនគិរី ​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​កុក ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ យក​ពូថៅ ដេញ​កាប់​ឪពុក​ម្តាយ​ និង​បងប្អូន​ ព្រមទាំង​គំរាម រក​ដុត​បំផ្លាញ​ម៉ូតូ​ឪពុក​របស់​ខ្លួន។

ហេតុការណ៍​នេះ ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ​កុក​ព្រៅ ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឡិ ជិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ព្រៅ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ដោយ​បាន​ដកហូត​វត្ថ​តាង​ពូថៅ​មួយ។

​សមត្ថកិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​ ជនសង្ស័យ ​បាន​ផឹកស្រា​ស្រវឹង​ជោក ហើយ​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ឪពុកម្តាយ ពេលនោះ​ជនសង្ស័យ ​បាន​ស្ទុះ​ទៅយក​ពូថៅ​ដេញ​កាប់​ឪពុកម្តាយ ​និង​បងប្អូន​បង្កើត ​ព្រមទាំង​ទៅ​ទិញ​សាំង​មក​ដុត​បំផ្លិចបំផ្លាញ​ម៉ូតូ​របស់​ឪពុក​ម្តាយ​ចោល​ទៀត​ផង។

បច្ចុប្បន្ន​ ជនសង្ស័យ​ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ ​ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់៕
វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114